រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ មេសា លោក អាត់ ធន់ ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា ស៊ីខៅឌូ និងអ្នកដឹកនាំ២នាក់ទៀត បានចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះឱ្យចូលខ្លួន ដើម្បីបំភ្លឺទាក់ទងនឹងបណ្តឹងរបស់កម្មករដែលប្តឹងចោទថា អស់លោកទាំងនេះបានកិបកេងប្រាក់កម្មកររាប់មុឺនដុល្លារ ។ អ្នកដឹកនាំសហជីព២នាក់ទៀតនោះ ម្នាក់ឈ្មោះ គង់ អាទិត្យ និងម្នាក់ទៀតឈ្មោះ សុខ ភក្តី ។
ចុងបណ្តឹងទាំង៣នាក់ ត្រូវបានលោក ឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូង សាកសួរតាំងពីម៉ោង៨និង៣០នាទីព្រឹក រហូតដល់ម៉ោង១និង៣០នាទីរសៀល ដោយមិនឈប់សម្រាកទេ ក្នុងនោះក៏មានការចូលរួមតាមដានស្តាប់ពីសំណាក់លោកមេធាវី គីម សុជាតិ ជាមេធាវីការពារក្តីផងដែរ ។ ក្រោយពីតំណាងអយ្យការសាកសួរអស់រយៈពេលជាច្រើនម៉ោង លោក អាត់ ធន់ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ ថា មកដល់ពេលនេះយើងបានឆ្លើយបញ្ជាក់ជូនលោកព្រះរាជអាជ្ញារងអស់ហើយ ។
លោក អាត់ ធន់ បានបន្តថា ការចោទប្រកាន់របស់កម្មករដូចជាមានចេតនាចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់យើងប៉ុណ្ណោះឯង គឺមានអ្នកនៅពីក្រោយខ្នង ព្រោះថាបើតាមពាក្យបណ្តឹងនោះដូចជាគ្មានអ្វីពាក់ព័ន្ធនឹងលោកឡើយ ។ យើងមានការសោកស្តាយមែនទែន ចំពោះកម្មករ-និយោជិត ព្រោះប្រវត្តិសាស្ត្រស្រុកខ្មែរ គ្មានសហជីពណាដែលជួយកម្មករឱ្យបានលុយហើយ បានចូលធ្វើការ បើកលុយលើសហើយ បែរជាមកប្តឹងយើងវិញនោះទេ ។
លោក អាត់ ធន់ បានទម្លាក់កំហុសនេះទៅលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ថាជាអ្នកញុះញង់កម្មករឱ្យប្តឹងថ្នាក់ដឹកនាំ ដើម្បីបង្ខូចកិត្តិយសប៉ុណ្ណោះ ។ លោក អាត់ ធន់ បានសំណូមពរទៅសាលាដំបូងឱ្យទម្លាក់ចោលការចោទប្រកាន់នេះ ហើយលោកនឹងប្តឹងបកទៅលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន វិញ ។
មេដឹកនាំសហជីពដែលត្រូវបានប្តឹងនេះ គឺត្រូវបានចោទពីបទគៃបំបាត់ប្រាក់រំលឹកជាង៩ម៉ឺនដុល្លារអាមេរិករបស់កម្មកររោងចក្រអុីហ្គាមេន ស្ថិតនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ នៅក្នុងពាក្យបណ្តឹងបានចោទថា នៅឆ្នាំ២០០៧ និងឆ្នាំ២០០៨ ក្រុមហ៊ុនកាត់ដេរ (រោងចក្រអុីហ្គាមេន) បានបញ្ឈប់កម្មករជាសមាជិកសហជីពស៊ីខៅឌូ ជាបន្តបន្ទាប់សរុប៦១នាក់ ។ បន្ទាប់ពីមានការចរចាជាមួយសហជីព ក្រុមហ៊ុនបានយល់ព្រមទទួលកម្មករទាំង៦១នាក់ឱ្យចូលធ្វើការវិញ និងបើកប្រាក់រំលឹកពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការ ដោយផ្តល់ជូនក្នុងអត្រាជាមធ្យម៩៣ដុល្លារក្នុងមួយខែសម្រាប់ម្នាក់ៗ ។ បុ៉ន្តែនៅពេលអនុវត្តកិច្ចព្រមព្រៀង ក្រុមហ៊ុនទទួលយកកម្មករឱ្យធ្វើការវិញចំនួន២៨នាក់បុ៉ណ្ណោះ ចំណែកកម្មករនៅសល់៣៣នាក់មិនត្រូវបានអនុញ្ញាតឱ្យធ្វើការវិញទេ ។ ចំពោះប្រាក់រំលឹក គឺក្រុមហុនបានផ្ទេរឱ្យសហជីពបើកជូនកម្មករទាំង៦១នាក់ ។
បន្ទាប់ពីទទួលបានប្រាក់រំលឹកពីក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីពទាំង៣នាក់ខាងលើ (១-លោកអាត់ ធន់ ២-លោកគង់ អាទិត្យ ៣-លោកឯក សុភក្តី) បានផ្តល់ប្រាក់ជូនកម្មករជាកញ្ចប់ដោយក្នុងម្នាក់ៗទទួលបាន៤១៨ដុល្លារ និងបើកប្រចាំខែចំនួន៨៣ដុល្លារក្នុងមួយខែជាប្រាក់ខែសម្រាប់ពួកគាត់ ដែលបានចុះចងក្រងសហជីព ។ ប្រាក់ខែនេះពួកគាត់ទទួលបានតែ៣ខែទៅ៥ខែបុ៉ណ្ណោះ ។ ក្នុងបណ្តឹងកាលពីថ្ងៃទី៣ មីនា បង្ហាញពីការបាត់បង់ប្រាក់រំលឹកសរុប៣៩.៥០៥ដុល្លារ បើធៀបទៅនឹងប្រាក់ដែលក្រុមហ៊ុនបានប្រគល់ឱ្យសហជីព ។ ផ្អែកតាមកិច្ចព្រមព្រៀងឆ្នាំ២០១៣ ពួកគាត់ត្រូវទទួលបានចំនួនជិត៣ពាន់ដុល្លារទៅជាង៤ពាន់ដុល្លារ បុ៉ន្តែលើកទី១ ដែលទទួលបានគឺចន្លោះពី១.២៥០ដុល្លារទៅ២.៧០០ដុល្លារ ដោយថ្នាក់ដឹកនាំទាំងបីអះអាងថា ចំនួនទឹកប្រាក់ដែលពួកគាត់ទទួលមានតែបុ៉ណ្ណឹង ។ ជាមួយគ្នានោះ ហាមមិនឱ្យពួកគាត់ប្រាប់ទៅភាគីទី៣ ឬធ្វើការប្តឹងប្តល់ទាមទារអ្វីលើសពីនោះឡើយ បើពួកគាត់ហ៊ានដាក់ពាក្យប្តឹង ពួកគេនឹងប្តឹងតបមកវិញ ។
ដោយមិនអស់ចិត្តក្នុងរឿងនេះ ពួកគាត់បានទៅសាកសួរលោកអ៊ុំ វិសាល និងអ្នកស្រីរឿន ចាន់ថន ដែលជាថ្នាក់ដឹកនាំសហជីពស៊ីខៅឌូដែរ ទើបពួកគាត់ដឹងថា ថ្នាក់ដឹកនាំសហជីពទាំងបីនាក់បានគៃបំបាត់ប្រាក់រំលឹកពួកគាត់យ៉ាងច្រើន។ គេមិនទាន់ដឹងថា ការប្តឹងប្តល់គ្នានេះនឹងមានលទ្ធផលបែបណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ