រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងដឹកកុងស្លាកកេបោះពួយយ៉ាងលឿនមកដល់ចំណុចផ្លូវកោងដោយបួងចង្កូតមិនប្រយ័ត្នក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៣នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុប តាមបណ្តោយផ្លូវ២៧១កែងនឹងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តបង្កខាងលើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-4390 ជាប្រភេទរថយន្តកុងតឺន័រដឹកក្តារកុងស្លាកកេ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅមកពីស្តុបណូគាឆ្ពោះទៅស្ពានអាកាស៧មករា និងក្នុងល្បឿនលឿន ។
លុះមកដល់ចំណុចដែលផ្លូវមានស្ថានភាពកោងផ្គួបផ្សំរថយន្តដឹកធ្ងន់ខ្លាំងពេកផង ខណៈដែលអ្នកបើកបរព្យាយាមបួងចង្កូតដោយខ្វះការប្រុងប្រយ័ត្នក៏បណ្ដាលឲ្យរថយន្ដ ក្រឡាប់ផ្ងារជើងរងការខូចខាត និងបណ្តាលអោយខឿនដែលនៅខាងមុខផ្ទះរបស់ប្រជាពលរដ្ឋរងការខូចខាតបែកបាក់បន្តិចបន្តួច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ