លោក Bill Gates បានធ្វើការទាំងថ្ងៃចុងសប្តាហ៍ និងមិនដែលមានថ្ងៃវិស្សមកាលឡើយពេលដែលលោកចាប់ផ្តើមក្រុមហ៊ុន Microsoft របស់លោកដំបូង ហើយលោកបានមានប្រសាសន៍ថា វាជាការលះបង់ដែលស្ថាបនិកត្រូវតែជួបប្រទះ ។

គួរបញ្ជាក់ដែរថា លោក Bill Gates គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលេខពីរលើពិភពលោក ហើយបច្ចុប្បន្ននេះលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១០៧ ប៊ីលានដុល្លារ ។ លោកជាសហស្ថាបនិកក្រុមហ៊ុន Microsoft ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥ ។ លោកបានចែករំលែកពីទម្លាប់ធ្វើការរបស់លោកកាលពីលោកនៅអាយុខ្ទង់ ២០ ឆ្នាំ នេះជាមួយនឹងអ្នកស្រី Julia Hartz ដែលជាសហស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Eventbrite កាលពីខែមិថុនាឆ្នាំ ២០១៩ ។
យោងទៅតាមសេចក្តីរាយការណ៍របស់ Tech Crunch លោកបាននិយាយថា «វាពិតណាស់ដែលខ្ញុំមិនដែលមានថ្ងៃចុងសប្តាហ៍ទេពីមុន ខ្ញុំមិនជឿលើថ្ងៃវិស្សមកាលឡើយ» ។ យ៉ាងណាក្តី លោកបានបន្ថែមថា ការរស់នៅរបស់លោកបានធូរស្រាលជាងមុននៅពេលលោកមានអាយុខ្ទង់ ៣០ឆ្នាំពិតមែន ប៉ុន្តែលោកនៅតែគិតថាការលះបង់របស់លោកសំខាន់ដដែល ជាពិសេសនៅពេលអាជីវកម្មរបស់លោកទើបតែចាប់ផ្តើមដំបូង ។ប្រាកដណាស់ លោកបានកត់សម្គាល់ដែរថា ពេលខ្លះមនុស្សមួយចំនួនពិតចាធ្វើការហួសកម្រិតពិតមែន ហើយលោកគិតថាការធ្វើការដោយមិនមានថ្ងៃឈប់សម្រាកគឺសម្រាប់មនុស្សគ្រប់គ្នាដែរ ។
ក្នុងបទសម្ភាសតែមួយជាមួយអ្នកស្រី Hartz លោកក៏បានចែករំលែកពីកំហុសឆ្គងដែលធ្វើឲ្យលោកស្តាយក្រោយជាងគេដែរ នោះគឺលោកបរាជ័យក្នុងការបង្កើតប្រព័ន្ធដំណើរការមួយដែលអាចប្រកួតប្រជែងជាមួយនឹង iOS របស់ក្រុមហ៊ុន Apple ដែលបង្កឲ្យលោកខាតបង់ថវិកាអស់ដល់ទៅ ៤០០ ប៊ីលានដុល្លារ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ