ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សើម​មាត់​សើម​.​ក ជោគជ័យ​លើ​ដំណាំ​ពោត​បារាំង(មានវីដេអូ)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ពោត​បា​រាំងជា​ប្រភេទ​បន្លែ​មួយ​មុខ​ដែល​បច្ចុប្បន្ន​គេ​និយម​ជ្រើស​យក​ទៅ​ទទួលទាន​ដោយសារ​តែ​បន្លែ​ពណ៌​បៃតង​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន​ល្អ​សម្រាប់​សុខភាព ។ ជាក់ស្តែង​កសិករ​ម្នាក់​នៅ​ខេត្តស្ទឹងត្រែង​បាន​សម្រេចចិត្ត​ជ្រើស​ដាំ​ដំណាំ​ពោត​បារាំង​សាកល្បង​រហូត​ទទួល​បាន​ជោគជ័យ ។ កសិករ​រូប​នោះ​បាន​ទម្លាយ​ពី​ការ​ពិត​នៃ​ការ​បង្កបង្កើន​ផល​ជោគជ័យ​លើ​ដំណាំ​ពោត​បារាំង​នេះ​ថា ខ្លួន​ពុំ​មាន​បច្ចេកទេស ឬ​អ្នកជំនាញ​បង្ហាត់បង្ហាញ​ឡើយ តែ​ការ​ដាំ​សាកល្បង​រហូត​ទទួល​បាន​ផ្លែផ្កា​នេះ​ដោយសារ​ឃើញ​គេ​បង្ហោះ​ពី​បច្ចេកទេស​ដាំ​បន្លែ​ប្រភេទ​នេះ…

ខេត្តស្ទឹងត្រែង ៖ ពោត​បា​រាំងជា​ប្រភេទ​បន្លែ​មួយ​មុខ​ដែល​បច្ចុប្បន្ន​គេ​និយម​ជ្រើស​យក​ទៅ​ទទួលទាន​ដោយសារ​តែ​បន្លែ​ពណ៌​បៃតង​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន​ល្អ​សម្រាប់​សុខភាព ។ ជាក់ស្តែង​កសិករ​ម្នាក់​នៅ​ខេត្តស្ទឹងត្រែង​បាន​សម្រេចចិត្ត​ជ្រើស​ដាំ​ដំណាំ​ពោត​បារាំង​សាកល្បង​រហូត​ទទួល​បាន​ជោគជ័យ ។ កសិករ​រូប​នោះ​បាន​ទម្លាយ​ពី​ការ​ពិត​នៃ​ការ​បង្កបង្កើន​ផល​ជោគជ័យ​លើ​ដំណាំ​ពោត​បារាំង​នេះ​ថា ខ្លួន​ពុំ​មាន​បច្ចេកទេស ឬ​អ្នកជំនាញ​បង្ហាត់បង្ហាញ​ឡើយ តែ​ការ​ដាំ​សាកល្បង​រហូត​ទទួល​បាន​ផ្លែផ្កា​នេះ​ដោយសារ​ឃើញ​គេ​បង្ហោះ​ពី​បច្ចេកទេស​ដាំ​បន្លែ​ប្រភេទ​នេះ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ខ្លួន​អនុវត្ត​តាម​ប៉ុណ្ណោះ ។

លោក តុ អិន​ប៉ កសិករ​នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ថា​សព្វថ្ងៃ លោក​ប្រកប​របរ​ដាំ​ដុះ​បន្លែ​ជី​គ្រប់ មុខ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក​បាន​ដាំពោត​បារាំង​បន្ថែម​មួយ​មុខ​ទៀត​បន្ទាប់​ពី​ឃើញ​ពី​របៀប​ដាំ​ដុះ​ដំណាំ​ប្រភេទ​នេះ​តាម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​លោក​ចាប់អារម្មណ៍​ក៏​ចាប់ផ្តើម​សាកល្បង​ដាំ ហើយ​ទទួល​បាន​លទ្ធផល​ល្អជា​បន្តបន្ទាប់ ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ខាង​មុខ​លោក​នឹង​បង្កើន​ការ​ដាំពោត​បារាំង​នេះ​បន្ថែម​ទៀត​ពីព្រោះ​បន្លែ​ជីគ្រប់មុខ ដែល​លោក​បាន​ដាំ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ឥឡូវ​អ្នក​ភូមិ​នាំ​គ្នា​សម្រុក​ដាំ​ច្រើន បណ្តាល​ឲ្យ​តម្លៃ​មានការ​ធ្លាក់​ចុះ ។ ប៉ុន្តែ​ពោត​បារាំង​វិញ​ស្រួល​ដាំ និង​ងាយស្រួល​ថែរក្សា ចំណែក​តម្លៃ​ក៏​បាន​សមរម្យ ដោយនៅ​លើ​ទីផ្សារ​លោក​អាច​លក់​ចេញ​បាន​តម្លៃ​ចន្លោះ​ពី​៧០០០ ទៅ​៨០០០​រៀល ក្នុង​មួយ​គីឡូ ក្រាម​នៅ​រដូវប្រាំង រីឯ​នៅ​រដូវវស្សា​វិញ​អាច​លក់​បាន​តែ​៣០០០​រៀល​ប៉ុណ្ណោះ ។

ដោយឡែក​សម្រាប់​បច្ចេកទេស​ដាំ​ដុះ និង​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​ដំណាំ​ពោត​បារាំង​វិញ​កសិករ​រូប​នេះ​បាន​រៀបរាប់​ថា ដើម្បី​ធ្វើ​ឲ្យ​ដំណាំ​ពោត​បារាំង​ដុះ​លូតលាស់​បាន​ល្អ និង​មាន​ទិន្នផល​ខ្ពស់​មុន​ដាំ​យើង​ត្រូវ​ភ្ជូ​រ​ដី​ឲ្យ​បាន​ផុស និង​សព្វ​ល្អ រួច​បណ្តុះ​កូន​ពោត​បារាំង​ឲ្យ​បាន​ប្រវែង​ជិត​២​តឹក​សិន​សឹម​យក​ទៅ​ដាក់​ដាំ ។ លោក​ថា ដំណាំ​នេះ​មិន​មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដូច​ដំណាំ​ផ្សេង​ៗ​ទេ ហើយ​បើ​មាន​ក៏​មាន​តិចតួច​ដែរ ដូច​ជា សត្វ​ស្រមោច​រោម​តាម​គល់ និង​ដើម​ដែល​បណ្តាល​ឲ្យ​ស្លឹក និង​ផ្លែ​ពោត​បារាំង​រួញ​តែ​បញ្ហា​នេះ​យើង​អាច​ដោះស្រាយ​បាន​ដោយ​ប្រើ​ទឹកសាប៊ូ បាញ់​សម្លាប់​សត្វល្អិត​ទាំងនោះ ។

កសិករ​រូប​នេះ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​យុវជន ពុំ​ទាន់​មានការ​ងារ​ធ្វើ​គួរ​ងាក​មក​ធ្វើ ការ​ដាំ​ដុះ​បន្លែបង្ការ ជា​ពិសេស​ដំណាំ​ពោត​បារាំង​នេះ​តែ​ម្តង ព្រោះ​វា​ងាយស្រួល​ដាំ ហើយ​លោក​នឹង​ជួយ​បង្ហាត់បង្រៀន​ពី​វិធី​ដាំ​ដុះ ដោយ​មិន​យក​ប្រាក់​កម្រៃ​នោះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ