រាជធានីភ្នំពេញ ៖ ក្រោយពីទទួលបានសេចក្តីជូនដំណឹងរបស់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ មីនា វេលាម៉ោង១០ព្រឹក ប្រធានមន្ទីរពេទ្យបានអញ្ជើញបុគ្គលិកគ្រប់ផ្នែកឱ្យចូលរួមប្រជុំ ដើម្បីរក្សាភាពស្ងប់ស្ងៀម ដោយសារខ្លាចមានការតវ៉ាដូចពេលមុនទៀត ។ ទាក់ទងនឹងសេចក្កីជូនដំណឹងដែលគ្មានការចុះលេខ និងហត្ថលេខារបស់ប្រធានមន្ទីរសុខា ភិបាលរាជធានីភ្នំពេញ ធ្វើឱ្យក្រុមគ្រូពេទ្យមានចម្ងល់ហើយសួរថា សេចក្តីជូនដំណឹងនេះចេញមកពីណា ?
តើអ្នកធ្វើសេចក្តីជូនដំណឹងនេះចេះការងាររដ្ឋបាលឬអត់? ខ្លឹមសារក្នុងសេចក្តីជូនដំណឹងបានសរសេរថា មន្ទីរ បានសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើការអភិវឌ្ឍសាងសង់អគារចំនួន២បន្ថែមទៀតនៅផ្នែកខាងក្រោយចំកន្លែងអគារចាស់ដែលទ្រុឌទ្រោម ដោយមិនបានបញ្ជាក់ចំនួនជាន់ផ្ទុយពីសំណើ ដែលបានស្នើសុំក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៦ កុម្ភៈ កន្លងមកនេះ ដែលអគារនីមួយៗមានកម្ពស់៥ជាន់ និងឱ្យសមាមាត្រនឹងទំហំអគារខាងមុខដែលបានដោះដូរនោះ ។ ក្រុមគ្រូពេទ្យគ្រប់ផ្នែកបានលើកឡើងថា ក្រោយពីលោកប្រធានមន្ទីរសុខាភិបាលរាជធានី ភ្នំពេញ បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា អគារផ្នែកខាងមុខ ដែលធ្លាប់បម្រើសេវាជូនប្រជាពលរដ្ឋសព្វថ្ងៃ ជាអគារផ្ទះល្វែងចាស់ ទ្រុឌទ្រោម ខ្លាចបាក់រលំបង្កឱ្យមានគ្រោះថ្នាក់ ដល់អ្នកជំងឺ និងក្រុមគ្រូពេទ្យ មិនតែប៉ុណ្ណោះ មានការទុស្សេចរន្តភ្លើងទៀតនោះ ពេលនេះធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច មិនហ៊ានមកទទួលសេវាពិនិត្យ និងសម្រាកព្យាបាលជំងឺ និងស្ទើរតែគ្មានអ្នកជំងឺមកពិនិត្យ និងសម្រាកព្យាបាល ។ ក្រុមគ្រូពេទ្យមួយចំនួនមានចម្ងល់ថា តើផ្អែកលើអ្វីទៅដែលបញ្ជាក់ថា ជាសំណង់ចាស់ទ្រុឌទ្រោម តើមានបង្កើតគណៈកម្មការវាយតម្លៃសំណង់ហើយឬនៅ ? ហើយសំណង់ផ្ទះល្វែងរបស់ប្រជាពលរដ្ឋដែលនៅជាប់នឹងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញក៏មិនអាចឱ្យប្រជាពលរដ្ឋនៅបានដែរ ព្រោះខ្លាចមានគ្រោះថ្នាក់ដូចគ្នា ?
ក្រុមគ្រូពេទ្យ និងលោកប្រធានមន្ទីរពេទ្យ បានលើកឡើងប្រហាក់ប្រហែលគ្នាថា អគាររបស់មន្ទីរពេទ្យផ្នែកខាងមុខមិនទាន់ដល់ថ្នាក់ចាស់ទ្រុឌទ្រោមនោះទេ គឺអាចបម្រើសេវាជូនប្រជាពលរដ្ឋបាន ហើយសូមឱ្យប្រជាពលរដ្ឋមកទទួលការពិនិត្យ និងសម្រាកព្យាបាលដូចធម្មតា កុំមាន ការព្រួយបារម្ភអ្វី ព្រោះមិនទាន់មានការផ្លាស់ប្តូរទេ ដរាបណាអគារថ្មីមិនទាន់សាងសង់រួចរាល់នោះ ៕
ចែករំលែកព័តមាននេះ