រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាប្រធានសន្តិសុខក្រុមហ៊ុនឯកជនមួយត្រូវបានសង្ស័យថា ខ្យល់គរដួលស្លាប់ខណៈដែលជិះម៉ូតូ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ កុម្ភៈ ២០១៤ នៅមុខអាហារដ្ឋានម៉ាក់អាឡុង ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះយ៉ែម ណៃ អាយុ៣៤ឆ្នាំ ជាប្រធានសន្តិសុខក្រុមហ៊ុន ស្នាក់នៅផ្ទះជួលភូមិលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ អត់មានអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកទេ គ្រាន់តែឮសំឡេងផាំងប្រាវ លុះនាំគ្នាបើកទ្វារផ្ទះចេញមកមើល ក៏ឃើញបុរសម្នាក់ដួលសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1O 7595 តែម្នាក់ឯង ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ក៏ជិះដួលសន្លប់ស្តូកស្តឹង ហើយអត់មានស្នាមបោកបែកក្បាលហូរឈាមទេ តែបានស្លាប់បាត់ទៅហើយ ចំណែកម៉ូតូក៏មិនរងការខូចខាតអ្វីដែរ ។
ចែករំលែកព័តមាននេះ