រាជធានីភ្នំពេញ ៖ វេទិការាជរដ្ឋាភិបាល -ផ្នែកឯកជនលើកទី១៧ គឺជាវេទិកាលើកទី១ ដែលបានរៀបចំធ្វើឡើងក្រោយពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋ
សភា ។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៧ នេះក៏ដូចវេទិកាលើកមុខៗដែរ គោលដៅនៃជំនួបនេះ គឺជាកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីបើកទូលាយ ដើម្បីពិនិត្យរួមគ្នា ចាប់តាំងពីវេទិកាលើកទី១៦មក តើមានវឌ្ឍនភាពនិងការកែលម្អជាក់ស្តែងអ្វីខ្លះ ?
ហើយបញ្ហាដែលត្រូវលើកឡើងនៅពេលនោះត្រូវបានដោះស្រាយកម្រិតណា ។ តើមានបញ្ហាអ្វីទៀតចំពោះវិនិយោគិន ដែលទាមទារឱ្យមានការដោះស្រាយដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់និងពិភពលោក ព្រមទាំងធ្វើការកែលម្អបរិយាកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៧ បានប្រារព្ធធ្វើក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ មីនា នៅវិមានសន្តិភាព ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងបានផ្ដល់ភាពអនុគ្រោះជាច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគនិងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ។ វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅឆ្នាំ២០១៣កន្លងទៅ តម្លៃនាំចេញមានរហូតដល់ជាង៥ពាន់លានដុល្លារអាមេរិក មានកម្មករនិយោជិតប្រមាណ៦២ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលសរុបប្រមាណជាង១ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។ ប្រជាពលរដ្ឋប្រមាណជាង២លាននាក់ផ្សេងទៀត បានទទួលផលប្រយោជន៍ដោយប្រយោលពីវិស័យនេះ តាមរយៈសេវាដឹកជញ្ជូន ឈ្នួលផ្ទះ ការលក់ដូរម្ហូបអាហារ និងការផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រួសារនិយោជិត ។ នេះគឺជាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន ។
ប៉ុន្តែគណបក្សប្រឆាំង និងសហជីពរបស់គេ បានប្រើប្រាស់នយោបាយប្រជាភិថុតយកកម្មករនិយោជិតធ្វើជាឈ្នាន់នយោបាយ ដោយញុះញង់ធ្វើឱ្យបាតុកម្ម-កូដកម្ម ខុសច្បាប់ ពិសេសការទាមទារប្រាក់ឈ្នួលអប្បបរមាហួសហេតុ ក្នុងគោលដៅបំផ្លាញបរិយាកាសវិនិយោគ បំផ្លាញផលប្រយោជន៍កម្មករ និងបំផ្លាញឱកាសការងាររបស់យុវជន យុវនារី ។ រហូតមកដល់ពេលនេះ ក្រុមជ្រុលនិយមទាំងនេះនៅមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ ហើយមជ្ឈដ្ឋានខាងក្រៅមួយចំនួនបានលើកទឹកចិត្តគាំទ្រសកម្មភាពបែបនេះ ។ រាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីម្ដងទៀតថា ការអនុវត្តសិទ្ធិសេរីភាពនៃការទាមទារទាំងឡាយ ត្រូវធ្វើឱ្យត្រឹមត្រូវតាមច្បាប់ អំពើល្មើសច្បាប់មិនអាចអត់ឱនតទៅទៀតបានឡើយ ។ ខ្ញុំការពារដាច់ខាតផលប្រយោជន៍យុវជន ប៉ុន្តែមិនគាំទ្រសកម្មភាពទាំងឡាយណា ដែលយកអនាគតយុវជនកម្ពុជាជាការសាកល្បង ជាល្បែងភ្នាល់ និងជាដើមទុនក្នុងការសម្រេចនូវមហិច្ឆតានយោបាយរបស់មនុស្សមួយក្រុមតូចណាមួយនោះទេ។ សម្តេចតេជោមានប្រសាសន៍ថា ការបង្កើនប្រាក់ឈ្នួលប្រចាំខែ គឺត្រូវផ្សារភ្ជាប់នឹងសមត្ថភាពផលិតរបស់ក្មួយៗកម្មករ និយោជិត ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពរមួយចំនួនដែលផ្នែកឯកជនបានលើកឡើង ៖
១-ការអនុវត្តច្បាប់ស្តីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក វិស័យឯកជនតំណាងឱ្យផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ បានស្នើសុំរាជរដ្ឋាភិបាលធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសជម្រើសសម្រាប់កអនុវត្តពន្ធដារថ្មីរបស់អាមេរិក ។ ដោយសារការងារនេះមានលក្ខណៈបន្ទាន់ ហើយមានភាពស្មុគស្មាញច្រើន សម្តេចមានប្រសាសន៍ថា គួរបង្កើតក្រុមការងារមួយដឹកនាំដោយធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យ និងដោះស្រាយ ។
២-សំណើសុំដាក់អាករលើតម្លៃបន្ថែម ០% លើការផ្គត់ផ្គង់អង្ករក្នុងស្រុក ផ្តល់ជូននូវលក្ខណសម្បត្តិជាសហគ្រាសគាំទ្រ ដោយអនុវត្តអត្រាអាករលើតម្លៃបន្ថែម០% ចំពោះម៉ាស៊ីនកិនស្រូវ ឬសហគ្រាសដែលប្រមូលទិញស្រូវយកមកកែច្នៃជាអង្ករសម្រាប់ផ្គត់ផ្គង់បន្តឱ្យអ្នកនាំចេញ ដូចគ្នានឹងវិស័យកាត់ដេរដែរ ។ ប៉ុន្តែត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រមួយចំនួនដូចជាកិច្ចសន្យាផ្គត់ផ្គង់អង្ករ និងប្រតិវេទន៍គយ ជាដើម ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំប្រកាសដាក់ឱ្យអនុវត្ត ។
៣-សំណើសុំបន្តដាក់បន្ទុករដ្ឋនូវអាករលើ តម្លៃបន្ថែមលើការផ្គត់ផ្គង់អង្កាម និងកន្ទក់ក្នុងស្រុក ។ -ផ្តល់ជូននូវការដាក់ជាបន្ទុករដ្ឋនូវអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់អង្កាម និងកន្ទក់ក្នុងស្រុក ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងរៀបចំប្រកាសសម្រាប់ដាក់ឱ្យអនុវត្ត ។ ៤-សំណើសុំបន្តដាក់បន្ទុករដ្ឋនូវអាករលើតម្លៃបន្ថែមសម្រាប់ការនាំចូលសរសៃសូត្រ ៖ ផ្តល់ជូនការលើកទឹកចិត្តនេះសម្រាប់រយៈពេល២ឆ្នាំបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ២០១៥តែម្តង ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំប្រកាសសម្រាប់ដាក់ឱ្យអនុវត្ត ។ ដោយឡែក ពន្ធលើការនាំចូលសរសៃសូត្រ គឺត្រូវបានអនុវត្តតាមអត្រា០% ចាប់តាំងពី៣ឆ្នាំមុនរួចហើយ ។
៥-សំណើសុំការលើកទឹកចិត្តចំពោះការនាំចូលវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មបម្រើឱ្យការនាំចេញកាបូប កាបូបយួរដៃ និងមួក ។
-ផ្តល់ជូននូវការលើកទឹកចិត្ត ចំពោះការនាំចូលវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មបម្រើឱ្យការនាំចេញកាបូប កាបូបយួរដៃ និងមួក ព្រមទាំងផលិតផលប្រហាក់ប្រហែលមួយចំនួនទៀត ដូចគ្នានឹងវិស័យកាត់ដេរ និងស្បែកជើង ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំប្រកាសសម្រាប់ដាក់ឱ្យអនុវត្ត ។
៦-សំណើសុំបញ្ចុះកម្រៃសេវាមា៉សីុនស្គែន
-សម្រេចបញ្ចុះកម្រៃសេវាមា៉សីុនស្គែនចំនួន២០% បន្ថែមទៀត ដោយក្នុងនោះកម្រៃម៉ាសីុនស្គែនសម្រាប់កុងតឺន័រ៤០ហ្វ៊ីត កម្រៃត្រូវបញ្ចុះពី៤០ដុល្លារមក៣២ដុល្លារអាមេរិក ។ កុងតឺន័រ២០ហ្វ៊ីត នឹងត្រូវបញ្ចុះពី២៥ដុល្លារមក២០ដុល្លារអាមេរិក ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំបែបបទសម្រាប់ឱ្យអនុវត្ត ចាប់ពីថ្ងៃទី១ខែមេសា ឆ្នាំ២០១៤ តទៅ ។ ៧-ការផ្គត់ផ្គង់សិទ្ធិជាប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត ។ សម្តេចណែនាំឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យចាប់ផ្តើមធ្វើការអញ្ជើញធុរជនដែលមានអនុលោមភាពខ្ពស់ និងមានកិត្តិនាមល្បីៗ ដើម្បីផ្តល់ជូននូវសិទ្ធិជាប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាតនេះតែម្តង ឱ្យបានមុនថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។ ៨-សំណូមពរ (ក្រុមការងារទេសចរណ៍ក្រុមខ) សម្តេចតេជោ បានឱ្យក្រសួងទេសចរណ៍ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវខិតខំរកមធ្យោបាយគ្រប់បែបយា៉ង ដើម្បីបន្ថែមបញ្ជរនគរបាលអន្តោប្រវេសន៍នៅច្រកអន្តរជាតិ ដើម្បីសម្រួលដល់កំណើននៃភ្ញៀវទេសចរដែលឆ្លងកាត់ ។ ៩-សំណូមពរក្រុមការងារផ្នែកទេសចរណ៍ក្រុម «ខ»-ពង្រឹងសុវត្ថិភាព និងសន្តិសុខនៅតាមទីប្រជុំជន និងតំបន់ដែលមានភ្ញៀវទេសចរច្រើន ។ ផ្តល់អនុសាសន៍ដល់អ្នកបញ្ជាយានយន្តទាំងឡាយ ឱ្យអនុវត្តច្បាប់ចរាចរណ៍ជាធរមាន ។
-ក្រសួងទេសចរណ៍ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវខិតខំរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីពង្រឹងសុវត្ថិភាព និងសន្តិសុខនៅតាមទីប្រជុំជន និងតំបន់ដែលមានទេសចរច្រើន។ រាជរដ្ឋាភិបាលទើបនឹងអនុម័តគោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលកំពុងឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ ។ ១០-សំណូមពរ ការធ្វើពិពិធកម្មតំបន់ទេសចរណ៍ក្នុងស្រុក -ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវតាមដានការអនុវត្តជាក់ស្តែងរបស់បណ្តាក្រុមហ៊ុនវិនិយោគលើកោះ-ឆ្នេរ ដែលបានចុះហត្ថលេខារួចហើយ ដើម្បីធានាឱ្យបាននូវការអនុវត្តស្របតាមគោលការណ៍កំណត់ ។ ចំពោះក្រុមហ៊ុនណាដែលពុំបានអនុវត្តគម្រោងតាមខ្លឹមសារកិច្ចសន្យា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា ត្រូវលើកសំណើលុបកិច្ចសន្យាវិញ ។ ១១-សំណូមពរការបង្កើតឱ្យមានចលនាអនាម័យសាមគ្គីរវាងអាជ្ញាធរ និងឯកជន នៅតាមតំបន់នីមួយៗ ជាព្រឹត្តិការណ៍អចិន្ត្រៃយ៍ក្នុងរយៈពេល១ខែ ឬ២ខែម្តង ឱ្យស្របតាមពាក្យស្លោក «ទីក្រុងស្អាត រមណីយដ្ឋានស្អាត»។
សម្តេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នមានគណៈកម្មាធិការប្រឡងប្រណាំងទីក្រុងស្អាតដែលកំពុងជំរុញចលនានេះជាប្រចាំ និងខិតខំជំរុញការប្រកាសជ័យលាភីនៅឆ្នាំ២០១៥ខាងមុខ ហើយក៏បានបូកសរុបវាយតម្លៃដំណាក់កាលដំបូង ចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ ។ ដោយឡែក នៅតាមទីសាធារណៈ ទីប្រជុំជន និងនៅតាមទីក្រុងនានា ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរដែនដី ត្រូវរៀបចំយន្តការអចិន្ត្រៃយ៍មួយ ដើម្បីឆ្ពោះទៅការអភិវឌ្ឍកម្ពុជាស្អាត-កម្ពុជាបៃតង ។ តាមរយៈយន្តការនេះ យើងសង្ឃឹមថា ទីក្រុងនឹងកាន់តែស្អាតល្អ និងមានអនាម័យនៅតាមទីក្រុង រាប់ទាំងការគ្រប់គ្រងកាកសំណល់រឹង និងកាកសំណល់រាវ ។
១២-សំណូមពរ ៈ ស្នើរាជរដ្ឋាភិបាលលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់ដូចជា ៖ ក-អនុគ្រោះពន្ធនាំចូលគ្រឿងម៉ាស៊ីន សម្ភារ និងវត្ថុធាតុដើម ដែលបម្រើសហគ្រាសធុនតូច និងមធ្យម ។ ខ-សុំព្យួរពន្ធលើប្រាក់ចំណេញរយៈពេល៣ឆ្នាំដំបូងសម្រាប់សហគ្រាសទើបនឹងបើកថ្មី ។ ការទទួលបាននូវការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងពិនិត្យលទ្ធភាពផ្តល់នូវការលើកទឹកចិត្តផ្នែកពន្ធដារដល់ប្រភេទសហគ្រាសធុនតូច និងមធ្យមមួយចំនួន ។
គ-សុំជំរុញការអនុវត្តសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ៥៤៩ សជណ ចុះថ្ងៃទី២០ ឧសភា ២០១០ ធ្វើយ៉ាងណា ឱ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់មានភាពងាយស្រួលក្នុងការចុះបញ្ជីនៅកន្លែងតែមួយ។ រាជរដ្ឋាភិបាលឯកភាពតាមសំណូមពរ និងបានដោះស្រាយរួចហើយ រាល់សហគ្រាសធុនតូច និងមធ្យមនឹងត្រូវទៅចុះបញ្ជីនៅកន្លែងតែមួយគត់ គឺលេខាធិការដ្ឋានសហគ្រាសធុនតូច និងមធ្យមក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីខេត្ត ។ ក្រសួងកសិកម្ម និងក្រសួងដទៃទៀត ត្រូវធ្វើប្រតិភូកម្ម ឬចាត់វិធានការសមស្របដើម្បីចៀសវាងកុំឱ្យសហគ្រាសធុនតូច និងមធ្យមទៅបំពេញបែបបទនៅច្រើន
កន្លែង ។ ១៣-សំណូមពរអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងកាត់តាមផ្លូវលេខ៣៧១ ឆ្លងស្ពានព្រះមុនីវង្សទៅកំពង់ផែខ្សុំចន្លោះពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង៤រសៀលដើម្បីសម្រួលដល់ការចំណាយពេលវេលាអ្នកនាំចេញ ។
ឯកភាពតាមសំណូមពរ តែករណីនេះត្រូវចាត់ទុកជាករណីពិសេសដើម្បីសម្រួលដល់វិស័យស្រូវ អង្ករ ។ សូមឱ្យក្រុមហ៊ុនទំនាក់ទំនងជាមួយសាលារាជធានី ដើម្បីទទួលនូវប័ណ្ណពិសេសដើម្បីធ្វើចរាចរណ៍ឆ្លងកាត់ចន្លោះរវាងម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង៤រសៀល ។ សម្តេចមានប្រសាសន៍ថា កាលពីមុនចាប់ផ្តើមមានវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន កាលណោះរោងចក្រមានតែ៤០-៥០ ទេ ដល់ឥឡូវមាន៦០០រោងចក្រ ដោយសារយើងបានដោះស្រាយបញ្ហានានា ។ ពេលនោះមានរឿងច្រើនពេក ដល់ពេលឥឡូវលើកសំណូមពរមកសុទ្ធតែចំណុចគន្លឹះ អត់មានចំណុចពាក់ព័ន្ធស្មុគស្មាញច្រើន ក្រោមតុ លើតុ អត់មានទេ កាត់បន្ថយបានច្រើន ។ នេះជាវឌ្ឍនភាពដែលយើងត្រូវទទួលស្គាល់ទាំងអស់គ្នា ហើយចែករំលែកផលទាំងអស់គ្នា បុ៉ន្តែក៏ត្រូវចែករំលែកការទទួលខុសត្រូវទាំងអស់គ្នាដែរ ទាំងផ្នែករដ្ឋ ទាំងផ្នែកឯកជន ៕
ចែករំលែកព័តមាននេះ