ខេត្តបន្ទាយមានជ័យ ៖ សាកសពពលករខ្មែរ ចំនួន ៧នាក់ ដែលរងគ្រោះដោយការបាក់ស្រុតអគារគម្រោងមន្ទីរពេទ្យមួយឈ្មោះ រ៉ាម៉ាកៅ នៅខេត្តសាមុទ្រប្រាកាន ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៥ កុម្ភៈ ២០១៤ ត្រូវបានបញ្ជូនមកឲ្យសាច់ញាតិក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយនៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី២៧ កុម្ភៈ នេះ។
សពពលករទាំង ៧នាក់ រួមមាន ១. ឈ្មោះ ឈិន រ៉ន ភេទប្រុស អាយុ ៣០ឆ្នាំ ២. ឈ្មោះ និត នាថ ភេទប្រុស អាយុ ៤០ឆ្នាំ ៣. ឈ្មោះ រឿន នាង ភេទស្រី អាយុ ៣២ឆ្នាំ អ្នកទាំង៣ មានទីលំនៅភូមិវាល ឃុំស្មោងអំបូង ស្រុកកំចាយមា ខេត្តព្រៃវែង ជាមួយគ្នា។ ៤. ឈ្មោះ ស្ដែង រ៉ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ៥.ឈ្មោះ គង់ ពិសិដ្ឋ ភេទស្រី អាយុ ៤៧ឆ្នាំ មកពីខេត្តស្វាយរៀង ដូចគ្នា ប៉ុន្តែ មកពីភូមិត្របែក ស្រុកស្វាយជ្រុំ។
៦. ឈ្មោះ អ៊ុន នឹម ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិលម្អដើមក្រូច ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្តតាកែវ និង ៧.ឈ្មោះ ជួន ណាន ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិតាណាក ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ស្ត្រីម្នាក់ជាសាច់ញាតិរបស់សពរងគ្រោះឈ្មោះ ជួន ណាន មិនប្រាប់ពីអត្តសញ្ញាណ បានប្រាប់កោះសន្តិភាពថា សាច់ញាតិរបស់គាត់មុនស្លាប់បានចេញពីកម្ពុជា តាមច្រករបៀងហើយថា ការស្លាប់នេះ គេដោះស្រាយថវិកាជំហានដំបូងចំនួន ២ម៉ឺនបាត សិនសម្រាប់សពម្នាក់ ដើម្បីយកមកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ហើយពេលខាងមុខគេនឹងដោះស្រាយ ១សែនបាត ទៀតសម្រាប់សពម្នាក់។
ទោះជាយ៉ាងណា ព័ត៌មាននេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីមន្ត្រីណាម្នាក់បានឡើយ ព្រោះគ្រប់គ្នារវល់តែដោះស្រាយរឿងសព ដើម្បីឲ្យសាច់ញាតិបាននាំយកត្រលប់ទៅស្រុកកំណើត លុះរួចរាល់ក្រុមមន្ត្រីខ្មែរ និងថៃ ត្រលប់ទៅវិញអស់មិនអាចសួរនាំបាន។ សពឈ្មោះ គង់ ពិសិដ្ឋ ត្រូវបានសាច់ញាតិលើកយកទៅតម្កល់នៅក្នុងវត្តបាលិលេយ្យ ហើយអះអាងថា នឹងធ្វើការបូជានៅទីនោះ យកធាតុទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ចំណែកសពឈ្មោះ ជួន ណាត ក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត។
លោក នេត សារី អគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថា ចំពោះអ្នករបួសធ្ងន់ស្រាល ១៤នាក់ ប្រុស ៨នាក់ ពេលនេះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងខេត្តកើតហេតុនៅឡើយ ហើយចំពោះករណីបាក់ស្រុតនេះ គឺកើតឡើងនៅពេលដែលជាន់មួយទំនងជាជាន់ទី៥ ក្នុងចំណោម ៥ជាន់ ចាក់ប្លង់សេរួចក្រុមពលករកំពុងអង្គុយហូបបាយ ស្រាប់តែបាក់ស្រុតប្លង់សេនោះ មិនតែប៉ុណ្ណោះ ស្រុតដល់ជាន់ផ្សេងៗ ទាំងអស់តែម្ដង។ ហើយពេលនេះ ក្រុមបច្ចេកទេសគេកំពុងសិក្សាលើបញ្ហានេះ៕
ចែករំលែកព័តមាននេះ