រាជធានីភ្នំពេញ ៖ បន្ទាប់ពីក្រុមគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោតរបស់គណ បក្សជាប់ឆ្នោតក្នុងរដ្ឋសភា បានផ្អាកការចរចាអស់រយៈពេលជាង២សប្តាហ៍ មកហើយនោះ ពេលនេះកំពុងតែមានការវិវត្តបត់បែនថ្មី តែមិនទាន់លេចចេញជារូបរាងនៅឡើយទេ គឺគណបក្សសង្គ្រោះជាតិ ដែលប្រកាសផ្អាកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ចង់ឱ្យមានជំនួបថ្នាក់ដឹកនាំគណបក្សវិញ សម្រាប់ដោះស្រាយបញ្ហានយោបាយ បន្ទាប់ពីការបោះឆ្នោតកន្លងមក ។
ចំពោះការចង់ឱ្យថ្នាក់ដឹកនាំកំពូលជួបចរចាគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយដោយគណបក្សសង្គ្រោះជាតិ រហូតមកដល់ពេលនេះ គណបក្សទាំងពីរ មិនទាន់បានកំណត់យកថ្ងៃណាមួយជាក់លាក់សម្រាប់ការជួបចរចាគ្នានៅឡើយ ទេ ។ នេះបើតាមការអះអាងរបស់លោក សុន ឆ័យ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមគណៈកម្មការចម្រុះកែទម្រង់ស្ថាប័នបោះឆ្នោត មានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីថ្ងៃទី២ មេសា ។ លោក សុន ឆ័យ មានប្រសាសន៍យ៉ាងប្រុងប្រយ័ត្នថា លោកមិនដឹងទេ ចំពោះជំនួបថ្នាក់ដឹកនាំកំពូលនៅថ្ងៃណាមួយនោះ គឺមានតែថ្នាក់ដឹកនាំជាអ្នកកំណត់ថា ជួបចរចាពេលណា ។
ប៉ុន្តែបើតាមការអះអាងរបស់លោក សុន ឆ័យ ដែលត្រូវបានគេហទំព័រក្នុងស្រុកដកស្រង់មកចុះផ្សាយកាលពីពេលថ្មីៗនេះថា លោកយល់ស្របថា នឹងអាចមានជំនួបថ្នាក់ដឹកនាំកំពូលរវាងគណបក្សជាប់ឆ្នោតទាំងពីរ នាពេលឆាប់ៗនេះ ។ ក្រុមការងារកំពុងរៀបចំឯកសារ ដើម្បីឈានដល់កិច្ចព្រមព្រៀងសម្រាប់ជំនួបចរចាថ្នាក់ដឹកនាំកំពូលទាំងពីរគណបក្សនោះហើយ ។ លោក សុន ឆ័យ លើកឡើងទៀតថា «ខ្ញុំថា វានឹងអាចមាន ប៉ុន្តែយើងមិនទាន់ដឹងថា តើកើតឡើងនៅពេលណា ហើយមានការស្រុះស្រួលគ្នាអ្វីខ្លះនៅឡើយ ។ វាជាការងារមួយដែលគណបក្សនយោបាយទាំងពីរកំពុងតែពិនិត្យលទ្ធភាពស្រុះស្រួលគ្នា តែខ្ញុំមិនដឹងថា មានការស្រុះស្រួលគ្នាអ្វីខ្លះ ដែលអាចជាសេចក្តីយកទៅចែងនៅក្នុងកិច្ចព្រមព្រៀង នៅពេលដែលមានការជួបក្នុងជំនួបកំពូលនៃថ្នាក់ដឹកនាំគណបក្សទាំងពីរ នោះ» ។
ចំពោះការលើកឡើងរបស់លោក សុន ឆ័យ គឺស្របពេលនឹងការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកខាងចរចាជាមួយគណបក្សសង្គ្រោះជាតិ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅមន្ទីររដ្ឋសភា កាលពីព្រឹកថ្ងៃទី១ មេសា គឺមុនរូបលោកចូលប្រជុំសភាលើកទី២ នីតិកាលទី៥ ថា ក្រុមការងារគណបក្សទាំងពីរ កំពុងរៀបចំកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។ ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលរវាងមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ ដែលមិនទាន់កំណត់ថ្ងៃណានោះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងខ្លីថា «យើងបានកំណត់ថា យើងត្រូវដើរទៅមុខ ឯអ្នកដទៃ (សំដៅលើគណបក្សសង្គ្រោះជាតិ) ម្តងគេដើរទៅមុខ ម្តងគេដើរថយក្រោយ ។ អុីចឹង អ្នកដែលត្រូវសួរ អស់លោកទៅសួរអ្នកដទៃ មិនមែនសួរខ្ញុំទេ» ។
គួររំលឹកថា កិច្ចចរចារវាងគណៈកម្មការចម្រុះសម្រាប់កែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានសមាសភាពម្ខាងៗចំនួន៦រូប បានជាប់គាំងក្នុងកិច្ចប្រជុំចរចា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០១៤ ។ ការជាប់គាំងនេះ ដោយសារតែគណបក្សសង្គ្រោះជាតិ ចង់ឱ្យស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅជាស្ថាប័នធម្មនុញ្ញ និងសមាជិកគណៈកម្មការទាំងនោះ ត្រូវមានការបោះឆ្នោតដោយសំឡេង២ភាគ៣ នៃចំនួនសមាជិកសភា របស់គណបក្សនយោបាយ ដែលជាប់ឆ្នោតក្នុងនីតិកាលទី៥ ។ ទោះជាយ៉ាងណាក្តី ការទាមទាររបស់គណបក្សសង្គ្រោះជាតិ គឺប្រៀបដូចជាការបិទផ្លូវបញ្ឈប់ការចរចា ព្រោះថា ការទាមទារនេះ ជាចំណុចមួយដែលគណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបាន និងជាចំណុចដែលសំខាន់ ។
ក្រុមអ្នកវិភាគនយោបាយ បានលើកឡើងថា ប្រសិនបើគណបក្សនយោបាយដែលជាប់ឆ្នោតអាណត្តិទី៥នេះ នៅតែប្រកាន់ជំហរមិនចង់ដោះស្រាយបញ្ហាទេ បញ្ហានយោបាយដែលកំពុងជាប់គាំងនេះ នឹងមិនអាចដោះស្រាយរួចឡើយ ហើយបញ្ហានឹងធ្លាក់ទៅលើសង្គមជាតិ ។ រីឯគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត នឹងធ្វើដំណើរទៅមុខរហូតចប់អាណត្តិ ៕
ចែករំលែកព័តមាននេះ