ខេត្តបន្ទាយមានជ័យ៖តាមប្រភពព័ត៏មានពីប្រទេសថៃបានឲ្យដឹងថាកាលពីម៉ោងជិត០១រសៀលថ្ងៃទី០២ មេសា ២០១៤ នៅចំណុចបាងខេក្រុងបាងកកមានករណីផ្ទុះដ៍កក្រើកនៅទីតាំងទទួលទិញអេតចាយដ៍ធំមួយធ្វើឲ្យកម្មករខ្មែរ-ថៃ ស្លាប់របួសប្រហែល២០នាក់ ។
ករណីផ្ទុះដ៍កក្រើកនៅក្រុងបាងកកនេះ ដំបូងឡើយគេមិនដឹងថាអ្នករងគ្រោះមានជនជាតិខ្មែរឬអត់នោះទេ ហើយក៍មិនដឹងថាផ្ទុះអ្វីនោះដែរ។ទោះជាយ៉ាងណាតាមព័ត៏មានដែលកោះសន្តិភាពទទួលបាននៅព្រឹកថ្ងៃទី០៣ មេសា ២០១៤នេះ ពីគ្រួសារមួយប្រាប់តាមទូរស័ព្ទថា ការផ្ទុះដ៍កក្រើកនៅកន្លែងមួយក្នុងក្រុងបាងកកនោះ ធាតុពិតសាច់ញាត់របស់គាត់បានស្លាប់៥នាក់ មានក្មេងប្រុសស្រី២នាក់ និង មនុស្សធំ៣នាក់ដោយ៤នាក់ ជាអ្នកភូមិទម្លាប់ឃុំប្រាសាទ ស្រុកព្រះនេត្រ ព្រះខេត្តបន្ទាយមានជ័យ និងម្នាក់ ជាអ្នកភូមិសំបួរ ឃុំ សំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ អ្នកប្រាប់តាមទូរស័ព្ទពីករណីផ្ទុះស្លាប់របួសនៅក្រុងបាងកកនេះ ឈ្មោះយឿន សាន ភេទស្រី អាយុ៤៨ឆ្នាំមានទីលំនៅភូមិទម្លាប់ឃុំប្រាសាទ។ ស្ត្រីខាងលើបន្តថា ជនរងគ្រោះទាំង៥ រួមមាន៖០១.ឈ្មោះមឿត ពក ភេទប្រុសអាយុ២៨ឆ្នាំ ( ជាកូនរបស់គាត់ ) ។ ០២-ឈ្មោះឃឿត នី ភេទប្រុស អាយុ៣០ឆ្នាំ ( ជាក្មួយ ) ។ ០៣-ឈ្មោះ ឆា បារាំង ភេទប្រុស អាយុ២៣ឆ្នាំ ( ជាអ្នកភូមិ ) តែបានប្រពន្ធនិងទៅស្នាក់នៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ០៤-ឈ្មោះ ឡាន់ ឡា ភេទប្រុស អាយុ១០ឆ្នាំ និង ៥-ឈ្មោះឡាន់ ខាច ភេទស្រីអា យុ៧ឆ្នាំ ។ស្ត្រីឈ្មោះយឿន សាន បានបន្តថា មុនពេលកើតហេតុ គាត់បានទូរស័ព្ទទៅសួរសុខទុក្ខកូនប្រុសរបស់គាត់ ហើយក្រោយពីបញ្ចប់ការជួបគ្នាតាមទូរស័ព្ទបានមួយសន្ទុះ គាត់ក៍ទទួលទូរស័ព្ទពីសាច់ញាតិប្រាប់ថា កន្លែងដែលកូន និងសាច់ញាតិគាត់មួយចំនួនធ្វើការនោះ មានករណីផ្ទុះគ្រាប់ដ៍ធំមួយ ខណ:ដែលកូនរបស់គាត់ ត្រូវបានថៅកែអេតចាយនោះ ប្រើឲ្យផ្សាកាត់មើលថាតើជាប្រភេទដែកអ្វីនោះ ស្រាប់តែផ្ទុះកក្រើកបង្កឲ្យកម្មករខ្មែរ-ថៃស្លាប់និងរបួសជាច្រើននាក់តែម្ដង ។ ស្ត្រីខាងលើប្រាប់ថា មុនហេតុការណ៍កើតឡើងមានគ្រាប់ដ៍ធំ០១ត្រូវក្រុកម្មករសំណង់មួយក្រុម ដឹកតាមរថយន្តមកលក់ឲ្យទីតាំងអេតចាយនោះ ដោយគេប្រាប់ថា រកឃើញជម្រៅ៣ម៉ែត្រ ក្នុងពេលជីករណ្ដៅដើម្បីបុកគ្រឹះសំណង់មួយកន្លែង។ គាត់បន្តថា គ្រាប់មួយនោះ ពេលមកដល់ត្រូវគេថ្លឹងមានទម្ងន់២៣០គីឡូក្រាម ហើយពេលថៅកែអេតចាយនោះបញ្ជាឲ្យកូនរបស់គាត់កាត់ ឬ ផ្សាមើលក៍ផ្ទុះកក្រើកតែម្ដង។ គាត់បន្តថាក្នុ ងចំណោមជនរងគ្រោះទាំង៥ សពរកឃើញតែ២នាក់ទេ គឺក្មេងប្រុសស្រីឈ្មោះឡាន់ ឡា និង ឈ្មោះឡាន់ ខាច ហើយពេលនេះ ឪពុកម្ដាយក្មេងទាំង២កំពុងទំនាក់ទំនងយកសពក្មេងៗទាំងនោះត្រឡប់មកស្រុកវិញ។ ជុំវិញព័ត៏មានខាងលើលោក នេត សារី អគ្គ:កុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានប្រាប់តាមទូរស័ព្ទថា ករណីផ្ទុះនោះពិតជាកើតមានមែន កាលពីម្សិលមិញ ប៉ុន្តែលោកថាមិនដឹងថាក្នុងចំណោមជនរងគ្រោះនោះ មានខ្មែរឬក៍អត់នោះទេ ទាំងស្លាប់ទាំងរបួសជាង១០នាក់។ លោកប្រាប់ថា ជាការផ្ទុះគ្រាប់ដែលបន្សល់ពីសង្រ្គាមលោកលើកទី២ ពេលអ្នកស្រុកកាយឃើញ ក៍នាំគ្នាដឹកយកមកលក់ទើបកើតមានបញ្ហា។ ទោះជាយ៉ាងណាលោកប្រាប់ថា ពេលនេះខាងស្ថានទូតខ្មែរយើង កំពុងបញ្ជូនក្រុមការងារចុះទៅស្រាវជ្រាវកន្លែងកើតហេតុហើយ៕
ចែករំលែកព័តមាននេះ