ខេត្តកំពង់ស្ពឺ ៖ បុរសជាអ្នកបើកបររថយន្តឈ្នួលម្នាក់ ប្រហែលជាយីអ៊ុនដាក់ហើយមើលទៅ បានជាជួបរឿងស៊យម្ដងហើយម្ដងទៀតក្នុងពេលតែមួយ ដោយសារតែពេលបើកបររថយន្តទៅដល់ផ្លូវស្ងាត់ក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្រាប់តែរថយន្តបែកកង់ក្រោយមិនអាចបន្តដំណើរទៅមុខទៀតបាន ។ ចំណែកនៅក្នុងរថយន្តគ្មានដូយនិងសោដោះខ្ចៅខ្ចងសម្រាប់ដោះដូរកង់ក្រោយឡើយ រីឯកង់សឺគួរក៏ធ្លាយគ្មានខ្យល់ទៀត ធ្វើឲ្យគាត់ជួបការលំបាកយ៉ាងខ្លាំង មិនដឹងថា ត្រូវដោះស្រាយបែបណា ព្រោះអ្វីៗវាចប់ត្រឹមផ្លូវជនបទស្ងាត់ទៀត ។
លុះក្រោយមក ប្រទះឃើញមានរថយន្ត១គ្រឿងជិះគ្នា៣នាក់ទៅដល់ធ្វើឱ្យគាត់ត្រេកអរណាស់ ក៏ពឹងសុំខ្ចីដូយនិងសោដោះដូរកង់រថយន្ត ។ ប៉ុន្តែមិននឹកស្មានថា ជួបរឿងស៊យ១ជាន់ទៀតសោះ គឺគាត់ពឹងពាក់ចំមុខសញ្ញាចោរ ដោយមិនបានដឹងខ្លួន ហើយត្រូវជនសង្ស័យ៣នាក់នោះលួចយកទូរស័ព្ទ១គ្រឿងរួចគេចខ្លួនបាត់។ ប៉ុន្តែក្រោយមក ជនសង្ស័យខាងលើ ក៏ត្រូវនគរបាលស្រុកអង្គស្នួលខេត្តកណ្ដាលចាប់បាន ហើយនគរបាលស្រុកអង្គស្នួលដដែល ក៏ជាអ្នកកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទាំងនោះទៅតុលាការចាត់ការតាមច្បាប់ បើទោះបីជាកន្លែងកើតហេតុស្ថិតនៅក្នុងខេត្តកំពង់ស្ពឺក៏ដោយ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកញ្ញា នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បន្ទាប់មក កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល រួមជាមួយនគរបាលប៉ុស្តិ៍មួយចំនួនទៀត ស្ទាក់ចាប់បានខណៈក្រុមជនសង្ស័យបើករថយន្ត១គ្រឿងគេចខ្លួនមកដល់ភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្កណ្តាល ។
មន្ត្រីនគរបាលឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះមាន ៖
១-ឈ្មោះ ប៉ុល បូរិន អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ជាមេខ្លោងក្នុងសកម្មភាពចោរកម្មនិងជួញដូរគ្រឿងញៀន ។ មិនតែប៉ុណ្ណោះ ជននេះក៏ធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលចំនួន២លើកហើយដែរ ពីបទជួញដូរសារធាតុញៀន១លើក និងពីបទលួចមានស្ថានទម្ងន់១លើក ។ ២-ឈ្មោះ វ៉ុន គារ៉ាន អាយុ១៧ឆ្នាំ មានទីលនៅភូមិប្រ«ម» ឃុំព្រៃពួច ស្រុកអង្គស្នួល និង៣-ឈ្មោះ ឈាង ម៉េងហុក អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ ពីបទប្រើប្រាស់សារធាតុញៀននៅក្នុងឆ្នាំ២០១៦ ។
ក្រោយពេលចាប់ខ្លួន នគរបាលបានដកហូតកាបូបដៃនិងកាបូបស្ពាយចំនួន១៣ ទូរស័ព្ទខូច ចំនួន១០គ្រឿងដុំ4Gខូច១គ្រឿង មួកចំនួន១៩ និងរថយន្ត១គ្រឿងម៉ាកហុងដា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AF-៨៣០៥ ។ដោយឡែក បុរសរងគ្រោះឈ្មោះ ហូយ តាក់ អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិតាង៉ូវ ឃុំទឹ ល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយទូរស័ព្ទដែលត្រូវជនសង្ស័យលួចនោះម៉ាកវីវ៉ូ ត្រូវនគរបាលដកហូតពីជនសង្ស័យនិងប្រគល់ជូនម្ចាស់វិញហើយ ។ តាមការរៀបរាប់របស់ម្ចាស់រថយន្តយីអ៊ុនដាក់នេះថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកសាំយ៉ុងទៅដល់មុខភូមិកែវឧត្តមស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្រាប់តែជួបរឿងស៊យដោយរថយន្តបែកកង់ក្រោយមិនអាចបន្តដំណើរទៅមុខបានឡើយ ។
ពេលនោះនៅក្នុងរថយន្តគ្មានអ្វីទាំងអស់ ទាំងសោ ទាំងដូយសម្រាប់ដោះដូរកង់ ទើបឈប់នៅទីនោះផ្សងតាមយថាកម្ម ។ លុះ ក្រោយមក ឃើញក្រុមជនសង្ស័យបើករថយន្តម៉ាកហុងដាទៅដល់ គាត់បានបោយដៃស្រែកហៅឲ្យឈប់ដើម្បីខ្ចីកូនសោនិងដែកដូយដើម្បីដោះដូរកង់ ។ ប្រភពដដែលបន្តថា ខណៈនោះជនសង្ស័យបានឈប់ឲ្យខ្ចីដូយនិងកូនសោ ហើយគាត់ដូយដោះកង់បណ្តើរនិងនិយាយលេងជាមួយជន
សង្ស័យបណ្តើរព្រមទាំងសួរថា «អញ្ជើញទៅណាដែរ?» ឯជនសង្ស័យឆ្លើយថា«បើកឡានដើរល្បាត» ។ លុះពេលដោះកង់ដែលបែករួចយកកង់សឺគួរមកដាក់ គឺកង់នោះធូរទៀត ទើបពឹងជនសង្ស័យឲ្យជួយដឹកកង់យកទៅសប់នៅកន្លែងប៉ះកង់រថយន្តក្បែរនោះ ។
ក្រោយពេលសប់កង់រួច គាត់បានឲ្យទូរស័ព្ទរបស់ខ្លួនទៅជនសង្ស័យឈ្មោះ វ៉ុន គារ៉ាន ចុចបើកភ្លើងបំភ្លឺមើល ស្រាប់តែជននេះយកទូរស័ព្ទរត់ឡើងជិះរថយន្តគេចខ្លួនបាត់ទៅ ។ បុរសរូបនេះរៀបរាប់ទៀតថា បន្ទាប់ពីជួបរឿងស៊យបែបនេះ គាត់បានទៅប្ដឹងនគរបាលប្រចាំបញ្ជាអគ្គស្នងការស្ឋាននគរបាលជាតិ ទើបខាងនគរបាលប្រចាំបញ្ជាផ្ដល់ព័ត៌មានឲ្យនគរបាលស្រុកអង្គស្នួលជួយពួនស្ទាក់ ហើយនគរបាលព្រហ្ម ទណ្ឌស្រុកអង្គស្នួលនិងនគរបាលប៉ុស្តិ៍នានាកំពុងល្បាតស្រាប់ ក៏តាមចាប់ខ្លួនខណៈក្រុមជនសង្ស័យបើករថយន្តរត់គេចខ្លួនដល់ភូមិប្រ«ម» ។ ក្រោយពេលចាប់ខ្លួនបាន ជនសង្ស័យឈ្មោះ វ៉ុន គារ៉ាន សារភាពថា ខ្លួនជាអ្នកយកទូរស័ព្ទពីជនរងគ្រោះរត់ឡើងរថយន្ត ហើយប្រគល់ទៅឲ្យឈ្មោះ ប៉ុល បូរិន ហៅ ហុីង ជាអ្នកទុក។
កន្លងមក ខ្លួនធ្លាប់ដើរលួចពេលយប់ជាមួយ ឈ្មោះ ប៉ុល បូរិន ដោយលួចដូយរថយន្តកុងតឺន័រ ដែលឈប់នៅតាមផ្លូវជាតិលេខ៤បាន១ ហើយខ្លួនក៏ធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ប៉ុល បូរិន ហៅហុីង នេះយកទៅប្រើប្រាស់ដែរ។ ចំណែកឈ្មោះ ឈាង ម៉េងហុក សារភាពថា ខ្លួនទើបតែទៅជាមួយឈ្មោះ ប៉ុល បូរិនហៅ ហុីង នេះលើកដំបូងប៉ុណ្ណោះ ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺម្ដងពីបទប្រើប្រាស់សារធាតុញៀននៅក្នុងឆ្នាំ២០១៦ ។ ដោយឡែក មេខ្លោងឈ្មោះ ប៉ុល បូរិន ហៅហុីង ជាមុខសញ្ញាចោរកម្មលួចមិនរើសមុខ និងជួញដូរគ្រឿងញៀន ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២លើក គឺពីបទជួញដូរសារធាតុញៀន១លើក និងពីបទលួចមានស្ថានទម្ងន់១លើក ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ