អាវុធឆ្នើមរបស់កងទ័ពអាមេរិកដែលជាមហាអំណាចយោធានៅលើពិភពលោកគឺថូម៉ាហក (Tomahawk) ជាមីស៊ីលនាំផ្លូវរបស់អាមេរិកដែលស្រាវជ្រាវ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន «ជេណេរ៉ល ឌីណាមិក» ចាប់តាំងពីសម័យសង្គ្រាមត្រជាក់ក្នុងទសវត្សឆ្នាំ១៩៧០ ។ បច្ចុប្បន្ន «ថូម៉ាកហក» ផលិតដោយក្រុមហ៊ុន «រ៉េធៀន» និងផ្នែកមួយចំនួនផលិតនៅរោងចក្ររបស់ក្រុមហ៊ុន «ម៉េកដូណាល់ ដាកក្លាស» ។
អាវុធខាងលើ ចាប់ផ្តើមប្រើប្រាស់នៅក្នុងកងទ័ពអាមេរិកចាប់តាំងពីឆ្នាំ១៩៨៣ មកដល់ក្នុងមួយគ្រាប់មានតម្លៃប្រហែលជា៧៣០.០០០ដុល្លារ (២០១១)។ មីស៊ីល «ថូម៉ាកហក» ត្រូវបានយកទៅប្រើប្រាស់លើកដំបូងនៅក្នុងសម័យសង្គ្រាមឈូងសមុទ្រពែរ្ស៍ ក្នុងប្រតិបត្តិការព្យុះសមុទ្រខ្សាច់ ដោយកងទ័ព អាមេរិកបាញ់មីស៊ីលចេញពីនាវា ហើយស្ថានីយទូរទស្សន៍ CNN បង្ហាញរូបភាពមីស៊ីលហោះចេញពីនាវាឆ្ពោះទៅឆ្នេរសមុទ្រ និងគោលដៅកណ្តាលក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ។
តាមរបាយការណ៍ចុងក្រោយនៃមីស៊ីលថូម៉ាហកដែលទាហានជើងទឹកសហរដ្ឋអាមេរិក និងកងនាវាចរណ៍របស់អង់គ្លេសបាញ់ចំនួន១១២គ្រាប់ ដាក់គោលដៅផ្នែកយោធា ដែលជាប្រព័ន្ធការពារផ្លូវអាកាសរបស់លីប៊ី គឺបាញ់ចេញពីមូលដ្ឋាន SA-5 ឬស្ថានីយរ៉ាដាប្រកាសអាសន្នតាមឆ្នេរសមុទ្ររួមទាំងពីទិសដៅយោធាជាច្រើនកន្លែងសម្រាប់បើកផ្លូវឱ្យទ័ពអាកាសរបស់អង្គការសហប្រជាជាតិចូលប្រតិបត្តិការតួនាទីគ្រប់គ្រងដែនអាកាសក្នុងរយៈពេលយូរ ។
មីស៊ីលថូម៉ាហក «BGM-109 Toma-hawk» មានទំងន់២.៩០០ផោន គឺប្រហែល១,៣០០គីឡូក្រាមប្រវែង៦,២៥ម៉ែត្រ និងមុខកាត់ទំហំ២០,៤អ៊ីញ ។ សម្រាប់ល្បឿនរបស់មីស៊ីលថូម៉ាហក គឺប្រហែល៨៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រព័ន្ធនាំផ្លូវគឺ GPS ជាប្រព័ន្ធកម្រិតកំណត់គោលដៅពីផ្កាយរណប ។
មីស៊ីល «ថូម៉ាកហក» មាននៅកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលអាចបាញ់បានពីនាវាពិឃាត នាវាល្បាតប្រដាប់អាវុធនាំផ្លូវ ដោយនៅក្នុងប្រព័ន្ធនាវាទាំង២ខាងលើមានរ៉ាដាត្រួតពិនិត្យប្រភេទ Aegis និងកាណុងបាញ់មានចំណោតខ្ពស់(VLS) រួមទាំងអាចបាញ់ពី Capsule Launch Systems (CLS) ដោយនាវាមុជទឹកភ្ជាប់អាវុធថាមពលនុយក្លេអ៊ែរជាដើម ។ ក្រៅពីនេះថូម៉ាកហកនៅមានក្នុងកងនាវាចរណ៍អង់គ្លេស អាចបាញ់ពីនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ និងនាវាមុជទឹកវាយប្រហារស៊េរីថ្មី ដែលមានប្រចាំការក្រោយពីទិញថូម៉ាហកពីសហរដ្ឋអាមេរិក ។ ដោយឡែក កងទ័ពជើងទឹករបស់អេស្ប៉ាញ និងហូឡង់ ថែមទាំងមានចំណាប់អារម្មណ៍ទិញទៅប្រើប្រាស់ទៀតផង ប៉ុន្តែបានលុបចោលការទិញវិញនៅក្នុងឆ្នាំ២០០៧-២០០៩ ៕
ចែករំលែកព័តមាននេះ