ខេត្តកំពង់ចាម ៖ ផ្ទះឈើតូច១ខ្នងទំហំ៣គុណ៤ម៉ែត្រប្រក់ស្បូវ ជញ្ជាំងបាំងស្លឹកត្នោត ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម សង្ស័យត្រូវអ្នកញៀនថ្នាំលួចដុតបណ្តាលឱ្យឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ កុម្ភៈ ២០១៤ ។
ម្ចាស់ផ្ទះត្រូវគេស្គាល់ឈ្មោះសាំង ប៊ុនថន អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកអ្នកញៀនថ្នាំសង្ស័យឈ្មោះឈុន វិទូ ហៅអូន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ត្រូវអ្នកភូមិចាប់ខ្លួនបានប្រគល់ឱ្យប៉ូលិស ខណៈពេលជននេះរត់ចូលទៅក្នុងផ្ទះបណ្តុះផ្សិតមួយកន្លែងនៅចម្ងាយ៥០ម៉ែត្រពីផ្ទះឆេះក្នុងចេតនាមិនល្អធ្វើអ្វីមួយ។
ម្ចាស់ផ្ទះរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបលោកបានដេកនៅលើផ្ទះជាមួយប្រពន្ធ និងកូនតូចៗ៣នាក់ទៀត រហូតដល់យប់ជ្រៅស្រាប់តែប្រពន្ធស្រែកដាស់ឱ្យក្រោកឡើងប្រាប់ថា ភ្លើងឆេះផ្ទះ ក៏នាំគ្នារត់ចុះមកដីតាមច្រកទ្វារមុខ។
ម្ចាស់ផ្ទះរងគ្រោះបានបន្តទៀតថា ខណៈចុះមកដល់ដីឃើញតែប្រពន្ធអត់ឃើញកូន លោកក៏យកភួយមកគ្របពីលើក្បាលរួចរត់ឡើងទៅលើផ្ទះបីកូនចុះមកក្រោម បន្ទាប់មកអ្នកភូមិជាច្រើននាក់បាននាំគ្នាមកជួយដងទឹកជះពន្លត់ តែមិនរលត់ ព្រោះភ្លើងបានឆេះពេញបន្ទុកទៅហើយ ទីបំផុតផ្ទះរបស់លោកបានឆេះអស់សល់តែសរសចំនួន៨ដើមប៉ុណ្ណោះ។
ជនរងគ្រោះបានបញ្ជាក់ថា ផ្ទះនេះលោកបានសង់នៅលើដីរបស់អ្នកភូមិ ដែលលោកជួលក្នុង១ឆ្នាំតម្លៃ៦ម៉ឺនរៀលដើម្បីស្នាក់នៅ ហើយពេលយប់ប្រើអំពូលអគ្គិសនីតែមួយដាក់បំភ្លឺប៉ុណ្ណោះ។
ដោយភាពអាណិតអាសូរលោកយាយម្នាក់ឈ្មោះងិន សំអុន អាយុ៦៦ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង នៅព្រឹកថ្ងៃទី២៨ កុម្ភៈ បានយកអង្ករ៥គីឡូក្រាម ថវិកា១ម៉ឺនរៀលមកផ្តល់ឱ្យគ្រួសារបុរសរងគ្រោះ ។ ចំណែកស្ត្រីចំណាស់ម្នាក់ទៀតឈ្មោះម៉ាន វេន អាយុ៦៣ឆ្នាំ ក៏បានយកភួយ ខ្នើយ មុង កន្ទេល ប្រហុក ផ្អកមកប្រគល់ជូនជនរងគ្រោះដល់លំនៅឋានផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការបន្ត៕
ចែករំលែកព័តមាននេះ