រាជធានីភ្នំពេញ ៖ លោកអ្នកដែលនិយមតាមដានវត្តមានពិធីការិនីស្រស់សោភាកញ្ញា រស់ សុធាវី ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស បានស្គាល់ច្រើនមកហើយ ដោយសារតែពិធីការិនីតូចច្រឡឹងរូបនេះ មានទេពកោសល្យក្នុងការបញ្ចេញពាក្យពេចន៍ពីរោះរណ្តំ សំឡេងស្រទន់ផ្អែមបានយ៉ាងល្អ រហូតមានគេចង់ស្តាប់ ។ ដោយសារតែទទួលបានការគាំទ្រពីមហាជន រស់ សុធាវី ស្ទើរតែមិនជឿនោះទេថា នាងអាចមានសមត្ថភាពក្លាយខ្លួនជាតារាបានដូចរៀមច្បង ព្រោះក្នុងគោលជំហររបស់នាងគ្រាន់តែចង់ក្លាយជាអ្នកអានព័ត៌មានដ៏ពូកែម្នាក់ប៉ុណ្ណោះ ។
ក្នុងចំណោមពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស កញ្ញា រស់ សុធាវី មានប្រិយមិត្តជាច្រើនលើកឡើងថា ជាពិធីការិនីសំឡេងពីរោះស្រទន់ ហើយថែមទាំងមានរូបសម្បត្តិមើលទៅទម្រង់មុខបែបនារីខ្មែរសមឥតខ្ចោះជាមួយនឹងរាងតូចច្រឡឹងគួរឱ្យគយគន់ ។ ក្នុងតួនាទីជាពិធីការិនីកញ្ញា រស់ សុធាវី តែងតែរួមសហការគ្នាជាមួយដៃគូពិធីករដំណើរការកម្មវិធី ហើយជាញឹកញាប់សុធាវី តែងតែរំលេចពាក្យពេចន៍និយាយទៅកាន់ទស្សនិកជនបានយ់ា់ងល្អមិនធ្វើឱ្យកម្មវិធីស្ងាត់នោះឡើយ ។ ម៉្លោះហើយទើបតារារះថ្មីម្នាក់នេះ នៅតែទទួលបានតំណែងសំខាន់ៗក្នុងតួនាទីជាពិធីការិនីប្រចាំកម្មវិធីប្រគំតន្ត្រីសំខាន់ៗរបស់ហង្សមាស ដែលថ្នាក់លើបានប្រគល់ឱ្យនាងជាអ្នកធ្វើការអត្ថាធិប្បាយក្នុងកម្មវិធី បើសិនជានាងនៅស្ទើរនោះប្រហែលជាមិនអាចក្លាយជាពិធីការិនីបានតាំងពីជំហានដំបូង រហូតមកដល់ពេលនេះឡើយ ។
ក្នុងជំនួបកាលពីពេលថ្មីៗនេះ កញ្ញា រស់ សុធាវី ដែលមានប្រភពកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់អ្នកយកព័ត៌មានយើងជុំវិញជីវិតមកកាន់វិថីសិល្បៈថា កាលពីដំបូងនាងគ្រាន់តែជានិស្សិតចប់ផ្នែកគណនីយ្យនៅវិទ្យាស្ថានវណ្ណដា កាលពីឆ្នាំ២០១១ រួចបានធ្វើការផ្នែកជំនាញនេះបានតែមួយរយៈក៏ស្តាប់វិទ្យុចំប៉ុស្តិ៍ហង្សមាស ឮគេថា រើសអ្នកអានព័ត៌មានជាអ្នកស្រករក្រោយក៏ចាប់អារម្មណ៍នៅពេលហង្សមាស ទើបតែបង្កើតដំបូង ។ លុះក្រោយមកដាក់ពាក្យក៏ជាប់ ហើយក៏ចាប់ផ្តើមហាត់ការងារជាអ្នកអានព័ត៌មានពីសំណាក់បងៗជំនាន់មុនមានបទពិសោធន៍តាមអ្វីដែលយើងប្រាថ្នា ព្រោះនាងស្រឡាញ់ខាងអាជីពអ្នកអានព័ត៌មាននេះយូរហើយ ។ ទាក់ទិននឹងតួនាទីជាពិធីការិនី នាងពិតជាមិនដឹងថា ខ្លួនឯងអាចក្លាយជាពិធីការិនីបានទេ ពោលគឺការធ្វើពិធីការិនី នាងមិនបានរំពឹងទុកទាល់តែសោះ គោលដៅក្នុងចិត្ត គឺចង់អានព័ត៌មាន ។ ប៉ុន្តែបានថ្នាក់លើគាត់ជួយផ្តល់ដំបូន្មាន ជួយពង្រឹងសមត្ថភាពនាងនៅពេលគាត់ស្វែងយល់ពីទឹកដមសំឡេងនៃការនិយាយស្តីពេលកំពុងធ្វើការ ហើយនាងក៏អត់ដឹងដែរថា អ្នកមានបទពិសោធន៍រៀមច្បងបានចាត់ចែងនាងឱ្យធ្វើការបែបពិធីការិនីដែរ ពោលគឺពីដំបូងពិបាកណាស់ ព្រោះគិតថា សមត្ថភាពអត់មានវិជ្ជាជីវៈផ្នែកនេះ ក៏ទទេរសុទ្ធតែម្តង ខ្លាចតែខូចកម្មវិធី ប៉ុន្តែក្រោយពីការចង្អុលបង្ហាញបូកជាមួយការព្យាយាមហ្វឹកហាត់ស្តាប់គេឯងក៏ចេះតែដំណើរការបានជាបន្តបន្ទាប់ តែក៏ទទួលស្គាល់ថា យើងនៅមិនទាន់ល្អទាំងអស់ដែរ ព្រោះកាលណាយើងជឿជាក់ពេក នាំឱ្យគិតថា ល្អហើយភ្លេចខ្លួន ។
ចែករំលែកព័តមាននេះ