ខេត្តបន្ទាយមានជ័យ ៖ បុរសជាកូនចិត្តតិរច្ឆានម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបុរីឃាត់ខ្លួនភ្លាមៗ ខណៈជននេះចាក់សោបង្ខាំងម្តាយបង្កើតទុកក្នុងផ្ទះ ហើយបម្រុងចាក់សាំងដុត ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១២ មីនា ២០១៤ នៅភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបុរីបានប្រាប់ថា កូនប្រុសចិត្តតិរច្ឆានដែលត្រូវឃាត់ខ្លួននេះឈ្មោះណៅ ប៊ុនរ័ត្ន ហៅទាវ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខាងលើ។
បើតាមសម្តីស្ត្រីរងគ្រោះឈ្មោះអោក ទៀង អាយុ៦៤ឆ្នាំ ជាម្តាយបង្កើតជនសង្ស័យបានឱ្យដឹងថា កូនប្រុសរបស់គាត់មានប្រពន្ធ និងកូន២នាក់ តែដោយសាររូបគេស្រវឹងខួប និងវាយធ្វើបាបប្រពន្ធពេក នាងក៏នាំកូនចុះចោលទៅរស់នៅស្រុកកំណើតនៅឯខេត្តកណ្តាល។ នៅថ្ងៃកើតហេតុ កូនប្រុសរបស់គាត់បានផឹកស្រាស្រវឹង ខណៈពេលមកដល់ផ្ទះបានរករឿងគាត់ និងចាក់សោបង្ខាំងគាត់ទុកនៅក្នុងផ្ទះរួចហើយយកសាំងមកចាក់បម្រុងដុតផ្ទះចោល តែត្រូវប្រជាពលរដ្ឋជិតខាងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន និងរំដោះរូបគាត់ជាម្តាយចេញពីក្នុងផ្ទះមកវិញ។
ជុំវិញករណីនេះ ឪពុក ម្តាយជនសង្ស័យបានសំណូមពរឱ្យកម្លាំងកងរាជអាវុធហត្ថយកកូនប្រុសស្រវឹងខួបចិត្តតិរច្ឆានរូបនេះទៅដាក់នៅមណ្ឌលកែប្រែទីបញ្ជាការកងរាជអាវុធហត្ថឱ្យរាងចាល៕
ចែករំលែកព័តមាននេះ