រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៦ មីនា នៅសាលប្រជុំសាលាខណ្ឌដូនពេញ លោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ បានកោះហៅប្រធានផ្សារនិងក្រុមភាស៊ីតាមផ្សារនិងចៅសង្កាត់ទាំង១១ ដើម្បីចាត់វិធានការក្នុងការយកភាស៊ីលើសសៀវភៅបន្ទុកនិងលុបបំបាត់ការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់នៅជុំវិញផ្សារ។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការយកភាស៊ីលើសសៀវភៅបន្ទុកក៏ដូចជាការដាក់ចេញវិធានការក្តៅរបស់សាលារាជធានីភ្នំពេញ លោកអភិបាលខណ្ឌដូនពេញ សុំឲ្យអ្នកយកភាស៊ីតាមផ្សារទាំងបីនិងកន្លែងផ្ញើម៉ូតូកង់ត្រូវតែអនុវត្តតាមសៀវភៅបន្ទុកចាប់ពីពេលនេះទៅ បើសិនជាអនុវត្តខុសពីច្បាប់ ឬកិច្ចសន្យាសាលាខណ្ឌមិនអនុគ្រោះឡើយនិងឈានទៅដល់ការលុបកិច្ចសន្យាចោលតែម្តង ។ ចំពោះអ្នកយកភាស៊ីត្រូវតែស្លៀកពាក់ជាឯកសណ្ឋាន មានដាក់ស្លាកឈ្មោះ និងអត្តលេខឲ្យបានត្រឹមត្រូវហើយបញ្ហានេះទុកឲ្យរយៈពេល១៥ថ្ងៃ បើមិនដូច្នោះទេគឺមិនអនុញ្ញាតឲ្យភាស៊ីតែម្តង។
លោកសុខ សម្បត្តិ បានដាក់វិធានការទៅលើការរៀបចំសណ្តាប់ធ្នាប់ អនាម័យនិងការកកស្ទះចរាចរណ៍នៅជុំវិញផ្សារនិងបានបែងចែកកំណត់ព្រំប្រទល់រវាងផ្សារនិងសង្កាត់ក្នុងការធ្វើអនាម័យយកសំរាមចេញឲ្យទាន់ពេលវេលាចៀសវៀងការមើលបណ្តាំគ្នាកន្លងមក។ បើនៅតែមានបញ្ហាទាំងនេះកើតឡើងទៀត ប្រធាននិងគណៈកម្មការផ្សារ និងអាជ្ញាធរសង្កាត់ត្រូវតែទទួលខុសត្រូវជាពិសេសពេលនេះសាលារាជធានីភ្នំពេញបានយកផ្សារធំថ្មីធ្វើជាគំរូ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខណ្ឌក៏បានរំលឹកនិងចាត់តាំងអភិបាលរងឲ្យចុះអនុវត្តទីតាំងក្លឹបកំសាន្តដែលមានការបង្កប់ជក់ស៊ីសានិងបារីអេឡិចត្រូនិក (E-Cigarette) ជាប្រចាំមិនអាចបណ្តែតបណ្តោយឲ្យមានបញ្ហានេះកើតមានក្នុងភូមិសាស្ត្រខណ្ឌដូនពេញបានឡើយ ៕
ចែករំលែកព័តមាននេះ