រាជធានីភ្នំពេញ ៖ ផ្ទះថ្មទំហំ៤គុណ១១ម៉ែត្រត្រូវបានភ្លើងឆាបឆេះបន្ទប់ឡៅតឿជាន់ទីមួយ បណ្តាលឲ្យហុយផ្សែងទ្រលោម ខណៈពេលដែលម្ចាស់ផ្ទះចេញទៅលក់បន្លែអស់ចាក់សោផ្ទះពីខាងក្រៅ ។ អគ្គិភ័យនេះកើតឡើង កាលពីវេលាម៉ោង៣និង៥៥នាទីទៀបភ្លឺថ្ងៃទី២៨ កុម្ភៈ នៅចំណុចផ្ទះលេខ15AE1 ផ្លូវលេខ៣២៦ ក្រុម២ ភូមិ៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក សង្ស័យទុស្សេចរន្តអគ្គិសនី ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហ៊ត ឈុនឡុង ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ សុខ ម៉ុន អាយុ៤៤ឆ្នាំ មុខរបរលក់បន្លែ នៅផ្សារដើមគ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ មុនពេលកើតហេតុម្ចាស់ផ្ទះបានចេញទៅ លក់បន្លែនៅផ្សារដើមគ តាំងពីម៉ោង១រំលងអធ្រាត្រ ដោយចាក់សោផ្ទះពីខាងក្រៅ ស្រាប់តែ ទុស្សេចរន្តអគ្គិសនី ធ្វើឲ្យឆេះពូកនៅក្នុងបន្ទប់ឡៅតឿជាន់ទីមួយ និងពិតានក្នុងបន្ទប់ធ្វើឲ្យហុយផ្សែងទ្រលោម ទើបមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងទូរស័ព្ទហៅរថយន្ត ពន្លត់អគ្គិភ័យចុះទៅជួយអន្តរាគមន៍ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អគ្គិភ័យនេះមិនបានឆ្លងរាលចេញពីក្នុងបន្ទប់ឡៅតឿទេ គឺឆេះនៅក្នុងបន្ទប់ឡៅតឿធ្វើឲ្យហុយផ្សែងឃ្មួលខ្មាញ់ ហើយត្រូវបានអ្នកជិតខាងនិងសមត្ថកិច្ចវាយបំបែកកញ្ចក់ចូលទៅពន្លត់ទើបរលត់អស់ទៅវិញភ្លាមៗ ។ អគ្គិភ័យនេះឆេះខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះស្ទើរទាំងស្រុង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់២គ្រឿង ៕
ចែករំលែកព័តមាននេះ