ខេត្តបន្ទាយមានជ័យ ៖ មនុស្ស២ក្រុម ដែល១ក្រុមជាភាគីខាងម្ដាយក្មេក និង១ក្រុមទៀតជាភាគីខាងកូនប្រសាស្រី បានទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាល នៅរសៀលថ្ងៃទី២៦ កុម្ភៈ ដើម្បីប្ដឹង និងចោទប្រកាន់គ្នាទៅវិញទៅមក ក្រោយកើតអំពើហិង្សាកាលពីរសៀលថ្ងៃទី២៥ កុម្ភៈ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
ស្រ្ដីជាម្ដាយក្មេកដែលប្ដឹងកូនប្រសាឈ្មោះ ក្រូច ខឿន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ មានរបួសម្រាមដៃខាងស្ដាំចោទថា កូនប្រសាស្រីរបស់គាត់ឈ្មោះ លី ដាលីន អាយុ ២១ឆ្នាំ ចាប់មួលរហូតបាក់ឆ្អឹងក្នុងជម្លោះរឿងកូនប្រសាបាត់ប្ដី កាលពីម៉ោង២រសៀលថ្ងៃទី២៥ កុម្ភៈ ។ ស្រ្ដីជាម្ដាយក្មេកបាននិយាយថា មុនពេលកើតហេតុ កូនប្រសារបស់គាត់បានធ្វើដំណើរមកពីស្រុកមោងឫស្សី ខេត្ដបាត់ដំបង ហើយពេលមកដល់ គាត់ក៏សួរកូនប្រសាថា ទៅណាមានកន្ដ្រកយួររយីងរយោង? និងបានប្រាប់ថា ប្ដីរបស់កូនឯងទៅប្រទេសថៃបាត់ហើយ ។
ស្រ្ដីជាម្ដាយក្មេកបន្ដថា ពេលឮគាត់ប្រាប់បែបនេះ ស្រាប់តែកូនប្រសាស្រែកឡូឡាចោទគាត់ថា ស៊ុមគ្រលុំម្ដាយនិងកូន និងសុំលេខទូរស័ព្ទប្ដីរបស់គេ បន្ទាប់មកក៏ចាប់ដៃគាត់មួលរហូតបាក់ម្រាមតែម្ដង ។ ទោះជាយ៉ាងណា ភាគីខាងកូនប្រសាដែលរងការចោទប្រកាន់ថា មួលដៃម្ដាយក្មេកឱ្យរបួសនោះ បានប្រាប់ថា ការពិតខ្លួនមិនបានវាយម្ដាយក្មេកទេ និងបញ្ជាក់ថា ក្នុងហេតុការណ៍សួររកទូរស័ព្ទប្ដី ម្ដាយក្មេកមិនប្រាប់ ហើយពេលខ្លួនព្យាយាម សុំម្ដាយក្មេកបានធាក់កន្ដ្រករបស់ខ្លួនធ្លាក់ពីលើគ្រែ និងយកដៃរុញច្រាននាង ហើយពេលនាងយកដៃវាសចេញក៏ចំដៃម្ដាយតែម្ដងទៅ ។ មិនតែប៉ុណ្ណោះ នាងបានចោទថា ប្អូនថ្លៃប្រុសរបស់នាងបានវាយនាងរហូតជាំដៃខាងស្ដាំ និងរបួសក្រោមកដៃខាងឆ្វេង តែប្អូនថ្លៃប្រុសឈ្មោះ ថន ក្រិត អាយុ ២២ឆ្នាំ បានបដិសេធថា ជារឿងមិនពិត ។
នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ភាគីសាច់ញាតិខាងស្រ្ដីជាម្ដាយក្មេក និងភាគីសាច់ញាតិខាងស្រ្ដីជាកូនប្រសាបានប្រកែកយកឈ្នះរៀងៗខ្លួន ដោយចោទគ្នាទៅវិញទៅមក ជំនួសភាគីទាំងសងខាងដែលកំពុងត្រូវសមត្ថកិច្ចសួរនាំនៅក្នុងបន្ទប់ ។ តាមប៉ូលិសនិយាយថា ក្រោយហេតុការណ៍កើតឡើង នៅរសៀលថ្ងៃទី២៥ កុម្ភៈ ជាថ្ងៃកើតហេតុ នាងជាកូនប្រសាបានប្ដឹងសមត្ថកិច្ចពីម្ដាយក្មេកថា បានព្រួតគ្នាវាយនាង ហើយស្រ្ដីជាម្ដាយក្មេក ទើបតែមកប្ដឹងកូនប្រសាវិញ នៅរសៀលថ្ងៃទី២៦ កុម្ភៈ ក្រោយពីសមត្ថកិច្ចធ្វើលិខិតអញ្ជើញមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីសួរនាំ ។
ពេលនេះ ភាគីទាំង២ម្ដាយក្មេកនិងកូនប្រសាកំពុងត្រូវបានសមត្ថកិច្ចសួរនាំនៅឡើយ ។ ជុំវិញបញ្ហាខាងលើ លោក ចាន់ សុភី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាល បានប្រាប់កោះសន្ដិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ កុម្ភៈ ថា ភាគីម្ដាយក្មេកនិងកូនប្រសាស្រីដែលប្ដឹងនិងចោទប្រកាន់គ្នានោះ បានសម្រួលគ្នាវិញហើយ គឺកូនប្រសាស្រីសុំទោសម្ដាយក្មេក ហើយនាំគ្នាត្រឡប់ទៅលំនៅឋានរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ