ខេត្តរតនគិរី ៖ ភ្លៀងកក់ខែ និងខ្យល់កន្ត្រាក់កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ មេសា ២០១៤ បានធ្វើឱ្យលំនៅឋានប្រជាពលរដ្ឋជិត២០ខ្នងនៅភូមិចំនួន២ គឺភូមិបាតាង និងភូមិព្រួក ស្ថិតក្នុងឃុំបាតាង ស្រុកលំបាត់ រងការខូចខាតយ៉ាងដំណំ។
បើតាមលោកកិត ចេម ប្រធានក្រុមប្រឹក្សាឃុំបាតាងបានឱ្យដឹងថា នៅចន្លោះម៉ោង៥ទៅម៉ោង៧យប់ មានភ្លៀងធ្លាក់មិនសូវខ្លាំងប៉ុន្មានទេ តែមានខ្យល់បក់បោកខ្លាំងក្នុងភូមិសាស្ត្រស្រុកលំផាត់ធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នងរលំដួលទាំងស្រុង ឯលំនៅឋានផ្សេងទៀតគ្រាន់តែខ្យល់កួចប៉ើងដំបូលតែប៉ុណ្ណោះ ចំណែកមនុស្ស និងសត្វមិនមានគ្រោះថ្នាក់ទេ។
លោកកិត ចេម បានឱ្យដឹងទៀតថា ទំហំនៃការខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋពិតប្រាកដនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះលោកកំពុងធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្ត។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយសម្រាប់ខេត្តរតនគិរីនៅដើមឆ្នាំ២០១៤ ដែលគ្រោះធម្មជាតិបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋអស់ជាច្រើនខ្នង៕
ចែករំលែកព័តមាននេះ