ខេត្តបន្ទាយមានជ័យ ៖ សពកម្មករខ្មែរចំនួន៧នាក់ ដែលរងគ្រោះដោយសារការបាក់ស្រុតអគារមន្ទីរពេទ្យនៅខេត្តសាមុទ្រប្រាកាន ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៥ កុម្ភៈ បានបញ្ជូនមកឱ្យសាច់ញាតិដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រលប់ថ្ងៃទី២៧ កុម្ភៈ ។ នេះបើតាមការឱ្យដឹងតាមទូរស័ព្ទពីលោក នេត សារី អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ នៅរសៀលថ្ងៃដដែលនោះ ។
សពកម្មករខ្មែរទាំង៧នាក់ ដែលត្រូវភាគីថៃបញ្ជូនត្រឡប់មកវិញនេះត្រូវបានលោក នេត សារី ប្រាប់ថា គឺបុរស៤នាក់ និងស្ត្រី៣នាក់ រួមមាន ១-ឈ្មោះឈិន រ៉ុម ភេទប្រុស អាយុ៣០ ឆ្នាំ ២-ឈ្មោះអ៊ុន នឹម ភេទប្រុស អាយុ២២ឆ្នាំ ៣-ឈ្មោះស្ដែង រ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ៤-ឈ្មោះនាថ ភេទប្រុស អាយុ៤០ឆ្នាំ ៥-ឈ្មោះឃុន ពិចិត្រ ភេទស្រី អាយុ៣២ឆ្នាំ ៦-ឈ្មោះនាង ភេទស្រី អាយុ៣២ឆ្នាំ និង៧-ឈ្មោះណាន ភេទស្រី អាយុ១៨ឆ្នាំ ។ សពកម្មករខ្មែរទាំង៧នាក់ មាន២នាក់ជាអ្នកខេត្តព្រៃវែង និងមួយចំនួនទៀតកោះសន្តិភាពមិនទាន់បានស្គាល់ថា រស់នៅខេត្តណាខ្លះនោះទេ ប៉ុន្តែ លោកនេត សារី អគ្គកុងស៊ុលខ្មែរប្រាប់ថា សពទាំងអស់ត្រូវភាគីថៃបញ្ជូនមកដល់កម្ពុជានៅព្រលប់ថ្ងៃទី២៧ កុម្ភៈ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
លោកអគ្គកុងស៊ុលខ្មែរូបនេះបន្តថា ចំពោះអ្នករបួសធ្ងន់-ស្រាល១៤នាក់(ប្រុស៨នាក់ )ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តសាមុទ្រប្រាកាន នៅឡើយ ហើយចំពោះករណីបាក់ស្រុតនេះគឺកើតឡើងនៅពេលដែលជាន់មួយទំនងជាជាន់ទី៥ក្នុងចំណោម៥ជាន់ខណៈចាក់ប្លង់សេរួចក្រុមកម្មករកំពុងអង្គុយហូបបាយស្រាប់តែបាក់ស្រុតប្លង់សេនោះ ។ មិនតែប៉ុណ្ណោះក៏ស្រុតដល់ជាន់ផ្សេងៗទៀត ទាំងអស់តែម្ដង ហើយពេលនេះក្រុមបច្ចេកទេសកំពុងសិក្សាលើបញ្ហានេះ ៕
ចែករំលែកព័តមាននេះ