អតីតកីឡាករ Alex Rodriguez បានរៀនសូត្រពីការគ្រប់គ្រងលុយកាក់តាំងពីក្មេង ។ លោកបានចុះកុងត្រាដែលមានតម្លៃដល់ទៅ ១.៣ លានដុល្លារបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ។ បច្ចុប្បន្ននេះលោកមានអាយុ៤៣ឆ្នាំហើយ លោកចង់បង្រៀនដល់កូនៗទាំងពីររបស់លោកដែលមានអាយុ១១និង១៤ឆ្នាំ ឲ្យចេះធ្វើការសម្រេចចិត្តសំខាន់ៗដែលទាក់ទិននឹងលុយ ដូច្នេះលោកក៏តែងតែបង្រៀនដល់កូនពីលុយ និងការធ្វើអាជីវកម្មរាល់ពេលនៅក្នុងរថយន្ត ។ មេរៀនមួយដែលលោកបានបង្រៀនដល់កូនស្រីលោកទាំងពីរ គឺវិនិយោគពេលនៅក្មេង ។ បន្ទាប់ពីលោកឲ្យលុយដល់កូនៗ ដើម្បីវិនិយោគលើភាគហ៊ុនកាលពី៥ឆ្នាំមុនមកលោកបានឲ្យដឹងថា ពួកគេរកប្រាក់ចំណេញវិញបានទ្វេដងទៅហើយ ។
លោក Rodriguez ត្រូវបានពិន័យមិនឲ្យចូលរួមការប្រកួតកាលពីឆ្នាំ២០១៤ ព្រោះតែមានការចោទប្រកាន់ថា លោកបានប្រើថ្នាំប៉ូវកម្លាំង ។ លោកបានលះបង់មុខរបរជាកីឡាករនេះក្នុងឆ្នាំ២០១៦ ហើយបច្ចុប្បន្នលោកជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន A-Rod Corp ។
ការវិនិយោគ គឺស្ថិតក្នុងចំណោមវិធីរកលុយដែលមានប្រសិទ្ធិភាពជាងគេ ហើយពេលដែលអ្នកចាប់ផ្តើមកាន់តែក្មេង អ្នកក៏ទទួលបានអត្ថប្រយោជន៍បានកាន់តែច្រើនដែរ ។ ដោយហេតុដូចនេះបានជាលោក Rodriguez បានផ្តល់ដំបូន្មានដល់កីឡាករក្មេងៗដែលរកប្រាក់ចំណូលបានច្រើននៅអាយុខ្ទង់២០ និង៣០ឆ្នាំឲ្យយកលុយទៅវិនិយោគឲ្យបានលឿន ។ លោកបានប្រាប់ដល់សារពត៌មាន CNBC កាលពីដើមឆ្នាំកន្លងមកថា «អ្នកមានឱកាសច្រើនប្រសិនបើអ្នកចេះរិះលុយ និងអ្នកវាងវៃក្នុងការប្រើលុយពេលនៅក្មេង» ។
ទោះជាកូនស្រីរបស់លោកទាំងពីរនៅមិនទាន់យល់ដឹងច្រើនពីការប្រើប្រាស់លុយពិតមែនក្តី លោកនៅតែខិតខំប្រឹងប្រែងបន្តព្រោះដូចលោកមហាសេដ្ឋី Warren Buffett បានទូន្មានលោក «ការបង្រៀនកូនៗពីទម្លាប់ទុកដាក់លុយបានល្អពេលនៅក្មេងផ្តល់ឱកាសឲ្យកូនៗជោគជ័យពេលដែលពួកគេធំពេញវ័យ» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ