ការសិក្សាមួយរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ពពួកឱសថបញ្ចុះខ្លាញ់កូឡេស្តេរ៉ូល(Cholesterol)ដែលគេស្គាល់ឈ្មោះថា ជា Statinsអាចជាមេមូលហេតុនាំឱ្យកើតមានជំងឺទឹកនោមផ្អែមលើស្ត្រីវ័យកណ្តាលនិងវ័យចំណាស់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ដោយសារតែផលប្រយោជន៍របស់វាជួយកាត់បន្ថយការគាំងបេះដូង ដូច្នេះមនុស្សជាច្រើននៅតែប្រថុយប្រើប្រាស់។
ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Annals of Internal Medicineបានរកឃើញថា ក្នុងចំណោមស្ត្រីដែលស្ម័គ្រពិសោធន៍ ១៥ម៉ឺននាក់អាយុពី៥០ដល់៧០ឆ្នាំ អ្នកដែលបាននិយាយថាខ្លួនធ្លាប់ប្រើប្រាស់ឱសថ Statinប្រភេទណាមួយនៅពេលចាប់ផ្តើមនៃការសិក្សាដែលមានរយៈពេល៧ឆ្នាំនោះគឺមានចំនួនជិត៥០ភាគរយកើតជំងឺទឹកនោមផ្អែមធៀបជាមួយអ្នកដែលមិនបានប្រើ ។
សាស្ត្រាចា្យ Yunsheng Ma របស់សាកលវិទ្យាល័យ University of Massachusetts Medical School នៅ Worcester សហរដ្ឋអាមេរិកបានសរសេរនៅក្នុងព្រឹត្តិប័ត្រថា៖«បណ្តាស្ត្រីអស់រដូវដែលប្រើប្រភេទឱសថ Statinធ្វើឱ្យអត្រាគ្រោះថ្នាក់ដោយជំងឺទឹកនោមផ្អែមកើនឡើងទ្វេដង»។
ចំពោះបុរសវិញ តាមលទ្ធផលនៃការសិក្សាពីលើកមុនបានបង្ហាញថា អ្នកដែលប្រើប្រាស់ឱសថប្រភេទខាងលើ អត្រាកើតជំងឺទឹកនោមផ្អែមមានតិចជាងស្ត្រីគឺពី១០ទៅ១២ភាគរយប៉ុណ្ណោះ ។
កម្រិតខ្លាញ់កូឡេស្តេរ៉ូលខ្ពស់គឺជាមូលហេតុដែលធ្វើឱ្យបណ្តាស្ត្រីលេបពពួកថ្នាំ Statin ហើយដែលប្រការនេះគឺជាដំណើរចាប់ផ្តើមវាយលុកពីសំណាក់ជំងឺទឹកនោមផ្អែម ។
លោក Naveed Sattar អ្នកស្រាវជ្រាវជំងឺទឹកនោមផ្អែមរបស់សាកលវិទ្យាល័យUniversity of Glasgow បានបញ្ជាក់ថា មកដល់ពេលនេះគេមិនទាន់រកឃើញមូលហេតុពិតប្រាកដយ៉ាងណានោះទេជុំវិញផលប៉ះពាល់នេះ ។ តែលោកបានបន្ថែមថា អនុភាពរបស់ពពួកឱសថ Statinទៅលើសាចដុំនិងថ្លើម អាចធ្វើឱ្យរាងកាយផលិតស្ករច្រើនជាងពេលធម្មតាបន្តិចបន្តួច និងម្យ៉ាងទៀតធ្វើឱ្យអ្នកប្រើវាអាចហាត់ប្រាណបានតិចជាងពេលធម្មតា ។ ជំងឺទឹកនោមផ្អែមគឺជាឃាតកលាក់មុខលំដាប់ទី៥ក្នុងលោកដែលសម្លាប់មនុស្សមិនរើសមុខ ។
នៅប្រទេសអូស្ត្រាលីវិញ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា បណ្តាជនអូស្ត្រាលីទាំងឡាយដែលកំពុងតែប្រើប្រាស់ថ្នាំបញ្ចុះខ្លាញ់កូឡេស្តេរ៉ូលត្រូវបានផ្តល់ដំបូន្មានឱ្យឈប់ប្រើប្រាស់ថ្នាំខាងលើខណៈភស្តុតាងនៃការសិក្សាទាំងឡាយបានបង្ហាញថា ពពួកថ្នាំទាំងនេះអាចបង្កើនអត្រាប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមព្រមទាំងជំងឺវិកលចរិត ។
បណ្តាជនអូស្ត្រាលីប្រមាណជា២លាននាក់ ត្រូវបានគេគិតថាកំពុងតែប្រើថ្នាំបញ្ចុះកូឡេស្តេរ៉ូលឈ្មោះ Statinsដើម្បីកាត់បន្ថយអត្រាប្រឈមនឹងជំងឺបេះដូង ។ អូស្ត្រាលីគឺជាប្រទេសមួយក្នុងលោកដែលមានអត្រាអ្នកប្រើប្រាស់ថ្នាំ Statinខ្ពស់ជាងគេបំផុត ហើយបើតាមរបាយការណ៍ថា បណ្តាជនដែលមិនមានការប្រឈមនឹងគ្រោះថ្នាក់ដោយជំងឺបេះដូងកំពុងពិចារណាប្រើប្រាស់វាផងដែរ ៕
ចែករំលែកព័តមាននេះ