ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យលិចលំនៅឋាន ផ្លូវថ្នល់នានា និងបានកាត់ផ្ដាច់ស្ពានយោលទាំងស្រុង១ខ្សែ ដែលឆ្លងកាត់ស្ទឹងគ្រញូងនៅក្នុងស្រុកសំឡូត នៅព្រឹកថ្ងៃទី១៦ កញ្ញា តែមិនទាន់ដឹងអំពីផលប៉ះពាល់អ្វីផ្សេងទៀតនៅឡើយទេ។

មន្ត្រីរដ្ឋបាលស្រុកសំឡូតបានរាយការណ៍ថា ពេលនេះ នៅតំបន់ខ្លះនៃស្រុកសំឡូត កំពុងរងនូវទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងស្ទើរពេញមួយយប់ ។ ទឹកភ្លៀងបានហូរពីតាមព្រែក ឬអូរចូលទៅកាន់ដងស្ទឹងគ្រញូង នាំឲ្យមានជំនន់ទឹកភ្លៀងយ៉ាងគំហុកនៅព្រឹកនេះ (១៦.០៩.១៩) ។ មន្ត្រីដដែលបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ខ្លះទៅលើភូមិសាស្ត្រឃុំតាតោក ឃុំតាសាញ និងឃុំកំពង់ល្ពៅ ដែលបណ្តាលឱ្យលិចស្ពាន លិចផ្លូវមួយចំនួន ។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរនោះ គឺកម្លាំងទឹកជំនន់នេះបានហូរបុកផ្ដាច់ស្ពានយោលស្ទឹងគ្រញូងទាំងស្រុងតែម្ដង ។

ហើយពេលនេះ ស្ពានយោល១ខ្សែនេះត្រូវបានទឹកហូរអូសតាមទឹកទៅបាត់ធ្វើឲ្យប្រជាពលរដ្ឋមិនអាចឆ្លងកាត់ស្ទឹងគ្រញូងនេះបានទៀតទេ ។ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ភ្លៀងបានបង្អោរយ៉ាងខ្លាំង និងរាប់ម៉ោងស្ទើរពេញមួយយប់នៅប៉ែកខាងលើ នៃដងស្ទឹងគ្រញូង។

ជាពិសេស មកដល់ពេលនេះ ទឹកនៅឃុំតាតោកតែម្ដង ហើយបានហូរឆ្ពោះទៅកាន់ស្ទឹងគ្រញូង ទើបនៅព្រឹកថ្ងៃទី១៦ កញ្ញា ទឹកស្ទឹងគ្រញូងឡើងខ្លាំងធ្វើឲ្យលិចលង់គ្មានសល់ ។ ប្រភពដដែលបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនាពេលនេះឡើងខ្លាំងជាងលើកមុនៗ រហូតឡើងលិចស្ពានយោល និងបុកផ្ដាច់ស្ពាននេះទាំងស្រុងតែម្ដង ។

មន្ត្រីរដ្ឋបាលស្រុកសំឡូតបានប្រាប់ថា នេះគ្រាន់តែជារបាយការណ៍បឋមប៉ុណ្ណោះ ព្រោះពេលនេះ មន្ត្រីមូលដ្ឋាន និងអាជ្ញាធរស្រុកកំពុងចុះត្រូតពិនិត្យនៅតាមតំបន់នានា ដែលកំពុងរងផលប៉ះពាល់នៅឡើយ។ មន្ត្រីដដែលបានបញ្ជាក់ថា បើគិតត្រិមម៉ោង២រសៀលថ្ងៃដដែលនេះ ផ្ទៃមេឃហាក់បានធូរស្រាល ។

រីឯសន្ទុះទឹកជំនន់ក៏បានថមថយខ្លះៗហើយដែរ។ ប៉ុន្តែវានឹងអាចស្ទុះឡើងវិញ ប្រសិនបើមានភ្លៀងធ្លាក់ជាថ្មីទៀត ។ ទោះជាយ៉ាងណា មន្ត្រីជំនាញមិនទាន់ឲ្យដឹងថា តើក្រៅពីដាច់ស្ពានយោលស្ទឹងគ្រញូង១ខ្សែ នៅអាចខូចខាតផ្លូវថ្នល់ លំនៅឋាន ឬមានគ្រោះថ្នាក់មនុស្សដែរឬអត់នោះទេ ? ព្រោះអាជ្ញាធរកំពុងចុះពិនិត្យនៅឡើយ ។ (សម្រួលដោយ៖ ស្រីណា)
https://www.facebook.com/Bunleng25/videos/1120901281630766/




ចែករំលែកព័តមាននេះ