ខេត្តព្រៃវែង៖ សមត្ថកិច្ចចម្រុះរួមមានប៉ូលិសសេដ្ឋកិច្ច មេព្រៃ បានឃាត់ចាប់រថយន្តប្រភេទយីឌុបផ្លូវ៥ដឹកត្រីមួយគ្រឿង ព៌ណស ពាក់ស្លាកលេខតាកែវ 3A 1520 ដែលគេរាយការណ៏មកថា រថយន្តនេះមានលួចបង្កប់ឈើគ្រញូង និង ធ្នង់ ដឹកចេញមកពីខេត្តព្រះវិហារ ។
ហេតុការណ៏ឃាត់ចាប់នេះ បានធ្វើឡើងនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៣ មេសា ២០១៤ នៅចំណុខមុខប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំព្រែកខ្សាយ ( ក ) ស្រុកពាមរ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីប្រជាពលរដ្ឋឃើញហេតុការណ៏ និងសាក្សីឲ្យដឹងថា ក្រោយពីចាប់ភ្លាម គេឃើញមានរថយន្ត Luxus 470 មួយគ្រឿង ព៌ណស ពាក់ស្លាកលេខភ្នំពេញ 2G 3831 បានមកអន្តរាគមន៏និងចរចាជាមួយសមត្ថកិច្ច ក្រោយមកគេឃើញមន្រ្តីជំនាញបានឡើងលើរថយន្តទាញកេសដាក់ត្រីចំនួន២មកពិនិត្យ រួចបាននិយាយ និងធ្វើរបាយការណ៏ថា ពុំមានលួចបង្កប់ឈើគ្រញូង និងធ្នង់នោះទេ ហើយក៏បានដោះលែងរថយន្តខាងលើបើកឆ្ពោះទៅកាន់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងស្រុកព្រះស្តេចបាត់ទៅ ។
យ៉ាងណាក៏ដោយមជ្ឈដ្ឋានប្រជាពលរដ្ឋនិងសាក្សីបានលើកឡើងថា ការត្រួតពិនិត្យរបស់សមត្ថកិច្ចនេះ គ្រាន់តែជាលេស និងធ្វើឲ្យល្អមើល ព្រោះបើតាមប្រភពច្បាស់ការណ៏និងសេចក្តីរាយការណ៏នានារថយន្តនេះពិតជាមានបង្កប់ឈើគ្រញូង និងធ្នង់ ហើយថាបើមិនមានព័តំមានពីខេត្តព្រះវិហារថា រថយន្តនេះលួចបង្កប់ឈើគ្រញូងនិងធ្នង់នោះទេ ទំនងជាសមត្ថកិច្ចចម្រុះខាងលើមិនឃាត់ចាប់នោះដែរ ។
សេចក្តីរាយការណ៏បានបន្តថា ម្ចាស់រថយន្តនេះឈ្មោះ ចិប សុខជា អាយុ៣៦ឆ្នាំ រស់នៅភូមិត្រំាងក្អុក ឃុំកំពង់សិង្ហ ស្រុកព្រះស្តេច ហើយឈ្មោះនេះគ្រាន់តែចេញមុខតែប៉ុណ្ណោះ ចំណែកមេឈ្មួញល្បីល្បាញខាងរកស៊ីឈើប្រណីតប្រភេទគ្រញូង និងធ្នង់ពិតបា្រកដនោះឈ្មោះ ហុង ជ្រា រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរ ស្រុកពាមរ ៕
ចែករំលែកព័តមាននេះ