ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​ស្រលាញ់​ជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​អាជីវកម្ម​ដែលជោគជ័យ

4 ឆ្នាំ មុន

​អ្នកស្រី Cheryl Snapp Conner ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន SnappConner PR បាន​ចែករំលែក​លើ​ទស្សនាវដ្តី Forbes កាលពីដើម​ខែកញ្ញា​ឆ្នាំ…

​អ្នកស្រី Cheryl Snapp Conner ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន SnappConner PR បាន​ចែករំលែក​លើ​ទស្សនាវដ្តី Forbes កាលពីដើម​ខែកញ្ញា​ឆ្នាំ ២០១៩ កន្លង​មក​ថា ក្តី​ស្រលាញ់​ដែល​បង្ហាញ​ដាក់​បុគ្គលិក អតិថិជន ផលិតផល​របស់​ក្រុមហ៊ុន និង​ការ​ឈ្នះ​ជា​ធាតុ​ផ្សំ​សំខាន់​ក្នុង​អាជីវកម្ម ។ ក្តី​ស្រលាញ់​ប្រៀប​បានជា​ការ​វិនិយោគ​មួយ​ដែល​បង្កើត​បាន​ផល​ចំណេញ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​ទៅ​មុខ ហើយ​ខាងក្រោម​នេះ​គឺជា​ក្តី​ស្រលាញ់​ដែល​អាជីវករ​គួរតែ​វិនិយោគ​ក្នុង​ផ្នែក​ផ្សេង​ៗ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួក​គេ ៖

១. ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​ដើម្បី​មនុស្ស​ដទៃ​៖ ពេល​ដែល​ក្តី​ស្រលាញ់​ក្លាយជា​រចនាសម្ព័ន្ធ​របស់​ស្ថាប័ន​ការងារ​របស់​អ្នក បុគ្គលិក និង​អតិថិជន​របស់​អ្នក​នឹង​ទទួល​បានការ​ឲ្យ​តម្លៃ និង​ធ្វើ​ឲ្យ​ពួក​គេ​ស្មោះត្រង់ មាន​ភាព​ច្នៃប្រឌិត និង​មាន​កម្លាំងចិត្ត​ផង​ដែរ ។ មាន​ន័យ​ថា ពេល​ដែល​បុគ្គលិក​ត្រូវ​បាន​ឲ្យ​តម្លៃ ក្រុមហ៊ុន​មាន​ភាគរយ​ក​ច្រើន​ក្នុង​ការ​បង្កើត​ផលិតផល ឬ​សេវាកម្ម​ដែល​អតិថិជន​ពេញចិត្ត ។ ជា​លទ្ធផល​អតិថិជន​ផ្តល់​ជា​សំណង​ដល់​ក្រុមហ៊ុន​វិញ​ជាមួយនឹង​ភាព​ស្មោះត្រង់ ឬ​ថវិកា​ជាដើម ។

២. ផ្តល់​សេវា ឬ​ផលិតផល​ដែល​អតិថិជន​ត្រូវការ​៖ ពេល​ខ្លះ​អតិថិជន​មិន​តែងតែ​ត្រូវ​រហូត​ទេ ហើយ​អ្នក​គួរ​យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​ផ្តល់​អ្វី​ដែល​អតិថិជន​ត្រូវការ និង​អ្វី​ដែល​ពួក​គេ​ចង់បាន ។ ពេល​ខ្លះ​អ្វី​ដែល​ពួក​គេ​ចង់បាន និង​ត្រូវការ​ខុស​ពី​អ្វី​ដែល​ពួក​គេ​ទាមទារ​ថែម​ទៀត ។ ដូច្នេះ​តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ក្នុង​ករណី​នេះ? អ្នកស្រី​បាន​បន្ត​ឲ្យ​ដឹង​ថា ក្តី​ស្រលាញ់​ក្នុង​ករណី​នេះ​អាច​មាន​ទម្រង់​ជា​ការ​ផ្តល់​យោបល់ ឬ​ផលិតផល និង​សេវា​ដែល​មនុស្ស​ត្រូវការ​មុន​ពេល​ពួក​គេ​ដឹង​ថា​ពួក​គេ​ចង់បាន​វា ។ ឧទាហរណ៍​ដូច​ជា​ក្រុមហ៊ុន Apple ជាដើម ។ ក្រុមហ៊ុន​នេះ​បង្កើត​ស្មា​ត​ហ្វូ​ន​ទាំង​មុន​ពេល​មនុស្ស​គិត​ថា​ពួក​គេ​ចង់បាន​ស្មា​ត​ហ្វូ​ន​ទៅ​ទៀត ។

ទម្រង់​នៃ​ក្តី​ស្រលាញ់​មួយទៀត​ដែល​អ្នក​អាច​ផ្តល់​ជូន​អតិថិជន​បាន​គឺ​ការ​ជួយ​ផ្តល់​ទីប្រឹក្សា និង​វែកញែក​ដល់​អតិថិជន ។ មាន​ករណី​ជា​ច្រើន​ដែល​អតិថិជន​មិន​យល់​ច្បាស់​ពី​ស្ថាន​ការ​ណាមួយ ឬ​ហានិភ័យ​ដែល​ពាក់ព័ន្ធ​ឡើយ ។

ដូច្នេះ​ក្នុង​នាម​ជា​អ្នកជំនាញ អ្នក​គួរតែ​វែកញែក និង​ជួយ​ឲ្យ​អតិថិជន​យល់​ពី​អ្វី​ដែល​ពួក​គេ​ចង់បាន និង​ត្រូវការ​មុន​ពេលធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់លាស់ ។ ពេល​ដែល​អ្នក​ផ្តល់​ក្តី​ស្រលាញ់​ក្នុង​ទម្រង់​ទាំងនេះ​ដល់​អតិថិជន​របស់​អ្នក វា​ជួយ​បង្កើន​ជំនឿ​ចិត្ត និង​ធ្វើ​ឲ្យ​ពួក​គេ​បន្ត​គាំទ្រ​អាជីវកម្ម​របស់​អ្នក​នៅ​ថ្ងៃ​មុខ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ