ខេត្តកណ្តាល ៖ ក្រុមកម្មករ -កម្មការិនីប្រមាណជិត១០០នាក់ នៃរោងចក្រកាត់ដេរមួយឈ្មោះគ្រីស្តាល់ម៉ាទីន ប្រមាណជិត១០០នាក់ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច 7NG ក្នុងភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល បានរងរបួសរលាកដៃជើង និងដួលសន្លប់បន្តបន្ទាប់ ខណៈមានហេតុការណ៍ផ្ទុះអាគុយនៅក្នុងរោងចក្រ ហើយធ្លាយឧស្ម័ន ចំហាយទឹកអាស៊ីត មកលើ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៧ កុម្ភៈ ។
ក្រុមកម្មកររងគ្រោះត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចមូលដ្ឋានជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកភ្លាមៗផងដែរ ។ ពួកគេបាននិយាយថា នៅវេលាម៉ោងប្រហែលជា៩ព្រឹក ខណៈកម្មករ-កម្មការិនីគ្រប់រូបកំពុងកាត់ដេរសម្លៀកបំពាក់ជាធម្មតា ស្រាប់តែមានធំុក្លិនចំណាយឧស្ម័នដូចថ្នាំពុលសាយភាយ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានសំឡេងផ្ទុះឡើងនៅក្នុងរោងចក្រ ។ បន្ទាប់មកកម្មករ២នាក់បានដួលសន្លប់ និងកម្មករផ្សេងៗទៀតក៏បានដួលសន្លប់ដូចៗគ្នា ទើបកើតមានភាពចលាចលពេញរោងចក្រតែម្តង ។ ក្រុមកម្មករបាននិយាយបន្តទៀតថា ដោយឃើញសភាពដួលសន្លប់ជាបន្តបន្ទាប់នោះ នៅក្នុងរោងចក្រ ដែលមានកម្មកររាប់ពាន់នាក់ក៏បានទម្លុះទ្វារចេញមកក្រៅ ខ្លះស្រែកហៅបងប្អូនសាច់ញាតិឱ្យមកជួយសង្គ្រោះអ្នកដែលរងរបួសដួលសន្លប់រួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោកវរសេនីយ៍ត្រីម៉ែន សុឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៧ កុម្ភៈ មានហេតុការណ៍ផ្ទុះអាគុយនៅក្នុងរោងចក្រគ្រីស្តាល់ម៉ាទីន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG បណ្តាលឱ្យកម្មករចំនួន៧៧នាក់ដួលសន្លប់ ប៉ុន្តែពួកគេមិនមានរងរបួសធ្ងន់ធ្ងរដល់បាត់បង់ជីវិតនោះទេ ។ មូលហេតុនៃការផ្ទុះអាគុយនេះទំនងជាមានការឆ្លងចរន្តអគ្គិសនី ហើយបានធ្លាយចំហាយឧស្ម័នបង្កើតឱ្យមានក្លិនធ្វើឱ្យកម្មករថប់ដង្ហើម ។ នៅក្នុងរោងចក្រគ្រីស្តាល់ម៉ាទីននេះ មានកម្មករកំពុងបម្រើការងារចំនួន៣.១០០នាក់ ។ លោកអធិការបានឱ្យដឹងទៀតថា ក្រោយពីមានហេតុការណ៍ផ្ទុះអាគុយបណ្តាលឱ្យកម្មករ៧៧នាក់ដួលសន្លប់នោះនៅក្នុងរោងចក្រមិនមានកម្មករនៅទៀតទេ គឺបាននាំគ្នាចេញទៅផ្ទះអស់។ ដោយឡែក សមត្ថកិច្ចនិងអាជ្ញាធរក៏បានចុះទៅស៊ើបអង្កេតរកមូលហេតុ ដែលបង្កឱ្យមានហេតុការណ៍ខាងលើនេះ ។ ចំណែកកម្មករដែលរងរបួសដួលសន្លប់កំពុងស្ថិតក្នុងមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ហើយក៏មានស្ថាប័នពាក់ព័ន្ធជួយជ្រោមជ្រែងសម្រាប់ព្យាបាលផងដែរ ។
តំណាងក្រុមកម្មករបានលើកឡើងថា រោងចក្រគ្រីស្តាល់ម៉ាទីន នេះថៅកែរោងចក្រមានការធ្វេសប្រហែសណាស់ សូម្បីតែបរិស្ថាននៅក្នុងរោងចក្រក៏មានភាពអាប់អួដែរ និងជាញឹកញាប់តែងតែមានការធ្លាយចំហាយឧស្ម័នជះក្លិនពេញក្នុងរោងចក្រធ្វើឱ្យកម្មករពុលក្អួតចង្អោរដួលសន្លប់ តែមិនធ្ងន់ធ្ងរដូចពេលនេះទេ ។ តំណាងក្រុមកម្មករក៏បានសំណូមពរដែរ ដល់ក្រសួងមន្ទីរ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយចុះមកពិនិត្យមើល និងជួយចាត់វិធានការធ្វើយ៉ាងឱ្យថៅកែរោងចក្រគ្រីស្តាល់ម៉ាទីន គិតគូរពីសុខភាពរបស់កម្មករដែលបម្រើការងារនៅក្នុងរោងចក្រនេះផង ៕
ចែករំលែកព័តមាននេះ