រាជធានីភ្នំពេញ ៖ ថ្នាក់បង្រៀនល្ខោនយីកេដឹកនាំដោយអ្នកគ្រូ អ៊ុយ លតាវណ្ណ របស់សិល្បៈខ្មែរអមតៈបាននិងកំពុងអភិវឌ្ឍទៅជាថ្នាក់ និងជាក្រុមសម្តែងអាជីព ដែលបច្ចុប្បន្ននេះ ពួកគេខិតខំធ្វើការហាត់សម ហ្វឹកហាត់រៀនយ៉ាងសស្រាក់សស្រាំ ។
ថេង គឹម ស តួសម្តែង និងជាប្រធានក្រុមថ្នាក់យីកេបាននិយាយថា «យើងបានបង្កើតក្រុមសម្តែងយីកេអមតៈ ហើយខ្ញុំមានអារម្មណ៍ថា យើងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្កើតជាក្រុមសម្តែងឯករាជ្យ ដែលមានស្វ័យភាពដោយខ្លួនឯង យើងខិតខំប្រឹងប្រែងធ្វើការ ដើម្បីក្លាយជាក្រុមអាជីព ។ បច្ចុប្បន្ននេះ យើងបានសម្តែងជាប្រចាំនៅក្នុងកម្មវិធីផ្លែផ្ការបស់សិល្បៈខ្មែរអមតៈ នៅសារមន្ទីរជាតិ ហើយក្រុមរបស់យើងក៏បានទៅសម្តែងធ្វើបទបង្ហាញក្នុងកម្មវិធីផ្សេងៗ ដូចជាថ្មីៗនៅអង្គការខ្មែរអាត ដើម្បីចូលរួមអបអរសាទរដល់មហោស្រពច្នៃប្រឌិតខ្មែរ និងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រា ក្នុងកម្មវិធីសប្បុរសធម៌ស្វែងរកមូលនិធិជួយដល់កុមារកំព្រា និងទីទ័លក្រនៅអង្គការគេហរង្សី ។ យើងសប្បាយចិត្តដែលបានឃើញប្រជាជនខ្មែរមានការគាំទ្រច្រើនរាល់ពេលដែលយើងទៅសម្តែង ប៉ុន្តែខ្ញុំនៅតែគិតថា ភ្ញៀវបរទេសចូលរួមគាំទ្រ និងចូលរួមទស្សនាច្រើនជាងជនជាតិខ្មែរយើង ។
ទោះបីជាយ៉ាងណាយើងនៅតែសង្ឃឹមយ៉ាងមុតមាំថា ក្រុមរបស់ពួកយើងនឹងក្លាយទៅជាក្រុមសម្តែងដ៏ធំមួយនៅពេលអនាគតដែលអាចដើរសម្តែងបាននៅគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស ។
ចែករំលែកព័តមាននេះ