រាជធានីភ្នំពេញ ៖ ក្រុមអ្នករត់រុឺម៉កម៉ូតូ មកពីសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ជាង១០០នាក់ រួមនឹងរុឺម៉កម៉ូតូចំនួនជាង១០០គ្រឿងផង បានលើកគ្នាមកធ្វើការតវ៉ានៅមុខការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានី ភ្នំពេញ ដើម្បីទាមទារឱ្យដោះលែងរុឺម៉កម៉ូតូមួយគ្រឿង ដែលបានចាប់ទុកកាលពីល្ងាចថ្ងៃទី២៦ កុម្ភៈ កន្លងមក ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ កុម្ភៈ នៅខាងមុខការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ តាមបណ្តោយផ្លូវលេខ១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ព្រោះចាប់ទុកមួយយប់ហើយ នៅមិនទាន់ដោះលែងទៀត ។ ការលើកគ្នាមកតវ៉ាទាមទារនេះ ក៏បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ ។ ប្រភពព័ត៌មានពីម្ចាស់រុឺម៉កម៉ូតូដែលត្រូវនគរបាលសណ្តាប់ធ្នាប់ចាប់យកមកនោះ ឈ្មោះ ណុប រុំ អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និយាយថា កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៦ កុម្ភៈ គាត់បានបើករុឺម៉កម៉ូតូទៅរកម៉ូយ ហើយបានចតរុឺម៉កម៉ូតូនៅផ្លូវ ក្បែរផ្សារអូឡាំពិកមួយភ្លែត ក៏ត្រូវនគរបាលសណ្តាប់ធ្នាប់ចាប់រុឺម៉កម៉ូតូរបស់គាត់ យកទៅរក្សាទុកនៅការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញតែម្តង ។
ម្ចាស់រុឺម៉កម៉ូតូរូបនេះ និយាយទៀតថា រូបគាត់តែងតែប្រកបរបររត់រុឺម៉កម៉ូតូនៅផ្សារអូឡាំពិករាល់ថ្ងៃ ហើយកន្លងមកក៏ធ្លាប់ត្រូវនគរបាលសណ្តាប់ធ្នាប់ចាប់ម្តងដែរ ដោយទារថ្លៃផាកពិន័យ២មុឺនរៀល តែគាត់ឱ្យតែ៥ពាន់រៀល ក៏បានដោះលែងវិញ ។ លុះនៅល្ងាចថ្ងៃទី២៦ កុម្ភៈ ក៏យករុឺម៉កម៉ូតូរបស់គាត់មករក្សាទុកដោយមិនបាននិយាយថាយ៉ាងណានោះទេ ។ រហូតមកដល់ថ្ងៃទី២៧ កុម្ភៈ ដោយសារតែមកដោះស្រាយដើម្បីយករុឺម៉កម៉ូតូវិញ មិនមានមន្ត្រីនគរបាលណាម្នាក់ចេញមកដោះស្រាយសោះ ដូចយកមកទុកចោល ទើបលើកគ្នាមកតវ៉ាតែម្តង ។ លោក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ដោយសារតែនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ តែងតែបង្កការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងការចតយានយន្តគ្រប់ប្រភេទគ្មានសណ្តាប់ធ្នាប់ ទើបកម្លាំងការិយាល័យរបស់លោកបានឃាត់យកមកទុកខ្លះ ដើម្បីជាការព្រមាន ។ កន្លងមក កងកម្លាំងរបស់លោកមិនដែលផាកពិន័យទេ គឺគ្រាន់តែណែនាំប៉ុណ្ណោះ ។ ជាក់ស្តែងករណីចាប់រុឺម៉កម៉ូតូ កាលពីល្ងាចថ្ងៃទី២៦ កុម្ភៈ គឺដោយសារតែការចត មានភាពរញ៉េរញ៉ៃនិយាយមិនស្តាប់ ទើបកងកម្លាំងរបស់លោកឃាត់យកមកទុកជាការព្រមានទៅថ្ងៃក្រោយប៉ុណ្ណោះ ។
ម្ចាស់រុឺម៉កម៉ូតូនេះ មានឈ្មោះនៅក្នុងសមាគមរបស់គេ ទើបបានជាគេលើកគ្នាមក ហើយក៏បានប្រគល់ទៅឱ្យម្ចាស់វិញហើយដែរ បន្ទាប់ពីមានការពិភាក្សា និងណែនាំជាមួយនឹងអ្នកតំណាងរួចមក ៕
ចែករំលែកព័តមាននេះ