ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ទើប​កើត​ថ្មី​តែ​ក្រីក្រ​…​មាន​ប្រវត្តិ​ទាក់​ទង​​សម័យ​ឧដុង្គផង

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ថ្វី​ដ្បិត​ជា​វត្ត​ទើបនឹង​កើតក្តី​តែ​វត្ត​នេះ​ មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​មុន​កើត​ក្រុង​ឧដុង្គ​ទៅ​ទៀត ។ ចំណែក​អ្នក​ដែល​បន្សល់​ស្លាកស្នាម​វិញ គឺ​ម្នាក់​ជា​មេទ័ព ហើយ​ម្នាក់​ទៀត​ជា​ស្តេច​ផែនដី។បើ​យើង​ធ្វើ​ដំណើរ​ពី​ផ្លូវបំបែក​ច្បារមន តាម​បណ្តោយ​ផ្លូវ​លេខ​៤៤ នឹង​ទៅ​ដល់​រង្វង់​មូល​ផ្សារ​កន្ទួត…

ខេត្តកំពង់ស្ពឺ ៖ ថ្វី​ដ្បិត​ជា​វត្ត​ទើបនឹង​កើតក្តី​តែ​វត្ត​នេះ​ មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​មុន​កើត​ក្រុង​ឧដុង្គ​ទៅ​ទៀត ។ ចំណែក​អ្នក​ដែល​បន្សល់​ស្លាកស្នាម​វិញ គឺ​ម្នាក់​ជា​មេទ័ព ហើយ​ម្នាក់​ទៀត​ជា​ស្តេច​ផែនដី។
បើ​យើង​ធ្វើ​ដំណើរ​ពី​ផ្លូវបំបែក​ច្បារមន តាម​បណ្តោយ​ផ្លូវ​លេខ​៤៤ នឹង​ទៅ​ដល់​រង្វង់​មូល​ផ្សារ​កន្ទួត បត់​ស្តាំ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ និង​មាន​ខ្លោងទ្វារ​ក្រុមហ៊ុន​មួយ​ចូល​ទៅ​ប្រហែល​២​គីឡូម៉ែត្រ នឹង​ឃើញ​វត្ត​មួយ​នោះ គឺ​វត្ត​គោល ។ វត្ត​គោល​នេះ​ត្រូវ​បាន​កសាង​ឡើង ដោយសារ​តែ​មាន​ស្លាកស្នាម​ដែល​បន្សល់​ទុក​ពី​បុព្វបុរស​ខ្មែរ​ជំនាន់​ដើម​ដែល​ម្នាក់​ជា​ក្សត្រ​ដ៏​អង់អាច​ហើយ​ម្នាក់​ជា​មេទ័ព​ដ៏​ក្លាហាន​នា​សម័យ​នោះ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​ព្រះ​តេជគុណ ហែម ម៉ូ​រី ព្រះ​ជន្ម​៧០​វស្សា ចៅអធិការ​វត្តមាន​សង្ឃដីកា​
ថា​ ទីតាំង​វត្តមាន​ប្រ​វត្ត​ទាក់ទង នឹង​ប្រវត្តិសាស្ត្រ​ខ្លះ​ដែរ ដោយ​សម័យ​លង្វែក​ស្តេច​អង្គឌួង និង​មេទ័ព​ដ៏​ក្លាហាន​របស់​ទ្រង់​អនុជ​អង្គភឹម ក្រោយ​ពី​សៀម​វាយ​បែក​បន្ទាយលង្វែក​ក៏​បាន​នាំ​ទ័ព​មក​បោះទីតាំង​នៅ​បរិវេណ​វត្ត​សព្វ​ថ្ងៃនេះ ។ ការ​បោះជំរំ​ទ័ព គឺ​អង្គភឹម ដែល​ជា​មេទ័ព​បាន​បញ្ចុះ​(​ដាំ​)​សសរ​គ្រឹះ​យ៉ាង​រឹង​មាំ​ដើម្បី​ការពារ​ការ​វាយប្រហារ​របស់​សត្រូវ ។ ការ​រស់នៅ​ក្នុង​ព្រៃ​ជាប់​នឹង​ជើងភ្នំ​ឱ​រ៉ា​ល់​នេះ​ស្តេច​អង្គឌួង​និង​អនុជ​ករ​ទ័ព​បាន​យ៉ាងច្រើន​ហើយ​ក៏​ត្រឡប់​ទៅ​ច្បាំង​ជាមួយ​សៀម​ដើម្បី​ដណ្តើម​យក​ក្រុង​លង្វែក​ជា​ថ្មី ។

ការ​ច្បាំង​លើក​នេះ​ក្រោយ​ពី​បាន​ទទួល​ជ័យជម្នះ​លើ​សៀម​ហើយ​ស្តេច​អង្គឌួង មិន​បាន​តាំង​រាជធានី​នៅ​លង្វែក​ដូច​មុន​នោះ​ទេ គឺ​ព្រះ​អង្គ​បាន​នាំ​សេនា​រេហ៍ពល​មក​តាំង​រាជធានី​នៅ​ទន្លេ​ឧដុង្គ​វិញ​ម្តង ។ ក្រោយមក​ស្តេច​អង្គឌួង​ក៏​សោយ​ទិវង្គត​បុត្រ​របស់​ព្រះ​អង្គ​ព្រះ​នាម​អង្គអេង​ឡើង​សោយរាជ​បន្ត​ពី​ព្រះ​បិតា​នៅ​ឆ្នាំ​1866(​មិន​ច្បាស់​)​ហើយ​ក៏​លើក​មក​តាំង​រាជធានី​នៅ​ទន្លេចតុម្មុខ​វិញ​ម្តង ។

បើ​តាម​តា​យាយ​ដែល​រស់នៅ​រក្សាសីល​បាន​ខ្សឹប​ថា វត្ត​អង្គ​គោល​នេះ​មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ​ណាស់ បើ​អ្នក​ណា​មាន​បំណង​មិនល្អ ណាមួយ​គឺ​មិន​អាច​ចូល​បរិវេណ​វត្ត​នេះ​បាន​ឡើយ ។ តែបើ​អ្នក​ដែល​មាន​បំណង​ល្អ ដូច​ជា​បន់ស្រន់​សុំ​ឱ្យ​បារមី​ជួយ​សម្រេច​បំណង​របស់​គេ​ក្នុង​កាលៈទេសៈ​អ្វីមួយ​នោះ ប្រាកដជា​សម្រេច​ជោគជ័យ​ដូច​បំណង​ជាក់​ជា​មិន​ខាន​ឡើយ ។ កន្លង​មក​មាន​ក្រុម​មនុស្ស​ខិលខូច​មក​ទន្ទ្រាន​រុករក​វត្ថុ បុរាណ​ក្នុង​បរិវេណ​វត្ត​ប្រាកដជា​សមត្ថកិច្ច​មក​ដល់​ហើយ​ចាប់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។

វត្ត​គោល​ស្ថិត​នៅ​លើ​ផ្ទៃដី​ទំហំ​៧,៥​ហិ​កតា ស្ថិត​ក្នុង​បរិវេណ​ក្រុមហ៊ុន​អេ​ច​អិ​ល​អេ​ច ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​មានការ​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០១៧ ។ ថ្វី​ដ្បិតតែ​វត្ត​នៅ​តំបន់​ដាច់​ស្រយាល​ក្តី តែ​ចំពោះ​ចង្ហាន់​វិញ គឺ​អាច​និយាយ​បាន​ថា​សម​ល្មម​សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃ​១០​អង្គ​បាន ។ អ្វី​ដែល​តា​យាយ​ចង់បាន​មុនគេ​នោះ គឺ​សាលាឆាន់ ហើយ​បន្ទាប់​មក គឺ​ព្រះ​វិហារ​បន្ទាប់​មក​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ក្នុង​វត្ត ។

បច្ចុប្បន្ន ​បើ​មាន​សប្បុរសជន​ជួយ​កសាង​សាលាឆាន់ និង​ព្រះ​វិហារ​នោះ​តា​យាយ​ពិតជា​សប្បាយចិត្ត​ណាស់ ក្នុង​នេះ​លោកតា​លោកយាយ​សំណូមពរ​ដល់​លោក វុ​ី សំណាង អភិបាលខេត្ត​ជា​ពិសេស​លោក ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ និង​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជួយ​ទំនុកបម្រុង និង​ជួយ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​វត្ត​មួយ​នេះ​ផង ដើម្បី​ទុកជា​កេរ្តិ៍​ដំណែល​សាសនា​និង​ជា​កេរ្តិ៍​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ