រាជធានីភ្នំពេញ ៖ មន្រ្តីយោធាស័ក្តិ៤កន្លះម្នាក់ បានយកខ្សែគោទៅចងក.ជាប់នឹងធ្នឹមផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់ ដោយសារតែមានទំនាស់ជាមួយប្រពន្ធ និងជំពាក់បំណុលធនាគារចំនួន៥០០០ដុល្លារ យកទៅលេងល្បែងចាញ់អស់ ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ កុម្ភៈ ២០១៤ ស្ថិតនៅក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
បុរសដែលធ្វើអត្តឃាតខ្លួនឯង ឈ្មោះ ជា សម្បត្តិ អាយុ៤៦ឆ្នាំ ជាមន្ត្រីយោធា មានឋានន្តរស័ក្តិវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) និងជាជាងសិប្បកម្មតុ ទូ គ្រែ មានប្រពន្ធ ឈ្មោះ ប្រាក់ ផាន់ណា អាយុ៣០ឆ្នាំ និងមានកូនចំនួន៤នាក់ បុ្រសម្នាក់ ស្រី៣នាក់ រស់នៅភូមិកើតហេតុ ។
ប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមក ជនរងគ្រោះតែងតែមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធកូនជាញឹកញាប់ ដោយសារតែប្រពន្ធហាមមិនឱ្យលែងល្បែងស៊ីសង ហើយជនរងគ្រោះថែមទាំងបានចងការប្រាក់ធនាគារចំនួន៥០០០ដុល្លារ យកទៅលេងល្បែងចាញ់អស់ទៀត ។ ប្រភពបន្តថា កាលពី១អាទិត្យកន្លងមក ជនរងគ្រោះបានឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធ រហូតដល់ឡើងទៅដោះស្រាយនៅប៉ុស្តិ៍នគរបាលសង្កាត់អូរតាវ៉ៅ ។
ប្រភពឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានហៅកូនមកផ្តាំផ្ញើថា ពេលអត់ពីគាត់ទៅត្រូវចេះថែរក្សាខ្លួន និងស្តាប់បង្គាប់ម្តាយ រួច ជនរងគ្រោះក៏ដើរចេញទៅក្រៅបាត់មួយសន្ទុះ ហើយត្រឡប់ចូលមកផ្ទះវិញទាំងទឹកមុខស្រពាប់ស្រពោនខុសប្លែកពីធម្មតា ។ លុះនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ខណៈដែលប្រពន្ធជនរងគ្រោះផ្លាស់សម្លៀកបំពាក់នៅខាងក្រៅបម្រុងនឹងចូលទៅងូតទឹកក្នុងបន្ទប់ទឹក ស្រាប់តែឃើញប្តីរបស់ខ្លួនចងក.ជាប់នឹងធ្នឹមផ្ទះក្បែរបន្ទប់ទឹកស្លាប់បាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ