រាជធានីភ្នំពេញ ៖ បន្ទាប់ពីបោះបង់តំណែងជាតួឯកនៅក្នុងរឿង«បេះដូងអ្នកក្របី»រួចមក តារាសម្ដែង និងបង្ហាញម៉ូដចាន់ រតនៈសំបូរណ៍ បានឆក់ឱកាសយកតំណែងតួឯកថ្មីក្នុងរឿងរាជិនីឆ្នើម ដែលកំពុងតែចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ខ្មែប៉ុស្ដិ៍លេខ៩ ។
លោកចាន់ រតនៈសំបូរណ៍ ប្រាប់កោះសន្ដិភាពកាលពីពេល ថ្មីៗនេះថា លោកមមាញឹកខ្លាំងក្នុងការសម្ដែង និងបង្ហាញម៉ូដ ។ ចំពោះរឿងថ្មីរាជិនីឆ្នើម លោកបានសម្ដែងជាតួឯកមេធាវីសម្បូរស្នេហ៍ ។ រឿងនេះកំពុងតែចាក់បញ្ចាំងនៅស្ថានីទូរទស្សន៍ប៉ុស្ដិ៍លេខ៩ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង៧និង៣០នាទីដល់ម៉ោង៨និង៣០នាទីយប់ ។
លោកចាន់ រតនៈសំបូរណ៍ ឱ្យដឹងថា មានស្ថានីយទូរទស្សន៍ជាច្រើនទាក់ទងលោកឱ្យថតរឿងភាគ តែដោយសារតែលោកមមាញឹកនឹងការសិក្សា ជាពិសេសលោកត្រូវចុះឡើងតាមខេត្តជាញឹកញាប់ ទើបលោកបដិសេធ ។ ពេលនេះលោកកំពុងត្រៀមបញ្ចប់ការសិក្សា ដូច្នេះនាពេលខាងមុខលោកអាចមានវេលាច្រើនសម្រាប់សម្ដែង ។
ខណៈពេលកំពុងលេចធ្លោនៅក្នុងសង្គមសិល្បៈនោះ លេចឮព័ត៌មានថា លោកចាន់ រតនៈសំបូរណ៍ សាងស្នេហ៍ជាមួយកូនអ្នកជំនួញស្រស់សោភាម្នាក់ និងមានបំណងចូលរោងការនាពេល ឆាប់ៗខាងមុខ ជាពិសេសឮថាលោកត្រៀមបើកហាងនំបរទេសមួយនៅក្នុងក្រុងបាត់ដំបង ជាមួយនារីរូបស្រស់នោះ ។ លោកចាន់ រតនៈសំបូរណ៍ បញ្ជាក់ថា រឿងស្នេហាគឺពួកលោកកំពុងតែស្វែងយល់ចិត្តគ្នា មិនទាន់ឈានដល់ចូលរោងជ័យទេ ។ នាងជានារីល្អ និងយល់ចិត្ត លោក ។ ចំពោះរឿងបើកហាងលក់នំបរទេសមិនទាន់ចេញជារូបរាងទេ វាគ្រាន់តែជាគម្រោងប៉ុណ្ណោះ ។ មូលហេតុដែលលោកចង់បើកហាងលក់នំដោយសារតែលោកធ្លាប់ហាត់រៀនវិជ្ជាធ្វើនំ មិនចង់ឱ្យជំនាញដែលបានរៀននេះត្រូវរលាយបាត់ ។ ចំពោះរឿងចូលភាគហ៊ុនគ្នាជាមួយគូស្នេហ៍មិនមែនជាការណ៍ពិតទេ ។
លោកចាន់ រតនៈសំបូរណ៍ មានស្រុកកំណើតនៅភូមិចំការសំរោង ខេត្តបាត់ដំបង និងមានបងប្អូន៥នាក់ ក្នុងនោះស្រីម្នាក់ ។ ចំណែករូបលោកគឺជាកូនទី៣នៅក្នុងគ្រួសារអ្នកជំនួញ ។ ឆ្នាំនេះលោកចាន់ រតនៈសំបូរណ៍មានអាយុ២៦ឆ្នាំ និងជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងផ្នែកទីផ្សារ ។ លោកសំបូរណ៍ ធ្លាប់ប្រឡងបង្ហាញម៉ូដជាប់ចំណាត់ថ្នាក់លេខ៣ នៅក្នុងកម្មវិធីមួយនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីKing and Queen ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីឆ្នាំ២០០៩ ។ បន្ទាប់ពីជាប់ជ័យលាភីទាំងនោះមក លោកចាន់ រតនៈសំបូរណ៍ មានឱកាសសម្ដែងកាយវិការខារ៉ាអូខេ និងរឿងភាគជាច្រើន ៕
ចែករំលែកព័តមាននេះ