រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញនៅតែមិនទាន់កំណត់បានមុខសញ្ញាក្រុមចោរដែលកាត់ចំរឹងដែកបង្អួចព្រះវិហារចូលទៅលួចកោដិ និងព្រះបដិមាមួយចំនួនក្នុងកុដិលេខ៣ ស្ថិតក្នុងបរិវេណវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញនៅឡើយទេ ក្រោយពីក្រុមចោរធ្វើសកម្មភាពកាលពីវេលាទៀបភ្លឺ ថ្ងៃអង្គារកន្លងមក ហើយនៅព្រឹកថ្ងៃទី១២ មីនា នេះកម្លាំងនគរបាលចម្រុះមកពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ នគរបាលខណ្ឌដូនពេញដែលដឹកនាំដោយមន្ត្រីតុលាការបានបន្តបើកការស៊ើបអង្កេតករណីខាងលើ។
សមត្ថកិច្ចមូលដ្ឋានបានរំលឹកថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ មីនា ២០១៤ មានករណីចោរកាត់ចំរឹងដែកបង្អួចកុដិលេខ៣ស្ថិតក្នុងបរិវេណវត្តឧណ្ណាលោម លួចយកកោដិដាក់ធាតុចំនួន១ធ្វើអំពីស្ពាន់ កោដិមានអដ្ឋិធាតុមួយចំនួន ក្រឡធ្វើអំពីប្រាក់ចំនួន១ និងរូបព្រះបដិមាស្រោបមាសចំនួន៥អង្គ ដោយក្នុងមួយអង្គមានស្រោបមាស២ដំឡឹង ភ្លុកដំរី១គូ ប្រវែង៨តឹក ទម្ងន់ប្រហែល១០គីឡូក្រាម។
យ៉ាងណាក៏ដោយព័ត៌មានលំអិតនៃការស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ចតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ក្រសួងមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការនៅឡើយទេចំពោះករណីនេះ៕
ចែករំលែកព័តមាននេះ