ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គ្លីនិក​សម្រាក​ព្យាបាល​យី​គក់ ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​សេវា​សុខាភិបាល​ពលរដ្ឋ ដើម្បី​កាត់​បន្ថយ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស

4 ឆ្នាំ មុន

ប្រធាន​គ្លីនិក​សម្រាក​ព្យាបាល​យី​គក់​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ការ​ផ្ដល់​សេវា​សុខាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ដបាត់ដំបង និង​បណ្ដា​ខេត្ដ​នៅ​ជាប់ ដើម្បី​កាត់​បន្ថយ​ការ​ចាកចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ជិតខាង ។ ក្នុង​ការ​ប្រារព្ធ​ខួប​គម្រប់​៦​ឆ្នាំ នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​គ្លីនិក​សម្រាក​ព្យាបាល​យី​គក់ កាលពី​ថ្ងៃ​ទី​២៤…

ប្រធាន​គ្លីនិក​សម្រាក​ព្យាបាល​យី​គក់​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ការ​ផ្ដល់​សេវា​សុខាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ដបាត់ដំបង និង​បណ្ដា​ខេត្ដ​នៅ​ជាប់ ដើម្បី​កាត់​បន្ថយ​ការ​ចាកចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ជិតខាង ។

ក្នុង​ការ​ប្រារព្ធ​ខួប​គម្រប់​៦​ឆ្នាំ នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​គ្លីនិក​សម្រាក​ព្យាបាល​យី​គក់ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា​នេះ​នៅ​គ្លីនិក​សម្រាក​ព្យាបាល​យី​គក់ ខេត្ដបាត់ដំបង លោក​វេជ្ជបណ្ឌិត យី គក់ ប្រធាន​គ្លីនិក​សម្រាក​ព្យាបាល​យី​គក់ បាន​គូសបញ្ជាក់​ថា ប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​បន្ដ​ពង្រីក​ផ្នែក​សេវា​ឯកជន​នៅ​នឹង​គ្លីនិក​យី​គក់ ដើម្បី​ជួយ​ដល់​ប្រជាជន​យើង ហើយ​ដើម្បី​កាត់​បន្ថយ​ប្រជាជន​យើង​ដែល​ចេញ​ទៅ​ទទួល​សេវា​នៅ​ក្រៅប្រទេស​តាម រយៈ​យើង​ពង្រីក​នូវ​ក្រមសីលធម៌ និង​ជំនាញ​ច្បាស់លាស់ និង​ពង្រឹង​នូវ​ធនធានមនុស្ស​បន្ថែម​ទៀត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ដ​ថា ការ​ផ្ដល់​នូវ​ទំនុកចិត្ដ​របស់​ប្រជាពលរដ្ឋ​មក​លើ​សេវា​សុខាភិបាល​នៅ​ក្នុង​ប្រទេស​យើង គឺ​ត្រូវធ្វើ​យ៉ាងណា​ផ្ដល់​នូវ​ទំនុកចិត្ដ និង​ឱ្យ​ពួក​គាត់​មើលឃើញ​ថា គ្លីនិក​យី​គក់​បាន​ពង្រឹង​សេវា គុណភាព និង​មាន​ជំនាញ រួម​ទាំង​ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់ ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ដោយ​មើលឃើញ​ថា ប្រទេស​ជាតិ​កំពុង​តែ​ទទួល​បាន​នូវ​សុខ​សន្ដិភាព​យ៉ាង​ពេញលេញ​បរិបូរណ៍​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កត្ដា​សុខ​សន្ដិភាព និង​ស្ថិរភាព​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​យើង​ទទួល​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ដោយ​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ក្នុង​អត្រា​រង្វង់​៧​ភាគរយ បាន​ធ្វើ​ឱ្យ​តម្រូវការ​ផ្នែក​វិស័យ​សុខាភិបាល​សាធារណៈ​កើនឡើង​ខ្ពស់​ដែរ ក្នុង​ការ​ចូលរួម​លើកកម្ពស់​ថែទាំ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ។

លោក​វេជ្ជបណ្ឌិត​បាន​កត់​សម្គាល់ថា ការ​ចូលរួម​វិនិយោគ​របស់​វិស័យ​ឯកជន កំពុង​តែ​មានការ​កើនឡើង​ក្នុង​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជា​ពិសេស​វិស័យ​សុខាភិបាល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ និង​ធ្វើការ​ប្រកួតប្រជែង ដើម្បី​ឱ្យ​មាន​ភាព​ស្មើមុខស្មើមាត់​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ។ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​គ្លីនិក​សម្រាក​ព្យាបាល​យី​គក់ បាន​ខិតខំ​ពង្រឹងគុណភាព​ការ​ផ្ដល់​នូវ​សេវាកម្ម​ក៏​ដូច​ជា ជំនាញ​ផ្នែក​វេជ្ជសាស្ដ្រ (​ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​ជំនាញ​ៗ​គ្រប់​ផ្នែក រួម​ជាមួយ​សម្ភារៈ បរិក្ខារ​ពេទ្យ​ទំនើប​ៗ​ដូច​ជា​ឧបករណ៍​លាង​ឈាម​, MRI, CT Scan, មា​ស៊ី​ន​អេកូ GE, ម៉ាស៊ីន​វី​ដេ​អូ​ស្កូ​ប​ឆ្លុះ​ក្រពះ ពោះវៀន​, ម៉ាស៊ីន​អង់​ដូ​ស្កូ​ប​ឆ្លុះ​ត្រចៀក ច្រមុះ បំពង់ក និង​ម៉ាស៊ីន​ស៊ី​ស្លូ​កុប​ឆ្លុះ​ប្លោក​នោម​) ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​នាម​ជា​ប្រធាន​គ្លីនិក​យី​គក់ លោក​វេជ្ជបណ្ឌិត​បាន​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​ឯកជន​ផ្នែក​សុខាភិបាល​ក្នុង​ន័យ​ជួយ​សម្រាល​ដល់​បន្ទុក​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​ព្យាបាល​ជំងឺ​ដោយ​មិន​ចាំបាច់​ត្រូវ​ចេញ​ទៅ​រក​សេវា​ព្យាបាល​នៅ​ក្រៅប្រទេស​ដែល​នាំ​ឱ្យ​ខាតបង់​ពេលវេលា ជា​ពិសេស​សេដ្ឋកិច្ច​គ្រួសារ ។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ទាំងនេះ ទើប​គ្លីនិក​មាន​ចក្ខុវិស័យ​សម្រាប់​ការ​ពង្រីក​ទៅ​ថ្ងៃ​អនាគត​គ្លីនិក​បាន​ដាក់​ចេញ​នូវ​គោលបំណង​ដ៏​ធំ​មួយ គឺ​ចង់​អភិវឌ្ឍ​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​មួយ​ប្រកបដោយ​សក្ដានុពល​ក្នុង​វិស័យ​សុខាភិបាល​ផ្នែក​សេវា​ឯកជន ។ ជាមួយ​គ្នា​នេះ​គ្លីនិក​ក៏​នឹង​បន្ដ​ធ្វើការ​អភិវឌ្ឍ​ឱ្យ​មាន​លក្ខណៈ​ជា​ស្ដង់ដា​អន្ដរជាតិ​ដែល​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​បាន និង​ជា​ការ​លើក​មុខមាត់​ដល់​ប្រទេស​ជាតិ​ក្នុង​វិស័យ​សុខាភិបាល​ផ្នែក​សេវា​ឯកជន​នេះ​ផង​ដែរ ។ លើស​ពី​នេះ​ទៀត​នៅ​ថ្ងៃ​អនាគត​គ្លីនិក​សម្រាក​ព្យាបាល យី​គក់ នឹង​ប្រែ​ក្លាយទៅជា​មជ្ឈមណ្ឌល​មួយ​ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​បាន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ហើយ​អត្រា​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​ដែល​អាច​ព្យាបាល​បាន​នោះ​នឹង​ត្រូវ​កាត់​បន្ថយ ជា​ពិសេស​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ។

លោក​វេជ្ជបណ្ឌិត ហួត សុ​ជាតិ ប្រធាន​ផ្នែក​វះកាត់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ដបាត់ដំបង​នៃ​មន្ទីរ​សុខាភិបាល​ខេត្ដបាត់ដំបង​បានឱ្យ​ដឹង​ថា ប្រសិនបើ​យើង​ពឹងផ្អែក​ទៅ​លើ​ការ​បម្រើ សេវា​សុខាភិបាល​ជូន​ដល់​ប្រជាជន​ដោយ​ពឹងផ្អែក​ទៅ​លើ​មន្ទីរពេទ្យ​រដ្ឋ យើង​គិត​ថា មិន​ទាន់ គ្រប់គ្រាន់​ទេ ពីព្រោះ​យើង​នៅ​មាន​កម្រិត​ទាំង​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​ប្រើប្រាស់ ។ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា ការ​ចូលរួម​របស់​វិស័យ​ឯកជន គឺ​ពិតជា​មាន​សារៈសំខាន់ ដោយសារ​តែ​វិស័យ​ឯកជន​មាន​សម្ភារៈ​ឧបករណ៍​ទំនើប​ៗ​ធ្វើការ​ពិនិត្យ និង​ស្វែងរក​រោគវិនិច្ឆ័យ​ដែល​សកម្មភាព​ទាំងនេះ គឺ​បាន​ចូលរួម​ទប់ស្កាត់​ប្រជាជន​ដែល​ចេញ​ទៅ​ក្រៅប្រទេស ជា​ពិសេស​ប្រជាជន​រស់នៅ​ក្នុង​ខេត្ដបាត់ដំបង និង​ខេត្ដ​ជុំវិញ​ដែល​ពួក​គាត់​មាន​បញ្ហា​សុខភាព ខណៈ​មន្ទីរពេទ្យ​រដ្ឋ​មិន​អាច​រ៉ាប់រង​បាន ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ដ​ថា ការ​បង្កើត​បច្ចុប្បន្នភាព​នៅ​ក្នុង​មន្ទីរពេទ្យ​យី​គក់ ដែល​ជា​វិស័យ​ឯកជន​នេះ​បាន​ដើរ​ទន្ទឹម​គ្នា​រវាង​វិស័យ​ឯកជន និង​រដ្ឋ ហើយ​ក្នុង​វិស័យ​ឯកជន គឺ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ពង្រីក​សេវា​ផ្នែក​សុខាភិបាល​នេះ​ជា​ពិសេស​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ពង្រីក​នូវ​ឧបករណ៍​បរិក្ខារ និង​សម្ភារៈ​ឱ្យ​កាន់តែ​ទំនើប​ៗ​ថែម​ទៀត ការ​ពង្រឹង​នូវ​គុណវុឌ្ឍិ​របស់​មន្ដ្រី​សុខាភិបាល​ទាំងអស់ ទាំង​បច្ចេកទេស និង​ចំណេះដឹង​ទូទៅ ជា​ពិសេស​ក្រមសីលធម៌​វិជ្ជាជីវៈ​ផ្នែក​សុខាភិបាល ។ លោក​វេជ្ជបណ្ឌិត​បាន​ចាត់​ទុក​គ្លីនិក​សម្រាក​ព្យាបាល​យី​គក់ គឺជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ផ្នែក​ឯកជន ដែល​សេវា​ឯកជន​ទាំងអស់ ត្រូវ​តែ​អភិវឌ្ឍន៍​គុណភាព គុណវុឌ្ឍិ និង​សមត្ថភាព​គ្រូពេទ្យ ដើម្បី​បម្រើ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ការ​ផ្ដល់​សារ​ដល់​មន្ដ្រី​សុខាភិបាល​ទាំងអស់ ក្នុង​ការ​ចូលរួម​ជំរុញ​ឱ្យ​មានគុណ​ភាពល្អ​ក្នុង​ការ​បម្រើសេវា​សុខភាព​ប្រជាពលរដ្ឋ​ដោយ​ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ។

សូម​បញ្ជាក់​ថា ការ​បង្កើត​គ្លីនិក​សម្រាក​ព្យាបាល​យី​គក់​នេះ​ឡើង ដោយ​ចាប់ផ្ដើម​ដាក់​ឱ្យ​ដំណើរការ​ដំបូង​នៅ​ទីតាំង​ចាស់ (​ផ្លូវ​ឡា​អេ​) ក្នុង​ឆ្នាំ​២០០៧ ហើយ​បាន​ប្ដូរ​មក​ទីតាំង​ថ្មី​នៅ​ឆ្នាំ​២០១៣ មក​ដល់​បច្ចុប្បន្ន​ដែល​មាន​គ្រែ​ចំនួន​៤៨​គ្រែ​សម្រាប់​បម្រើ​ជូន​ដល់​អ្នកជំងឺ និង​មាន​វេជ្ជបណ្ឌិត​ឯកទេស​ចំនួន​០៤​នាក់ វេជ្ជបណ្ឌិត​ទូទៅ​ចំនួន​០៨​នាក់ បុគ្គលិក​ឆ្មប និង​គិលានុបដ្ឋាយិកា​ចំនួន​៥២​នាក់​រួម​នឹង​ផ្នែក​ផ្សេង​ៗ​សរុប​ចំនួន​៨៦​នាក់ ។ ដោយ​ទទួល​បាន​នូវ​ការ​គាំទ្រ និង​ទំនុកចិត្ដ​កាន់តែ​ខ្ពស់​ពី​អ្នកជំងឺ​ធ្វើ​ឱ្យ​កេរ្ដិ៍ឈ្មោះ​របស់​មន្ទីរ​សម្រាក​ព្យាបាល យី​គក់ កាន់តែ​ល្បីល្បាញ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស​បាន​កសាង​នូវ​កេ​រិ៍្ដ​ឈ្មោះ និង​បន្ដ​នូវ​សក្ដានុភាព​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ