ខេត្តកំពង់ធំ ៖ មានករណីបុរសម្នាក់ក្នុងចំណោម៤នាក់បានឡើងផ្សារដែកធ្វើដំបូលឃ្លាំង ហើយយកដែកក្រវ៉េសម្រាប់ទាក់ស័ង្កសីទៅទាក់យកម៉ូទ័រស្វាន ស្រាប់តែប៉ះចំរន្ធព្រីភ្លើង បណ្តាលឱ្យឆក់ស្លាប់តែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឈុន ម៉េងឈាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។
តាមការបំភ្លឺពីឈ្មោះ ញឹក សូរិយា ភេទប្រុស ជាមេជាងបានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ កូនជាងរបស់គាត់ចំនួនបួននាក់ រួមមាន ជនរងគ្រោះឈ្មោះ ឈុន ម៉េងឈាង, ឈ្មោះ ថាញ់, ឈ្មោះឡូង និងឈ្មោះឃ្លោក បាននាំគ្នាឡើងទៅផ្សារធ្វើដំបូលឃ្លាំងអោយឈ្មោះ រិន សារ៉ាត់ នៅភូមិកើតហេតុខាងលើ ។
តាមប្រភពដដែលបានបន្តថា រហូតដល់វេលាម៉ោងប្រហែល១០និង៣០នាទីព្រឹកថ្ងៃដដែល មេឃក៏ភ្លៀង ពេលនោះជនរងគ្រោះបានយកដែកក្រវ៉េសំរាប់ទាក់ស័ង្កសីទៅទាក់យកម៉ូទ័រស្វាន ស្រាប់តែប៉ះចំរន្ធព្រីភ្លើង បណ្តាលឱ្យឆក់ជនរងគ្រោះរមៀលធ្លាក់មកទើរលើទ.ទឹក ។ ភ្លាមៗនោះអ្នកធ្វើការជាមួយគ្នាបានដកឌុយព្រីភ្លើងចេញ រួចនាំជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យបង្អែកស្ទោងដើម្បីសង្គ្រោះដែរ តែជនរងគ្រោះបានស្លាប់ទៅហើយ រួចក៏ដឹកសពជនរងគ្រោះយកមកធ្វើបុណ្យតាមប្រពៃណីនៅឯភូមិកំពង់ក្តីវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ