ខេត្តកំពង់ចាម ៖ ស្រ្ដីម្នាក់អាយុជាង៣០ឆ្នាំ ដែលមានសតិមិនប្រក្រតី និងប្រាប់គេឯងថារស់នៅវិហារសួគ៌ ខេត្ដកណ្ដាល បានដើរចូលផ្ទះវីឡាមួយដែលកំពុងសាងសង់នៅច្រកចូលវត្ដក្រឡា ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ កុម្ភៈ ។ រហូតដល់ម៉ោងជាង១២ថ្ងៃត្រង់ ស្រាប់តែឡើងលើបង្គោលភ្លើងអគ្គិសនីវិះតែឆក់ស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្ដរាគមន៍ឱ្យស្រ្ដីរូបនេះចុះមកដីវិញ ។
តាមស្រ្ដីចំណាស់ឈ្មោះ នាង ម៉ាច អាយុ ៦០ឆ្នាំ រស់នៅភូមិត្រពាំងចារ ឃុំក្រឡា បានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ កុម្ភៈ គាត់បានឃើញស្រ្ដីម្នាក់នេះដែលមិនមែនជាអ្នកភូមិរបស់គាត់ទេ បានដើរចូលទៅសម្ងំនៅក្នុងផ្ទះវីឡាដែលគេសាងសង់ជិតរួចរាល់អស់ជាច្រើនម៉ោង រួចឡើងទៅជាន់ខាងលើទៀតដោយបានដោះសម្លៀកបំពាក់ចេញសល់តែអាវក្នុង និងខោក្នុងប៉ុណ្ណោះ ។ ស្រ្ដីចំណាស់ដដែលប្រាប់បន្ដថា ទោះបីម្ចាស់ផ្ទះវីឡានោះបានលួងលោម ដោយប្រើពាក្យសម្ដីយ៉ាងផ្អែមយ៉ាងណាក្ដី ក៏ស្រ្ដីនោះមិនចុះទេ ទើបកូនប្រសាប្រុសរបស់គាត់ឡើងទៅបីលើកចុះមកដី ដោយបានដាក់ឱ្យអង្គុយនៅក្នុងរោងខាងមុខផ្ទះ ។ អ្នកភូមិដែលមានក្ដីអាណិតអាសូរបានឱ្យសម្លៀកបំពាក់ដើម្បីស្លៀកពាក់ធម្មតាវិញ បន្ទាប់មកស្រ្ដីនោះបាននិយាយទាំងសតិមិនប្រក្រតីថា «នាងជិះយន្ដហោះត្រឡប់ពីប្រទេសម៉ាឡេស៊ីមកកម្ពុជា» ជាមួយនោះថែមទាំងបន្លឺពាក្យថា «អញ ចាញ់បោកឯងបានតែម្ដងទេ»។ បន្ទាប់មកស្រ្ដីនេះបានដើរចុះឡើងៗនៅតាមផ្លូវជាតិលេខ៧ តែមិនមានអ្នកណាចាប់អារម្មណ៍ទេបន្ទាប់មក ស្រាប់តែឃើញឡើងលើបង្គោលភ្លើងអគ្គិសនីក្បែរហាងលក់គុយទាវមួយអស់ជាច្រើននាទីធ្វើឱ្យមនុស្សម្នាក្មេងចាស់ប្រុសស្រី នាំគ្នាឈប់កង់ម៉ូតូនិងរថយន្ដមើលព្រោងព្រាត ។
សាក្សីម្នាក់បានប្រាប់ឱ្យដឹងថា ក្នុងពេលស្រ្ដីរូបនោះឡើងបង្គោលភ្លើងអគ្គិសនីត្រូវបានកម្លាំងនគរបាលស្រុកកំពង់សៀម រួមជាមួយនគរបាលប៉ុស្ដិ៍ឃុំក្រឡា ចុះទៅអន្ដរាគមន៍ដោយបានហៅស្រ្ដីនោះប្រើពេលយ៉ាងយូរទើបចុះមកវិញ ប្រសិនណាបើបន្ដឡើងទៅលើទៀតនឹងត្រូវចរន្ដអគ្គិសនីឆក់ស្លាប់មិនខានឡើយ ។ លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមបានប្រាប់ឱ្យដឹងថា ស្រ្ដីរូបនោះបានឡើងលើបង្គោលភ្លើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ កុម្ភៈ ហើយបើតាមរយៈការនិយាយស្ដីអាចបញ្ជាក់ថា ស្រ្ដីនោះកើតជំងឺសរសៃប្រសាទ ។
ក្រោយពីបានចុះពីបង្គោលភ្លើងមកដីវិញ ត្រូវបានអង្គភាពអគ្គិសនីខេត្ដដឹកចេញពីទីនោះ ដើម្បីចៀសវាសកុំឱ្យឆក់ស្លាប់។ ដោយសារមិនស្គាល់អត្ដសញ្ញាណ ទើបមិនដឹងថា ស្រ្ដីរូបនេះនៅទីណា តែតាមសម្ដីដែលនិយាយថាជិះយន្ដហោះពីម៉ាឡេស៊ីមកកម្ពុជា ប្រៀបដូចជាស្រ្ដីរូបនោះអាចជាពលករទៅធ្វើការនៅម៉ាឡេស៊ី ព្រោះស្រ្ដីច្រើននាក់ហើយតែងមានសតិមិនប្រក្រតីពេលត្រឡប់មកវិញ ៕
ចែករំលែកព័តមាននេះ