ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមពីមន្ត្រីយោធាបានរាយការណ៍ថា វត្ថុតាងមួយចំនួនដែលគេសង្ស័យថា ជារបស់ប្រជាពលរដ្ឋ២នាក់ដែលកំពុងបាត់ខ្លួន ដោយសារដីភ្នំបាក់សង្កត់ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរដីដែលបាក់ហូរពីលើភ្នំមួយកន្លែង កាលពីរសៀលថ្ងៃទី១៧ កញ្ញា ដែលនៅជិតព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត។ សូមរំលឹកថា៖ នៅមិនទាន់មានតម្រុយពីជនរងគ្រោះ២នាក់ ដែលសង្ស័យដីភ្នំរលំសង្កត់
វត្ថុតាងទាំងនោះ មាន «ស្បែកជើង មួក និងមានកំណាត់ពោះវៀនដាច់រាយប៉ាយពេញដី (សង្ស័យជាពោះវៀនមនុស្ស)» ដែលត្រូវបានរកឃើញដោយក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីយោធាប៉ុន្មាននាក់ផង ដែលបានចុះទៅដល់ទីនោះ ខណៈដែលកម្លាំងនគរបាលការពារព្រំដែនលេខ៣១០ អង្គុយរង់ចាំដំណឹងនៅផ្ទះជនរងគ្រោះ ហើយអជ្ញាធរស្រុកសំឡូតបានដិសេធថា «គ្មានរឿងបាក់ភ្នំសង្កត់ពលរដ្ឋដូចការចុះផ្សាយ តាំងពីល្ងាចថ្ងៃកើតហេតុ នៅពេលអ្នកសារព័ត៌មានសួរនាំអំពីរឿងនេះ»។
ប្រភពពីមន្ត្រីយោធាថា ពួកគេបានរកឃើញតែវត្ថុតាងប៉ុណ្ណឹង រីឯជនរងគ្រោះទាំង២នាក់នោះ គេមិនទាន់ដឹងថា ក្លាយជាសាកសពកប់នៅក្នុងដីល្បាប់ ដែលបាក់ហូរពីលើភ្នំឬយ៉ាងណានោះទេ ព្រោះពេលនោះពួកគេបានរុករកមិនឃើញសោះ ។ ប៉ុន្តែដោយសារមេឃកាន់តែងងឹត និងជិតយប់ទៅហើយ ទើបពួកគនាំគ្នាផ្អាកការរុកររកជាបណ្ដោះសិន និងបន្តការរុករកនេះ នៅថ្ងៃទី១៨ កញ្ញា នេះបន្តទៀត។
ប្រភពដដែលបញ្ជាក់ថា នៅក្នុងការរុករកជនរងគ្រោះខាងលើកនេះ មានតែមន្ត្រីយោធាប៉ុន្មាននាក់ រួមជាមួយសាច់ញាតិជនរងគ្រោះតែប៉ុណ្ណោះ មិនមានអាជ្ញាធរ ឬមន្ត្រីក្នុងអង្គភាពផ្សេងចូលរួមទេ ។ សូមបញ្ជាក់ថា ពលរដ្ឋចំនួន៣នាក់ បានជួបគ្រោះធម្មជាតិដ៏មហន្តរាយនេះ កាលពីរសៀលថ្ងៃទី១៦ កញ្ញា ខណៈដែលពួកគេបានសំងំជ្រកភ្លៀងនៅលើចង្កេះភ្នំមួយកន្លែង ដែលពួកគេមិនស្គាល់ឈ្មោះ ដែលស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ។
ប៉ុន្តែនៅក្នុងឧប្បត្តិហេតុដ៏រន្ធត់នោះ ពលរដ្ឋម្នាក់ឈ្មោះព្រិន កុសល ប្រុសអាយុ២៥ឆ្នាំ ។ បុរសនេះ មានស្នាមរបួសពេញខ្លួន ហើយបាននិយាយប្រាប់គ្រួពេទ្យថា ខ្លួនបានព្យាយាមរត់រួចពីលំហូរដីល្បាប់ពីលើភ្នំ និងគេចផុតពីដើមឈើយ៉ាងប្រផិតប្រផើយ ខណៈគូកន២នាក់ទៀតអាចត្រូវដីបាក់សង្កត់លើ ។
ពាក់ព័ន្ធនឹងដំណឹងអកុសលនេះ អភិបាលស្រុកសំឡូត លោកសើរ សាម៉េត បានបដិសេធថា «គ្មានរឿងបាក់ភ្នំសង្កត់មនុស្សស្លាប់ ឬរបួសទេ» ។ លោកអភិបាលស្រុកសំឡូតបានឆ្លើយបដិសេធបែបនេះ នៅល្ងាចថ្ងៃកើតហេតុ នៅពេលអ្នកសារព័ត៌មានសួរនាំពីរឿងនេះ ។ ពោលគឺក្រោយហេតុការណ៍នោះ បានកើតឡើងជាច្រើនម៉ោង ហើយខណៈដែលជនរងគ្រោះម្នាក់ ត្រូវបានបញ្ជូនមកដល់មណ្ឌលសុខភាព និង កោះសន្តិភាពបានផ្សាយរួចហើយ។
ដោយឡែក នៅថ្ងៃទី១៧ កញ្ញា កម្លាំងវរៈនគរបាលការពារព្រំដែនលេខ៣១០ ដឹកនាំដោយលោកអ៊ុក សារិន ប្រធានអង្គភាពនេះ បានទទួលបញ្ជាឲ្យចុះទៅរុករកជនរងគ្រោះទាំងនោះ ប៉ុន្តែកម្លាំងនេះបានចុះទៅដល់ត្រឹមផ្ទះជនរងគ្រោះ នៅភូមិអូរត្រែង ឃុំតាតោក តែប៉ុណ្ណោះ ដើម្បីរងចាំទទូលដំណឹងពីក្រុមគ្រួសារជនរងគ្រោះ ដែលចុះទៅស្វែងរកជនរងគ្រោះដល់ទីតាំងកើតហេតុ តែមិនមានលទ្ធផលពីក្រុមនគរបាលវរៈព្រំដែនលេខ៣១០ នេះទេ ប៉ុន្តែបែរជាមានលទ្ធផល ពីកម្លាំងយោធាទៅវិញ។
ជុំវិញករណីពលរដ្ឋបាត់ខ្លួនដោយសារគ្រោះថ្នាក់បាក់ដីភ្នំសង្កត់ខាងលើនេះ បើតាមមន្ត្រីនានា នៅក្នុងស្រុកសំឡូត បានបង្ហើបឲ្យដឹងថា លោកអភិបាលស្រុក ហាក់មិនបានយកចិត្តទុកដាក់លើបញ្ហានេះ និង មានភាពយឿតយ៉ាវក្នុងការអន្តរាគមន៏ នៅពេលពលរដ្ឋជួបគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរបែបនេះ។ សូមរំលឹកថា៖ គាត់រួចផុតពីគ្រោះថ្នាក់បាក់ដីភ្នំ…តែជីវិតមនុស្ស២ទៀតមិនដឹងយ៉ាងណា?
មិនតែប៉ុណ្ណោះ លោកអភិបាលស្រុករូបនេះ បែរជាបដិសេដថា «គ្មានរឿងបាក់ដីភ្នំសង្កត់ពលរដ្ឋទៀតផង បើទោះជាជនរងគ្រោះម្នាក់ ត្រូវបានបញ្ជូនដល់មណ្ឌលសុខភាព ស្រុកទៅហើយ និង សារព័ត៌មានផ្សព្វផ្សាយពេញមេឃហើយក្តី ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ