ខេត្តបន្ទាយមានជ័យ៖ ភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្រ្តាក់ចាប់តំាងពីរសៀលរហូតដល់យប់ថ្ងៃទី០១ មេសា ២០១៤ បានបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋសរុប២៥២ខ្នងផ្ទះ ក្នុងនោះរលំទំាងស្រុង៣៦ខ្នងផ្ទះ នៅក្នុងស្រុក-ក្រុងចំនួន៣ គឺស្រុកមង្គលបូរី ម៉ាឡៃ និង ក្រុងប៉ោយប៉ែត ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីមន្រ្តីអាជ្ញាធរបញ្ជាក់ឲ្យដឹងទៀតថា លំនៅដ្ឋានទំាង២៥២ខ្នង ដែលរងការខូចខាតបណ្តាលមកពីបាតុភូតធម្មជាតិខាងលើ ក្នុងនោះក្រុងប៉ោយប៉ែតប៉ះពាល់ធ្ងន់ធ្ងរជាងគេដែលមានរហូតដល់២១៩ខ្នងផ្ទះ (រលំទំាងស្រុង២៨ខ្នង) ក្នុងស្រុកមង្គលបូរីចំនួន២៤ ខ្នងផ្ទះ (រលំទំាងស្រុង ៤ខ្នង) រន្ទះបាញ់ងាប់គោ០១ក្បាល ខូចខាតម៉ូតូ០៣គ្រឿង និង ស្រុកម៉ាឡៃចំនួន៩ខ្នងផ្ទះ ( រលំទំាងស្រុង៤ខ្នង) ។
ក្រៅពីការខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋខាងលើ ក៏មានអង់តែនវិទ្យុFM៩៨.៣ បានរលំបាក់សង្កាត់ផ្ទះប្រជាពលរដ្ឋ២ខ្នង និងស្រ្តីចំណាស់ម្នាក់នៅក្រុងប៉ោយប៉ែតរងរបួសក្បាលស្រាល ដោយសារសង្ក័សីហើរប៉ះ។
សេចក្តីរាយការណ៏បានបន្តថា នៅព្រឹកថ្ងៃទី០២ មេសា ២០១៤នេះ អាជ្ញាធរក្រុងប៉ោយប៉ែត និងសាខាកាកបាទក្រហមខេត្ត បាននំាយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះជាង៤០គ្រួសារនៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ដោយក្នុងមួយគ្រួសារៗទទួលបានមី១កេស និង តង់មួយ ។
ជាមួយគ្នានេះដែរ មន្រ្តីអាជ្ញាធរក៏បានធ្វើការអំពាវនាវដល់សប្បុរសជននានាផ្តល់ជំនួយដល់ប្រជាពលរដ្ឋរងគ្រោះខាងលើនោះផងដែរ ៕
ចែករំលែកព័តមាននេះ