បន្លែ​ទាំងនេះ​ហើយ​ធ្វើ​ពលរដ្ឋ​ស្រុក​ចិត្រ​បុរី​ប្រែប្រួល​នឹក​ស្មាន​មិន


ខេត្តក្រចេះ ៖ ក្រោយ​ការ​ចាប់​អាជីព​លើ​របរ​ដាំ​បន្លែ ពលរដ្ឋ​រស់នៅ​ឃុំ​ដារ ស្រុក​ចិត្រ​បុរី អះអាង​ថា ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​មានការ​កែប្រែ​ជាង​មុន ពី​មួយ​ខែ​ទៅ​មួយ​ខែ ដោយ​ចំណូល​បាន​មក​ពី​ការ​លក់​ទិន្នផល​នៃ​ការ​ដាំ​ដុះ​របស់​ពួក​គាត់ ។ បន្លែ​ជា​ច្រើន​មុខ​មាន​ដូច​ជា ត្រាប់ ត្រសក់ និង​ស្ពៃ ត្រូវ​បាន​ពលរដ្ឋ​ចំនួន​៣​គ្រួសារ​រស់នៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​ចិត្រ​បុរី បាន​លើ​ថ្នាល់​ពូន​រង​ដាក់​ដាំ​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​លើ​ផ្ទៃដី​ទំហំ​ជិត​១​ហិ​កតា នៅ​ខាងក្រោយ​ភូមិ ។

ការ​ចាប់​យក​របរ​ដាំ​ដុះ​បន្លែ​ជា​របរ​អាជីព​នេះ​ត្រូវ​បាន​ពលរដ្ឋ​ទាំងនោះ​លើក​ឡើង​ថា ពួក​គាត់​បាន​អនុ​វត្តមាន​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ ក្រោយ​ពី​មានការ​គាំទ្រ​ពី​អង្គជា​ដៃគូ​ក៏​ដូច​ជា​ទទួល​បានការ​សម្របសម្រួល​នូវ​សម្ភារៈ​បច្ចេកទេស​ពី​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ចាប់​យក​របរ​ដាំ​បន្លែ​នេះ​ជា​របរ​អាជីព និង​អនុវត្ត​ការ​ដាំ​ដុះ​ទៅ​តាម​លក្ខណៈ​ស្តង់ដារ និង​បច្ចេកទេស​ត្រឹមត្រូវ ។

ពលរដ្ឋ​ទាំងនោះ​រំលឹក​ថា កន្លង​មក​ពួក​គាត់​បាន​ចូល​ព្រៃ ដើម្បី​រក​អុស​កាប់​ឈើ​កាប់​ឃ្លី គឺ​ពឹងផ្អែក​ទៅ​លើ​អនុ​ផល​ព្រៃឈើ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ។ តែ​ក្រោយ​ការ​ចាប់​យក​របរ​ដាំ​បន្លែ​ជា​របរ​ស្នូល​ប្រចាំ​គ្រួសារ​រួច​មក​ធ្វើ​ឲ្យ​ពួក​គាត់​បង្វែរ​ពី​របរ​ដែល​មិន​ស្របច្បាប់​មក​ធ្វើ​របរ​ស្រប ច្បាប់ និង​ទទួល​បាន​ចំណូល​ច្រើន​ជាង​មុន ។

លោក ខេ​ង ចាន់​ថន ជា​កសិករ​មួយ​គ្រួសារ​ក្នុង​ចំណោម​កសិករ​៣​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ដារ ស្រុ​កិ​ត្រ​បុរី ដែល​បាន​ចាប់​យក​របរ​ដាំ​បន្លែ​ជា​របរ​អាជីព​បាន​រៀបរាប់​ថា ការ​ដាំ​ដុះ​មាន​បន្លែ​ខ្លះ​ត្រូវ​ចាំ​ណាយ​ពេល​យូរ និង​ទន់​ច្រើន​មុន និង​ទទួលផល ។ ហើយ​ការ​ដាំ​ដុះ​ក៏​ត្រូវ​ទាមទារ​ឲ្យ​មានការ​ថែ​ទាំង​ដូច​ជា ការ​ជ្រោយ​ជើងការ​ពូន​រង ពិសេស​ការពារ​សត្វល្អិត​ដោយ​ទាមទារ​នូវ​ការ​អត់ធ្មត់ ព្រោះថា ដាំ​ណាំ​ពួក​គាត់​ដាំ​ដុះ​ជា​លក្ខណៈ​ធម្មជាតិ ។

កសិករ​វ័យ​ជិត​៤០​ឆ្នាំ​រូប​នេះ​អះអាង​ថា ជា​មធ្យម​ពួក​គាត់​អាច​រក​ចំណូល​បាន​ក្នុង​មួយ​ខែ​ពី​មួយ​លាន​រៀល​ទៅ​២​លាន​រៀល​ពី​ការ​បេះ​ទិន្នផល​លក់​ឲ្យ​ឈ្មួញកណ្តាល​ដែល​ទៅ​ប្រមូល​ទិញ​ជាប់​ជា​ប្រចាំ ។ ក៏​ដោយសារ​តែ​បន្លែ​របស់​ពួក​គាត់​ជា​ប្រភេទ​បន្លែ​ធម្មជាតិ​ដូច្នេះ​មិន​ពិបាក​រក​ទីផ្សារ​នោះ​ទេ ។

កសិករ​រូប​នេះ​បាន​ម​ហិ​ច្ច​តា​ថា គ្រោង និង​ពង្រីក​ការ​ដាំ​ដុះ​បន្ថែម​ទៀត លើ​ផ្ទះ​ដី​ជា​ច្រើន ហិ​កតា​ផ្សេង​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ​នៅ​ពេល​ដែល​ពួក​គាត់​មាន​លទ្ធភាព​សន្សំ​ដើមទន់​បាន​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​រួច​មក​នោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ