ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ចំណុច​ដែល​អាជីវក​រគួរ​ចៀសវាង​វិបត្តិ​ក្នុង​អាជីវកម្ម

4 ឆ្នាំ មុន

លោក Jack Welch ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន General Electric ដ៏​ល្បីឈ្មោះ​បាន​ផ្តល់​ដំបូន្មាន​ដល់​សហគ្រិន​គ្រប់​រូប​ថា ពួក​គេ​ត្រូវ​តែ​ឆាប់​ភ័យ ។ សហគ្រិន​ជា​ទូទៅ​តែងតែ​សុទិដ្ឋិនិយម…

លោក Jack Welch ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន General Electric ដ៏​ល្បីឈ្មោះ​បាន​ផ្តល់​ដំបូន្មាន​ដល់​សហគ្រិន​គ្រប់​រូប​ថា ពួក​គេ​ត្រូវ​តែ​ឆាប់​ភ័យ ។ សហគ្រិន​ជា​ទូទៅ​តែងតែ​សុទិដ្ឋិនិយម មាន​ជំនឿ​ចិត្ត និង​ច្បាស់លាស់​ក្នុង​អាជីវកម្ម​របស់​ពួក​គេ ។ ប៉ុន្តែ​ពេល​ដែល​អាជីវកម្ម​ជួបនឹង​បញ្ហា ឬ​វិបត្តិ គុណសម្បត្តិ​ទាំងនេះ​អាច​បង្ក​ជា​ផលវិបាក​ដល់​ពួក​គេ​វិញ ព្រោះ​ពួក​គេ​មិន​អាច​មើលឃើញ​អ្វី​ដែល​កំពុង​តែ​កើតឡើង​ជុំវិញ​ខ្លួន ។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​លោក Welch គិត​ថា សហគ្រិន​ត្រូវធ្វើ​ដើម្បី​ចៀសវាង​វិបត្តិ​ក្នុង​អាជីវកម្ម ៖

១. ឆាប់​ភ័យ ៖ សហគ្រិន​មិន​ត្រូវ​រង់ចាំ​រហូត​ស្ថាន​ការ​ល្អ​ប្រសើរ​ឡើង​វិញ​ទេ ។ ពេល​ដែល​អាជីវកម្ម​ចាប់ផ្តើម​ជួបនឹង​បញ្ហា​អ្នក​ត្រូវ​តែ​ឈប់​ធ្វើ​អ្វី​ទាំងអស់ ហើយ​ព្យាយាម​ស្វែងរក​ប្រភព​នៃ​បញ្ហា ។ អ្នក​គួរតែ​ចំណាយពេល​២០% លើ​បញ្ហា និង​៨០% លើ​ការ​ស្វែងរក​ដំណោះស្រាយ ។

២. គ្រប់គ្រង​ក្រុមការងារ ៖ សហគ្រិន​ត្រូវ​តែ​គ្រប់គ្រង​សារ​ដែល​ត្រូវ​បាន​ផ្ញើ​ដល់​ក្រុមការងារ​ពេល​ដែល​បញ្ហា​នៅ​តូច និង​និយាយ​ដោយ​ស្មោះត្រង់​ប្រាប់​ដល់​ក្រុមការងារ​របស់​អ្នក ។ ពួក​គេ​ប្រហែលជា​មាន​សំណួរ​បី​ធំ​ៗ គឺ តើ​មានរឿង​អ្វី​កើតឡើង ? តើ​វា​ប៉ះពាល់​ខ្ញុំ​ដោយ​ដូច​ម្តេច ? តើ​ខ្ញុំ​នឹង​បាត់បង់​ការងារ​ទេ ? អ្នក​អាច​ឆ្លើយ​សំណួរ​ទាំងនេះ ប៉ុន្តែ​ក៏​ត្រូវ​ណែនាំ​ឲ្យ​ពួក​គេ​ងាក​ទៅ​កាន់​ទិស​ដៅ​ដែល​ល្អ​ដែរ​ដូច​ជា ឲ្យ​ពួក​គេ​រៀនសូត្រ​ពី​បទ​ពិសោធន៍​នេះ​ជាដើម ។

៣. ស្តាប់​យោបល់​របស់​មនុស្ស​គ្រប់​រូប ៖ អ្នកមាន​ក្រុមការងារ​ដែល​មាន​សមត្ថភាព​ធ្វើការ​ឲ្យ​អ្នក​ដូច្នេះ​អ្នក​គួរតែ​ចេះ​ប្រើ​ធនធាន​ដែល​មាន ដើម្បី​ស្វែងរក​ដំណោះស្រាយ ។ មាន​ករណី​ច្រើន​ណាស់​ដែល​បុគ្គលិក​មាន​ដំណោះស្រាយ ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​បាន​ជំរុញ​ឲ្យ​ចូលរួម​ក្នុង​ការ​ពិភាក្សា ។

៤. ស្តាប់​យោបល់​អ្នក​ដែល​មានបទពិសោធន៍ ៖ អ្នក​ប្រហែលជា​មាន​អ្នក​ណែនាំ ទីប្រឹក្សា ឬ​វិនិយោគិន​ដទៃ​ដែល​អ្នកមាន​ទំនាក់ទំនង​ជាមួយ ដូច្នេះ​អ្នក​គួរតែ​សាកសួរ​ពី​មតិយោបល់​របស់​ពួក​គេ ។ អ្នក​មិន​គួរ​ខ្មាស់​អៀន​ក្នុង​ការ​សុំ​ជំនួយ​ពី​អ្នក​ដទៃ​ទេ ។

៥. កុំ​ខ្លាច​ការ​លះបង់ ៖ ប្រសិនបើ​អាជីវកម្ម​របស់​អ្នក​ពិតជា​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ពិតមែន អ្នក​ប្រហែលជា​ត្រូវ​កាត់​បន្ថយ​បុគ្គលិក​ដោយ​មិន​អាច​ជៀស​ផុត ។ បើ​វា​ជា​ជម្រើស​ចុង​ក្រោយ​ហើយ អ្នក​គួរតែ​ធ្វើ​វា​ឲ្យ​បាន​លឿន​និង​មាន​ប្រសិទ្ធិ​ភាព ។ អ្នក​មិន​គួរ​កាត់​បន្ថយ​បុគ្គលិក​បន្តិច​ម្តង​ទេ ព្រោះ​វា​នឹង​បង្ក​ឲ្យ​អ្នក​ដទៃ​ព្រួយបារម្ភ​ពី​ការងារ​របស់​ពួក​គេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ