ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម​-​ឡាវ​ប្តេជ្ញា​កសាង និង​អភិវឌ្ឍ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​ឱ្យ​ក្លាយជា​ព្រំដែន​សន្តិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​ភាគី​កម្ពុជា​- វៀតណាម​- ឡាវ បាន​ប្តេជ្ញា កសាង និង​អភិវឌ្ឍ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​ឱ្យ​ក្លាយជា​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព ស្ថិរភាព សន្តិសុខ…

រាជធានី​ភ្នំពេញ ៖ តំណាង​ភាគី​កម្ពុជា​- វៀតណាម​- ឡាវ បាន​ប្តេជ្ញា កសាង និង​អភិវឌ្ឍ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​ឱ្យ​ក្លាយជា​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព ស្ថិរភាព សន្តិសុខ មិត្តភាព និង​វឌ្ឍនភាព​ជា​និរន្តរ៍ ។ ការ​ប្តេជ្ញារ​ក្រោយ​ពី​បាន​ដំណើរការ​ពេញ​១​ថ្ងៃ​កិច្ចប្រជុំ​លើក​ទី​៤ រវាង​គណៈ​កម្ម ការ​ការពារ​ជាតិ និង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម ស្តី​ពី «​តួនាទី​ភារកិច្ច​ក្នុង​ការ​ពិនិត្យ​តាមដាន​របស់​គណៈកម្មការ គណៈកម្មាធិការ​នៃ​រដ្ឋសភា​ប្រទេស​ទាំង​បី ក្នុង​ការ​កសាង​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព និង​មិត្តភាព​» បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែសីហា​នេះ ។

ថ្លែង​បិទ​កិច្ចប្រជុំ​នៅ​ឯ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក​ហ៊ុន ណេ​ង ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​អបអរសាទរ​ចំពោះ​លទ្ធផល​ដែល​កិច្ចប្រជុំ​លើក​ទី​៤ រវាង​គណៈកម្មការ​ជំនាញ​ទទួល​បន្ទុក​កិច្ចការ​ការពារ​ជាតិ និង​សន្តិសុខ របស់​រដ្ឋសភា​នៃ​ប្រទេស​ទាំង​បី​សម្រេច​បាន​ពេល​នេះ ។ លោក​បន្ត​ថា សមិទ្ធផល​ដ៏​មាន​តម្លៃ​នេះ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការ​យកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​គណៈកម្មការ​នៃ​ប្រទេស​ទាំង​៣ ក្នុង​ការ​ធានា និង​ថែរក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់ ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស ឱ្យ​មាន​ភាព​រីក​ចម្រើន​ជឿនលឿន និង​សុខដុមរមនា ជា​ពិសេស​ការ​កសាង​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​ក្លាយជា​ព្រំដែន​មិត្តភាព សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ ។

លោក ហ៊ុន ណេ​ង បាន​បន្ថែម​ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ បាន​រួមចំណែក​ទប់ស្កាត់ និង​បង្ក្រាប​បាន​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ការ​លាងលុយកខ្វក់ ការ​រត់ពន្ធ និង​បទល្មើស​ឆ្លង​ដែន​ផ្សេង​ៗ ។ វឌ្ឍនភាព​នេះ​កំពុង​តែ​ផ្តល់​នូវ​ភាព​សុខដុមរមនា​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឆ្លើយ​តប​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​បី ។

ជាមួយ​គ្នា​នោះ​ដែរ ប្រធាន​គណៈកម្មការ​ក៏​បាន​ធ្វើការ​កត់សម្គាល់​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា គម្លាត​នៃ​ការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី ការ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ការ​ថែទាំ​សុខភាព​បឋម និង​អនាម័យ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ថាមពល​អគ្គិសនី អប់រំ និង​កិច្ចសហការ​ចែករំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឆ្លើយ​តប​ទាន់​ពេលវេលា ការ​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ឬ​គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅ​មិន​ទាន់​ទូលំទូលាយ​គួប​ផ្សំ​នឹង​និន្នាការ​តំបន់​ក៏​ដូច​ពិភពលោក កំពុង​តែ​ជួប​ប្រឈម​នឹង​វិបត្តិ​ស្មុគស្មាញ និង​ហានិភ័យ​ច្រើន​ផង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ពី​សន្តិភាព ស្ថិរភាព និង​សន្តិសុខ អាច​រង​ការ​គំរាមកំហែង ដែល​អាច​បង្អាក់​ការ​អភិវឌ្ឍ និង​បំផ្លាញ​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​មក​ក៏​ដូច​ជា ការ​បន្ថយ​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​ពេល​អនាគត​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ