​មង្គ​ល​ការ​ក្លាយជា​សោកនាដកម្ម​ដ៏ធំ​​… សម្លាប់​មនុស្ស​យ៉ាងតិច​៦៣​នាក់


ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មង្គលការ​មួយ​នៅ​ក្រុង​កា​ប៊ុល​ រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ​កាលពី​យប់​ថ្ងៃ​ទី​១៧​សីហា បាន​ក្លាយទៅជា​សោកនាដកម្ម​ធំ​មួយ ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ដែល​កើត​មាន នា​វេលា​​ម៉ោង​២២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​។

អ្នកនាំពាក្យ​ម្នាក់ របស់​ក្រសួង​មហា​ផៃ្ទ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​ណា​ស្ត្រា​ត​រ៉ា​ហ៊ី​មី​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ​នៅ​ភាគ​ខាងលិច​ក្រុង​កា​ប៊ុល​សម្លាប់​មនុស្ស​យ៉ាងតិច​៦៣​នាក់​ហើយ​មនុស្ស​១៨២​នាក់​ទៀត​រង​របួស​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​នារី​និង​កុមារ​ជា​ច្រើន​នាក់​។ នោះ​ជា​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

សាក្សី​ម្នាក់​ដែល​ជា​អ្នកចូលរួម​ក្នុង​ពិធីការ​នោះ​ដែរ​រៀបរាប់​ថា ពេល​ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្នុង​រោងការ​ខាង​ផ្នែក​សម្រាប់​នារី ក៏​ស្រាប់តែ​ឮ​ស្នូរ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ ក្នុង​ផ្នែក​រោងការ​សម្រាប់​បុរស​។ មនុស្ស​ម្នា​ភ័យ​នាំ​គ្នា​រត់​ហើយ​ស្រែក​យប់​។ កន្លែង​ការ​មាន​ផ្សែងហុយ​ពេញ ហើយ​អ្នក​នៅ​ក្នុង​រោងការ​ខាង​ផ្នែក​បុរស​ត្រូវ​ស្លាប់​ឬ​របួស​រដូករណែល​។

ចំណែក​អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​តា​លី​បង់​នា​ព្រឹក​ថ្ងៃ​ទី​១៨​សីហា បាន​បដិសេធ​ការ​ចូលរួម​របស់​ក្រុម​គេ​ក្នុង​ការ​វាយប្រហារ​នេះ​។ អ្នកនាំពាក្យ​រូប​នោះ​និយាយ​ថា ពួក​តា​លី​បង់​ថ្កោលទោស​យ៉ាង​មឺ​ុ​ង​ម៉ាត់ ការ​វាយប្រហារ​ភេរវកម្ម ប្រឆាំង​ជន​សី​ុ​វិល​នៅ​ក្រុង​កា​ប៊ុល ដោយ​អះអាង​ថា​ការ​វាយប្រហារ​បែប​នេះ ជា​ការ​ធ្វើឃាត​យ៉ាង​ងងើល​និង​សាហាវព្រៃផ្សៃ ដែល​យក​គោលដៅ​ប្រឆាំង​នារី​និង​កុមារ ដែល​គ្មាន​ហេតុផល​ណាមួយ​លើកយក​មក​សម្អាង​ឡើយ​។ សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​ក្រុម​ភេរវកម្ម​មួយ​ទៀត​តែង​ប្រព្រឹត្ត​ការ​វាយប្រហារ​ភេរ​កម្ម​នានា អាច​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នោះ​។

ការ​វាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​ទី​១៧​សីហា កើត​មាន​ខណៈ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន សង្ឃឹមលើ​ការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ រវាង​សហរដ្ឋអាមេរិក​និង​ពួក​តា​លី​បង់ ដែល​នឹង​បើកផ្លូវ​ទៅ​រក​ការ​ចរចា​បង្រួបបង្រួម​គ្នា រវាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ពួក​តា​លី​បង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ