រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ កុម្ភៈ បានសម្រេចឃុំខ្លួនយុវជនម្នាក់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស គឺបង្ករបួសស្នាមលើអ្នកដទៃ ។ លុះនៅព្រឹកថ្ងៃទី២៧ កុម្ភៈ ស្រាប់តែឪពុកម្តាយ និងសាច់ញាតិយុវជនជាប់ចោទបាននាំគ្នាមកយំស្រែកនៅមុខសាលាដំបូងសុំឱ្យដោះលែងកូនរបស់គាត់វិញ ។
ការនាំគ្នាទៅយំស្រែកបែបនេះ មិនធ្លាប់មានទេកន្លងមកទាក់ទិននឹងបទល្មើសព្រហ្មទណ្ឌ ។ ទោះបីជាបែបណា មន្ត្រីតុលាការនិយាយថា នេះមិនមែនជាដំណោះស្រាយតាមផ្លូវច្បាប់នោះទេ ពិតណាស់ថាញាំុងឱ្យមានការអាណិត ផ្ទុយទៅវិញបើកូនយើងប្រព្រឹត្តខុសហើយ ត្រូវតែមានទោស ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ កុម្ភៈ លោក ឆែ វីរៈ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការឃុំខ្លួនយុវជនម្នាក់ឈ្មោះ វន់ លី អាយុ១៧ឆ្នាំ ជាអ្នករត់តុ នៅហាងលក់សាច់អាំង «ហាងហាង២» ស្ថិតនៅផ្លូវលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ។
យុវជនជាប់ចោទមានឪពុកឈ្មោះ ប្រាក់ ឌៀង ម្តាយឈ្មោះ ញ៉ាវ ណាង ជាកសិករ មានទីលំនៅ ភូមិទន្លេរនាម ឃុំចំបីុ ស្រុកអង្គរជ័យ ខេត្តកំពត ។ ទាក់ទិននឹងការចាប់ខ្លួនគឺ កាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមកនេះ ឈ្មោះ វន់ លី និងមិត្តភក្តិបានមានជម្លោះទាស់ទែងគ្នាជាមួយយុវជន១ក្រុមទៀត និងកើតមានការវាយតប់គ្នាទៅវិញទៅមក ហើយពេលនោះឈ្មោះ វន់ លី បានប្រើដុំថ្មគប់ទៅលើក្រុមម្ខាងទៀត បណ្តាលឱ្យមានរបួសស្នាមតិចតួច ។ ក្រោយពីកើតមានអំពើហិង្សានោះ ភាគីម្ខាងទៀតនោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច និងបានចោទប្រកាន់យុវជនឈ្មោះ វន់ លី ថាជាអ្នកប្រព្រឹត្តអំពើហិង្សា ។ បន្ទាប់ពីមានពាក្យបណ្តឹង នគរបាលខណ្ឌទួលគោក បានធ្វើរបាយការណ៍ដាក់ចូលទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំបើកការសើុបអង្កេតបឋម ។ នៅថ្ងៃទី២៤ កុម្ភៈ នគរបាលខណ្ឌទួលគោក បានហៅឈ្មោះ វន់ លី ទៅសាកសួរលើសាច់រឿងដែលភាគីម្ខាងចោទប្រកាន់ ។ នៅចំពោះមុខសមត្ថកិច្ច ក៏ដូចជាតំណាងអយ្យការ យុវជនឈ្មោះ វន់ លី បានសារភាពសីុសង្វាក់ទៅនឹងបទល្មើស ដែលសមល្មមឱ្យលោកព្រះរាជអាជ្ញាចោទប្រកាន់បាន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងតម្រូវបញ្ជូនសំណុំរឿងឱ្យទៅចៅក្រមសើុបសួរសម្រេចឃុំខ្លួន ។
នៅពេលនគរបាលហៅទៅសាកសួរនោះឪពុកម្តាយ និងសាច់ញាតិយុវជនរូបនេះបានព្យាយាមទៅយំស្រែក ព្រមទាំងអង្វរករសមត្ថកិច្ចនគរបាលសុំឱ្យមានការដោះលែងដែរ តែសមត្ថកិច្ចមិនហា៊ន ព្រោះខុសនឹងនីតិវិធីច្បាប់។ លុះដល់ពេលតុលាការសម្រេចឃុំខ្លួនក្រុមគ្រួសារ និងសាច់ញាតិយុវជននេះក៏តាមមកយំស្រែកនៅមុខសាលាដំបូងទៀត ។ ដោយពុំមានលទ្ធផលឬអន្តរាគមន៍ពីមជ្ឈដ្ឋានណានោះ អស់រយៈពេលជាង១ម៉ោង ក្រុមគ្រួសារ និងសាច់ញាតិរបស់យុវជនជាជនជាប់ចោទឈ្មោះ វន់ លី ក៏បានចាកចេញបាត់អស់ទៅ ៕
ចែករំលែកព័តមាននេះ