ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ឡាវ ៖ ចាប់ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ​២០៣០ ប្រទេស​ឡាវ​លក់​ថាមពល​អគ្គិសនី ឲ្យ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បាន​អះអាង​ថា ចាប់ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ ២០៣០ ប្រទេស​ឡាវ​លក់​ថាមពល​អគ្គិសនី​ឲ្យ​កម្ពុជា​ក្នុង​ទំហំ​ប្រមាណ​៦០០០​មេ​ហ្គា​វ៉ា​ត់ ។ ការ​អះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បែប​នេះ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច ហេង​សំ​រិ​ន ប្រធានរដ្ឋសភា​នា​រសៀល…

រាជធានី​ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បាន​អះអាង​ថា ចាប់ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ ២០៣០ ប្រទេស​ឡាវ​លក់​ថាមពល​អគ្គិសនី​ឲ្យ​កម្ពុជា​ក្នុង​ទំហំ​ប្រមាណ​៦០០០​មេ​ហ្គា​វ៉ា​ត់ ។ ការ​អះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បែប​នេះ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច ហេង​សំ​រិ​ន ប្រធានរដ្ឋសភា​នា​រសៀល ថ្ងៃ​ទី​១២ ខែកញ្ញា នៅ​វិមាន​រដ្ឋសភា គឺ​បន្ទាប់​ពី​ប្រមុខ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ឡាវ​បាន​ជួប​គ្នា និង​ឯកភាព​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​មក ។
លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ព្រឹក​មិ​ញ​នេះ​លោក និង​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ពិភាក្សា​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនងជា​ព្រ​ពៃ​ណី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ឡើង ។

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ឡាវ​បាន​លើក​ឡើង​ថា កម្ពុជា និង​ឡាវ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង ការ​ពង្រឹងពង្រីក​វិស័យ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ថាមពល​អគ្គិសនី អប់រំ បរិស្ថាន ទេសចរណ៍ និង​វប្បធម៌​ជាដើម ។ លោក​បាន​បន្ត​ថា នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ក្នុង​ការ​លើកកម្ពស់​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ ឲ្យ​រឹង​មាំ​ឡើង​ក្នុង​ន័យ «​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ គង់វង្ស និង​យូរអង្វែង​» ។

នាយក​រដ្ឋមន្ត្រី​ឡាវ បាន​កោតសរសើរ​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែល​រីករាយ​ចម្រើន​ខាង​វិស័យ​ឧស្សាហកម្ម និង​សំណង់​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ ។ លោក​បញ្ជាក់​ថា ៖«​ចាប់ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ​២០៣០​ប្រទេស​ឡាវ​លក់​ថាមពល​អគ្គិសនី​ឲ្យ​កម្ពុជា​ក្នុង​ទំហំ​ប្រមាណ​៦០០០​មេ​ហ្គា​វ៉ា​ត់ ។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​សម្តេច​ថា នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ​បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់ ពិសេស​បញ្ហា​ព្រំដែន ហើយ​ខិតខំ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រីក​ចម្រើន​ឡើង ។ សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ទ្វេភាគី​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ឡាវ នា​ព្រឹក​ថ្ងៃ​ដដែល​ក្នុង​ការ​ពង្រឹងពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ ដើម្បី​ឧត្តម​ប្រយោជន៍​ទាំង​សងខាង ។

សម្តេច​បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃ​លែង​ដោយ​បានឃើញ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឡាវ មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ដែល​ទាំង​អស់នេះ​បាន​នាំ​មក​នូវ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​រវាង​ប្រជាជាតិ​ប្រទេស​ទាំង​ពីរ ។ សម្តេច​ប្រធាន​បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឡាវ ក្នុង​ការ​បោះបង្គោល​ព្រំដែន​កំណត់ ខ័​ណ្ឌ​សីមា​សម្រេច​បាន​លទ្ធផល​៨៦% ។

សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​លើកទឹកចិត្ត​រដ្ឋាភិបាល​ទាំង​ពីរ​បន្ត​ពិភាក្សា​ដោះស្រាយ​បញ្ហា ដែល​នៅ​សេសសល់​ក្នុង​ស្មារតី​មិត្តភាព​ស្មោះត្រង់ ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រែ​ក្លាយជា​ព្រំដែន សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ទុក​សម្រាប់​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​» ។ សម្តេច ហេង សំ​រិ​ន ក៏​បាន​ជម្រាប​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​ថា ពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ រដ្ឋសភា​កម្ពុជា និង​ឡាវ​បាន​ផ្លាស់​ប្តូរ​ពិសោធន៍​គ្នា​ជា​បន្តបន្ទាប់​នៅ​គ្រប់​កម្រិត ។ ជា​ពិសេស​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​វេទិកា​អន្តរ​សភា​នានា ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ