ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវយុវជនម្នាក់ទៀតកាប់មួយកាំបិតកកុកចំកណ្តាលក្បាល បណ្តាលឱ្យរងរបួសដេរអស់១៨ថ្នេរ ដោយសារជម្លោះរឿងលេងបៀរផឹកទឹក កាលពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី៣ មីនា ២០១៤ស្ថិតនៅចំណុចបរិវេណតារាងបាល់ទះ ក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ប្រភពបានឱ្យដឹងថា បុរសជនរងគ្រោះឈ្មោះម៉េស ងូត អាយុ២១ឆ្នាំ ចំណែកជនដៃដល់ឈ្មោះជុក រ៉ែម ហៅវិត អាយុ១៧ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិស្រែតាជ័យជាមួយគ្នា ។ ប្រភពបានបន្តថា មុនពេលកើតហេតុ នៅតារាងបាល់ទះមានគេលេងបាល់ទះក្នុងភូមិ ពេលនោះមានបុរសរងគ្រោះនិងជនដៃដល់ រួមទាំងមនុស្សមួយចំនួនទៀតកំពុងលេងបៀផឹកទឹកនៅជិតនោះ ហើយក៏មានជម្លោះនឹងគ្នា ភ្លាមនោះជនដៃដល់បានត្រឡប់ទៅផ្ទះវិញ រួចបានយកកាំបិតកកុកលាក់ខាងក្រោយខ្នងដើរមកតារាងបាល់ទះវិញខណៈនោះជនរងគ្រោះអង្គុយភ្លេចខ្លួន ជនដៃដល់បានយកកាំបិតកាប់ទៅលើជនរងគ្រោះមួយកាំបិតចំកណ្តាលក្បាលបណ្តាលឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។
ក្រោយពេលកើតហេតុ ជនដៃដល់បានព្យាយាមរត់គេចខ្លួន តែត្រូវប៉ូលិសមូលដ្ឋានចាប់ខ្លួនបានភ្លាមៗដែរ ។ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
ចែករំលែកព័តមាននេះ