ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ វិធី​ពង្រឹង​គំនិត​ជា​សហគ្រិន

4 ឆ្នាំ មុន

ដើម្បី​ក្លាយជា​សហគ្រិន​ដែល​ជោគជ័យ​មួយ​រូប អ្នក​ត្រូវ​មានចំណេះ​ដឹង និង​ជំនាញ​ច្រើន​ជាង​ការ​គណនា និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ទៅ​ទៀត ។ លោក AJ Agrawal ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Verma…

ដើម្បី​ក្លាយជា​សហគ្រិន​ដែល​ជោគជ័យ​មួយ​រូប អ្នក​ត្រូវ​មានចំណេះ​ដឹង និង​ជំនាញ​ច្រើន​ជាង​ការ​គណនា និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ទៅ​ទៀត ។ លោក AJ Agrawal ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Verma Media និង​ជា​សហគ្រិន​អស់​រយៈពេល​ច្រើន​ជាង ១០​ឆ្នាំ​មកនេះ​បាន​ចែករំលែក​ថា សហគ្រិន​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ភាព​ជា​អ្នកដឹកនាំ និង​មាន​ធនធាន​ច្រើន ។ ហើយ​ដើម្បី​ទទួល​បាន​គុណសម្បត្តិ​ទាំងនេះ លោក​ផ្តល់​ដំបូន្មាន​ឲ្យ​អនុវត្ត​តាម​វិធី​ខាងក្រោម​៖

១. ស្វែងរក​អ្នក​ណែនាំ​ដែល​មានបទពិសោធន៍​៖ មនុស្ស​ដែល​ជោគជ័យ​ជុំវិញ​ពិ​ភ​លោក រួម​ទាំង​លោក Mark Zuckerberg របស់ Facebook ផង​ដែរ​បាន​ឲ្យ​ដឹង​ថា អ្នក​ណែនាំ​របស់​លោក​ជា​អ្នកចូលរួម​បង្កើត​ភាព​ជោគជ័យ​របស់​លោក ។ អ្នក​ណែនាំ គឺជា​អ្នក​ផ្តល់​មតិយោបល់​សម្រាប់​គំនិត​ដែល​អ្នកមាន ហើយ​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​មើលឃើញ​អ្វី​ដែល​អ្នក​មិន​អាច​ផង​ដែរ​ព្រោះតែ​បទ​ពិសោធន៍ និង​ធនធាន​ដែល​ពួក​គេ​មាន ។

២. អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​៖ អ្នក​អាច​ទទួល​បាន​ចំណេះដឹង​ពី​សៀវភៅ និង​អត្ថបទ​ផ្សេង​ៗ​ដែល​ត្រូវ​បាន​និពន្ធ និង​សរសេរ​ដោយ​មនុស្ស​ដែល​មានបទពិសោធន៍​ជុំវិញ​ពិភពលោក ។ អ្នក​អាច​រៀនសូត្រ​ពី​កំហុសឆ្គង និង​គន្លឹះ​ផ្សេង​ៗ​ដែល​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ​ជាដើម ។
៣. ចូលរួម​កម្មវិធី​សម្រាប់​សហគ្រិន​៖ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​សហគ្រិន​ដែល​ល្អ​មួយ​រូប អ្នក​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​សហគ្រិន​ដែល​ជោគជ័យ​ដោយ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ដូច​ជា ការ​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម ឬ​សិក្ខាសាលា​ជាដើម ។ អ្នក​ត្រូវ​ចាំ​ថា គោលបំណង​ក្នុង​ការ​ចូលរួម​កម្មវិធី​ទាំងនេះ​មិនមែន​ដើម្បី​លក់​គំនិត ឬ​ផលិតផល​របស់​អ្នក​ទេ តែ​ដើម្បី​បង្កើត​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ថ្ងៃ​អនាគត ។

៤. ផ្តល់​លទ្ធផល​លើស​អ្វី​ដែល​បាន​សន្យា​៖ វិធី​មួយ​ក្នុង​ការ​ឈានមុខ​គេ​ក្នុង​វិស័យ គឺ​ផ្តល់​លទ្ធផល​ដែល​លើស​អ្វី​ដែល​អ្នក​បាន​សន្យា​ដល់​អតិថិជន​របស់​អ្នក ។ ទម្លាប់​នេះ​នឹង​ជួយ​ផ្តល់​ប្រជាប្រិយភាព​ដល់​អ្នក និង​ពង្រឹង​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយនឹង​អតិថិជន​របស់​អ្នក​ដែរ ។

៥. ជួយ​អ្នក​ដទៃ​៖ ការ​ជួយ​ដល់​សហគ្រិន​ដទៃ​អាច​ជួយ​ឲ្យ​អ្នករៀន​បាន​ច្រើន​ពី​អាជីវកម្ម​របស់​អ្នក​ដែរ​ព្រោះ​វា​តម្រូវ​ឲ្យ​អ្នក​ត្រិះ​រិះ​ពិចារណា​ច្រើន ។ ឧទាហរណ៍​ដូច​ជា ដៃគូ​សហការ​របស់​អ្នក​ជួបនឹង​បញ្ហា​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ហើយ​អ្នក​ស្ម័គ្រចិត្ត​ស្វែងរក​ប្រភព​នៃ​បញ្ហា​នេះ​ជាដើម ។ អ្នក​អាច​រៀនសូត្រ​បន្ថែម​ពី​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម និង​ទទួល​បាន​គំនិត និង​យុទ្ធសាស្ត្រ​ថ្មី​ៗ​ដែល​អ្នក​អាច​អនុវត្ត​ខ្លួនឯង​ផង​ដែរ ។

ការ​ធ្វើ​ជា​សហគ្រិន​វា​ត្រូវការ​ច្រើន​ជាង​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ទៅ​ទៀត ។ វា​តម្រូវ​ឲ្យ​អ្នក​មានការ​គិត​ថ្មី​ៗ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ