ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្នែក​ក្តៅ​ដល់​ទេវតា​…​លោកតា​ត្រូវ​បាន​​ដោះ​លែង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ទីបំផុត​ ភាព​រំលោភ​បំពានលើ​ពលរដ្ឋ​តូចតាច​បាន​ក្តៅ​ដល់​ទេវតា​ពិតមែន ។ នោះ​គឺ​លោកតា​ដែល​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​មុន​នេះ ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ដោយ «​កោះ​សន្តិភាព​» ជុំវិញ​ការ​ចាប់ខ្លួន​លោកតា​ជរា​ដ៏​ក្រីក្រ​ម្នាក់ ។…

ខេត្ត​ប៉ៃលិន ៖ ទីបំផុត​ ភាព​រំលោភ​បំពានលើ​ពលរដ្ឋ​តូចតាច​បាន​ក្តៅ​ដល់​ទេវតា​ពិតមែន ។ នោះ​គឺ​លោកតា​ដែល​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​មុន​នេះ ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ដោយ «​កោះ​សន្តិភាព​» ជុំវិញ​ការ​ចាប់ខ្លួន​លោកតា​ជរា​ដ៏​ក្រីក្រ​ម្នាក់ ។

នៅ​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា លោក​ជំទាវ បាន ស្រី​មុំ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន រួម​ដំណើរ​ដោយ​លោក​អភិបាលខេត្ត ប្រធាន​តុលាការ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​នាំ​យក​ថវិកា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ចំនួន​២០​លាន​រៀល ផ្តល់​ជូន​លោកយាយ ហាង ចាន់ អាយុ​៧៣​ឆ្នាំ និង​លោកតា មឿង សែ​ម អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​មុន​នេះ​លោកតា​បាន​រង​ការ​ចោទ​ប្រកាន់​ថា ទិញ​ឈើ​ខុសច្បាប់ ហើយ​ត្រូវ​នគរបាល​ស្រុក​សាលា​ក្រៅ​ដែល​មិនសូវ​មានការ​ងារ​ធ្វើ​សង្ស័យ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​និង​បាន​ឃុំខ្លួន​ភ្លាម​ៗ​ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​ពេក​ក្រៃ ។

ថ្លែង​ក្នុង​ពេល​ជួប​សំ​ណោះ​សំ​ណា​ល​និង​នាំ​ថវិកា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​ដៃ​លោកតា​ដែល​ត្រូវ​បាន​ដោះ​លែង​វិញ និង​លោកយាយ​ដែល​ស្រែកយំ​មុន​នេះ លោក​ជំទាវ បាន ស្រី​មុំ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​លោកតា​លោកយាយ​ដោយ​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប គ្រប់​កាលៈទេសៈ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ មិន​បាន​ទទួល​ការ​ជួយ​សង្គ្រោះ​ពី​រាជរដ្ឋាភិបាល និង​ពី​អាជ្ញាធរ​ឡើយ ។

ជាមួយ​គ្នា​នេះ ​លោក​ជំទាវ​ក៏​បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​ចាស់ជរា​នេះ សូមកុំ​ទិញ​ឈើ ដែល​មិន​មានច្បាប់​អនុ ញ្ញាត ព្រោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ៗ ហើយ​សូម​ឲ្យ​លោកយាយ លោកតា​យក​ថវិកា​របស់​សម្តេច​ដែល​ផ្តល់​ជូន​ទៅ​សាងសង់​ផ្ទះ​រស់នៅ​សមរម្យ និង​ទិញ​គ្រែ​ដែល​ជា​បំណងប្រាថ្នា​របស់​លោកយាយ លោកតា​ជា​យូរ​មក​ហើយ​ផង​ដែរ ។

គួរ​កត់​សម្គាល់ថា កាលពី​ថ្ងៃ​ទី​១៥ កញ្ញា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​បង្ក្រាប​ករណី​អារ​.​ឈើ​ដោយ​ខុសច្បាប់​១​ករណី​នៅ​ចំណុច​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ដែល​ក្នុង​នោះ​ក៏​មាន​លោកតា មឿ​ន សែន អាយុ​៧៦​ឆ្នាំ មុខរបរ​ជា​កសិករ​ម្នាក់​ផង​ដែរ ។

តែបើ​តាម​លោកយាយ​ឈ្មោះ ហាង ចាន់ ត្រូវជា​ប្រពន្ធ បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​ហូរ​រហាម​ថា​៖ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ មាន​ប៉ូលិស​១​ក្រុម បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​គាត់ ហើយ​ចោទប្រកាន់​ថា ពួក​គាត់​អារ​.​ឈើ​ស្តុក​ទុក​ខុសច្បាប់ តែ​គាត់​ប្រាប់​ថា ពួក​គាត់​មិន​ធ្លាប់​រកស៊ី​អារ​.​ឈើ​លក់​អ្វី​នោះ​ទេ ដោយ​ធ្វើ​តែ​ចម្ការ ដាំ​ម្ទេស ដាំ​ត្រប់ បេះ​លក់​រាល់ថ្ងៃ និង​ដាំ​ស្រូវ​បន្តិចបន្តួច​ដើម្បី​លក់​ផ្គត់ផ្គង់​ជីវិត​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ។

ចំណែក​ឈើ​បេង​ប្រហោង​ក្នុង​ឬ​ឈើ​ស្អុយ​ក្រ​ងេ​ង​ក្រង​ង់​នេះ​គាត់​បាន​ទិញ​ពី​ម្ចាស់​ចម្ការ​នៅ​ក្នុងភូមិ​ជា
មួយ​គ្នា​យក​មក​ដើម្បី​ធ្វើ​គ្រែ ដេក ។ ប៉ុន្តែ​នគរបាល​ទាំងនោះ​មិន​ស្តាប់​ការ​រៀបរាប់​របស់​គាត់​ឡើយ ព្រម ទាំង​យកប្តី​គាត់​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ និង​ធ្វើ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ទៀត ហើយ​មិនដឹង​ថា​សំណុំរឿង​នោះ​គេ​ធ្វើ​ដោយ​បែប​ណា​បែរជា​តុលាការ​ចេញ​ដីកា​ឃុំ​លោកតា​ជា​ប្តី​ដែល​មាន​អាយុ​៧៦​ឆ្នាំ​ក្នុង​ពន្ធនាគារ ។

ប៉ុន្តែ​ជា​ភ័ព្វសំណាង​រហូត​មក​ដល់​ថ្ងៃ​ទី​១៨ កញ្ញា លោកតា ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ។ ចំណែក​វត្ថុ​តាង​ឈើ​ប្រភេទ​បេង ដែល​នគរបាល​រិ​ប​អួ​ស​ក៏​ត្រូវ​បាន​ប្រគល់​ជូន​លោកតា​វិញ​ដែរ បន្ទាប់​ពី​ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​គេហទំព័រ និង​សារព័ត៌មាន​«​កោះសន្តិភាព​» នោះ​គឺ​ការ​សណ្តោស​ប្រណី​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​«​ទេវតា​»​បាន​ធ្វើ​អន្តរាគមន៍​ជួយ​ជូត​ទឹកភ្នែក​ឱ្យ​លោកយាយ​បាន​ជួប​លោកតា​វិញ ។

នេះ​ជា​ក្តី​ករុណា​មួយ​គួរ​ឱ្យ​គោរព​បំផុត​សម្រាប់​ពលរដ្ឋ​តូចតាច​ដែល​គ្មាន​អ្វី​ជាទី​ពឹង​តែងតែ​អំពាវនាវ​ហៅរក​ការ​ជួយ​សង្គ្រោះ ។ ពេល​នេះ​«​គ្រោះ​»​ដែល​លោកតា​លោកយាយ​ជួប​នោះ​បាន​ក្លាយជា​«​លាភ​»​ដែល​ស្មាន​មិន​ដល់ ។

សូម​ថ្លែងអំណរគុណ​ដល់​លោក អុ​ី ឈាន និង​លោក​ជំទាវ បាន ស្រី​មុំ លោក ផា​ន់ ចាន់​ថុ​ល អភិបាលខេត្ត និង​មន្ត្រី​តុលាការ​ដែល​មាន​វត្តមាន​រួម​គ្នា​មក​ជួប​លោកតា លោកយាយ ដែល​រស់នៅ​ដូច​លលក​ញី​ឈ្មោល​ក្នុងផ្ទះ​តៀម​ដ៏​រខេករខាក​ក្នុង​វ័យ​ជរា​នេះ ៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ