ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៩ ទំហំ​ប្រាក់​កម្ចី​សរុប​មាន​ចំនួន​ជាង ២៥,៩២ ទ្រី​លាន​រៀល

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៩​ ទំហំ​ប្រាក់​កម្ចី​សរុប​មាន​ចំនួន​ជាង ២៥,៩២ ទ្រី​លាន​រៀល​គិត​ជា​ដុល្លា​មានប្រមាណ ៦,៣៧ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ផ្តល់​ឲ្យ​អតិថិ​ជន​ខ្ចី​ជិត…

ខេត្តបាត់ដំបង​ ៖ ​គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៩​ ទំហំ​ប្រាក់​កម្ចី​សរុប​មាន​ចំនួន​ជាង ២៥,៩២ ទ្រី​លាន​រៀល​គិត​ជា​ដុល្លា​មានប្រមាណ ៦,៣៧ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ផ្តល់​ឲ្យ​អតិថិ​ជន​ខ្ចី​ជិត ១,៩៩ លាន​នាក់ ក្នុង​នោះ​សម្រាប់​ប្រាក់​បញ្ញើ​វិញ​មាន​ប្រមាណ ១៣,៧៦ ទ្រី​លាន​រៀល​គិត​ជា​ប្រាក់​ដុល្លា​មាន​ប្រមាណ ៣,៣៨ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ទទួល​បាន​ពី​អ្នក​ដាក់​ប្រាក់​បញ្ញើ​ជាង ២,៥២ លាន នាក់ ​។

ទំហំ​ប្រាក់​កម្ចី​និង​បញ្ញើ​ដ៏​ច្រើន​នេះ​ត្រូវ​បាន​លោក រ័​ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យធនាគារ​ជាតិ​នៃ​កម្ពុជា​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​រៀបចំ​ធ្វើ​នៅ​ស្រុក​សង្កែ​ខេត្តបាត់ដំបង​នា​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ​។

លោក រ័​ត្ន សុវណ្ណ​នរៈ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​វិស័យ​ធនាគារ​ដែល​មាន​តួនាទី​ជា​អ្នក​កៀងគរ​មូលធន គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ទាំង​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ ហើយ​ក្នុង​នោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ តាម​រយៈ​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដូច​ជា​ការ​ផ្តល់​សេវា​ឥណទាន និង​ការ​សន្សំ ជា​ពិសេស​គឺ​បាន​ផ្ដល់​ទៅ​ដល់ទី​ជនបទ​ដាច់​ស្រយាល​ ។

ហើយ​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​តម្លៃ​សមរម្យ វិញ​ក៏​នឹង​ជួយ​ឲ្យ​ប្រជាជន​ដែល​មាន​ចំណូល​ទាប​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​ប្រសើរ​ជាង​មុន និង​បង្កើន​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច និង​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ ​។

សូម​រលឹក​ថា​ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ត្រូវ​បានក​កើតឡើង​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​បាន​វិ​វត្ត​ខ្លាំង​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​ដោយ​បាន​ធ្វើ​សកម្មភាព​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​ដល់​ប្រជាជន​នៅ​តាម​តំបន់​ជនបទ ក្នុង​គោលបំណង​ផ្តល់​ឲ្យ​ប្រជាជន​ទាំងនោះ​នូវ​ដើមទុន​សម្រាប់​ការ​បង្កើត ឬ​បង្កើន​មុខរបរ​អាជីវកម្ម​របស់​ខ្លួន​។

សិក្ខាសាលា​នេះ​ក៏​បាន​ផ្ដល់​ឱកាស​ដល់​អ្នកចូលរួម​បាន​បង្ហាញ​ពី​ក្ដី​កង្វល់​លើ​បញ្ហា​នៃ​ការប្រើប្រាស់​សេវា​ពី​បណ្ដា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​មូលដ្ឋាន​ខ្លួន​ផង​ដែរ​ដើម្បី​រួម​គ្នា​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​មាន​សកម្ម​ភាពល្អ​កាន់តែ​រឹង​មាំ​និង​គេច​ផុត​ពី​ហានិភ័យ​ផ្សេង​ៗ ​។

ចំណែកលោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​សិក្ខា​សា​កា​នេះ​បាន​បញ្ជាក់​ថា ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ គឺ​មាន​តួនាទី​គោរព​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន និង​គោលការណ៍​នៃ​កិច្ច​ការពារ​អតិ​ថិ​ជន ព្រមទាំង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ប្រតិបត្តិការ​ឥណទាន​របស់​ខ្លួន ​។ ជា​រួម​គ្រឹះស្ថាន​ទាំងអស់​គឺ ជា​គ្រឹះស្ថាន​ឯកជន ស្វែងរក​ប្រាក់​ចំណេញ ដើម្បី​និរន្តរភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន ក្នុង​ការ​បន្ត​ផ្តល់​ប្រាក់​កម្ចី​ជូន​ប្រជាពលរដ្ឋ ។​

ដូច្នេះ​ហើយ ប្រជាពលរដ្ឋ​ដែល​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ណាមួយ ត្រូវ​តែ​មាន​កាតព្វកិច្ច​សង​ប្រាក់​កម្ចី​ឲ្យ​គ្រឹះស្ថាន​នោះ​វិញ​។ ជា​រួម​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​កាន់តែ​មាន​ភាពរឹងមាំ​ទៅ​បាន​គឺ នៅ​ពេល​ដែល​អ្នក​ខ្ចី និង​អ្នក​ឱ្យ​ខ្ចី​រួម​គ្នា​ក្នុង​ការ​ការពារ​ខ្លួន​ពី​បញ្ហា​ទាក់ទង​នឹង​សេវា​មីក្រូហិរញ្ញវត្ថុ តាម​រយៈ​ការ​អនុវត្ត ឬ​ធ្វើការ​សម្រេចចិត្ត​ដោយ​ប្រុង​ប្រយ័ត្ន ដូច​ពាក្យស្លោក​មួយ​ឃ្លា​បាន​ពោល​ថា «​ការពារ​គ្នា​រក្សា​គ្នា​ទើប​មាន​និរន្តរភាព​យូរអង្វែង» ។

ជាមួយ​នេះ​ដែរ​លោក ស៊ុំ ស​ន្និ​សិទ្ធ បាន​ជម្រុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ត្រូវ​មាន​កិច្ចសហការ​និង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​ដែនដី​ខេត្ត​ឲ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ទៀត​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ។ ទន្ទឹម​នឹង​នេះ​ដែរ​ក៏​ត្រូវ​បន្ត​ទប់ស្កាត់​ឲ្យ​បាន​រាល់​សកម្មភាព​ដើរ​បោកប្រាស់​របស់​ជន​ខិល​ខូ​ល​ដែល​ចងការ​ឬ​ឲ្យ​ខ្ចីប្រាក់​ក្រៅ​ប្រព័ន្ធ​ដែល​គ្មាន​ច្បាប់​ឲ្យ​បាន​ផង​ដែរ ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ