ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​អន្តរជាតិ​ឆមាស​ទី​១​ជាង​១៧​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​ធំ​ជាង​នាំ​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អន្តរជាតិ​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​កំណើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ តែ​អ្វី​ដែល​មិន​ប្រែប្រួល​នោះ គឺ​ឱនភាព​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ជាមួយនឹង​ពិភពលោក​នៅ​តែ​ចោទ​ដដែល​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​មាន​ទំហំ​តិច​ជាង​ការ​នាំ​ចូល​ស្ទើរតែ​ពាក់កណ្ដាល ។ យោង​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា​បានអោយ​ដឹង​ថា ក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អន្តរជាតិ​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​កំណើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ តែ​អ្វី​ដែល​មិន​ប្រែប្រួល​នោះ គឺ​ឱនភាព​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ជាមួយនឹង​ពិភពលោក​នៅ​តែ​ចោទ​ដដែល​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​មាន​ទំហំ​តិច​ជាង​ការ​នាំ​ចូល​ស្ទើរតែ​ពាក់កណ្ដាល ។

យោង​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា​បានអោយ​ដឹង​ថា ក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ ២០១៩​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សរុប​មាន​ចំនួន​១៧,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​ដែរ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​មាន​ទឹកប្រាក់​ប្រមាណ​៦,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​នាំ​ចូល​មក​វិញ​នូវ​ទំហំ​ទឹកប្រាក់​ប្រមាណ​១០,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ របាយការណ៍​ដដែល​បង្ហាញ​ផង​ដែរ​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ស្មើនឹង​ប្រមាណ​៤៨,៨​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​ការ​នាំ​ចូល​វិញ​មាន​រហូត​ដល់​៧៣,៦​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

តាម​តួលេខ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយនឹង​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មាន​ខ្ពស់ ដោយ​តួលេខ​បាន​បង្ហាញ​ច្បាស់​ថា ការ​នាំ​ចេញ​មាន​តិច​ជាង​ការ​នាំ​ចូល​ជិត​ពាក់​កណ្ដា ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា ក្រសួងពាណិជ្ជកម្ម​ដែល​ជា​អ្នក​ស្វែង​ទីផ្សារ​សម្រាប់​ផលិតផល​ខ្មែរ​បាន និង​កំពុង​ចរចា​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ទាំង​ឯកតោភាគី​និង​ទ្វេភាគី ដើម្បី​នាំ​ផលិតផល​ខ្មែរ​ឱ្យ​បាន​កាន់តែ​ច្រើន ។ នៅ​ពេល​ដែល​កម្ពុជា​ចរចា​ទីផ្សារ​បាន​ភារកិច្ច​បន្ទាប់ គឺ​វិនិយោគិន​ជាតិ និង​អន្តរជាតិ ក្នុង​ការ​កែ​ច្នៃ​ផលិតផល ដើម្បី​នាំ​ចេញ​ទៅ​តាម​តម្រូវការ​ទីផ្សារ​អន្តរជាតិ ។ លោក​បាន​បន្ត​ថា «​ការ​នាំ​ចេញ​ផលិតផល​កែ​ច្នៃ នឹង​អាច​ជំរុញ​ទំហំ​ទឹកប្រាក់​នាំ​ចេញ​របស់​យើង​កាន់តែ​ច្រើន ពីព្រោះ​ផលិតផល​កែ​ច្នៃ​វា​មាន​តម្លៃ​ខ្ពស់​ជាង​ផលិតផល​មុន​កែ​ច្នៃ ដូច្នេះ​យើង​នឹង​បាន​តម្លៃបន្ថែម​ខ្ពស់ » ។

បើ​តាម​លោក​ប៉ាន សូរ​ស័ក្តិ​បាន​បន្ត​ថា ប្រមុខ​រាជរដ្ឋាភិបាល​ប្ដេជ្ញា​នឹង​ជំរុញ​ការ​ចរចា​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ហៅ​កាត់​ថា RCEP ឱ្យ​ចប់​នៅ​ចុងឆ្នាំ​នេះ ដែល​កិច្ចព្រមព្រៀង​នេះ វា​មាន​សារសំខាន់​ក្នុង​ការ​នាំ​ចេញ​នូវ​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជា​ដៃគូរ​ក្នុង​កិច្ចព្រមព្រៀង ។ កិច្ចព្រមព្រៀង RCEP ជាទី​ផ្សារ​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ ដែល​មាន​ចំនួន​១៦​ប្រទេស គឺ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន​៦​រួម​មាន​ប្រទេស​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាងត្បូង និង​ណូ​វ៉ែ​ល​ហ្សេ​ឡង់ ដែល​មាន​ប្រជាជន​ស្មើនឹង​ប្រមាណ​៤៥% នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក និង​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​៤០% នៃ​ពាណិជ្ជកម្ម​ពិភពលោក ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​មាន​ប្រសាសន៍​ថា​បញ្ហា​ប្រឈម​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​រួម​ទាំង​ផលិតផល​កសិកម្ម​ផង​ដែរ​នោះ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​នៅ​មាន​កម្រិត និង​ត្រូវការ​អភិវឌ្ឍន៍​បន្ថែម ដើម្បី​អោយ​ការ​នាំ​ចេញ​យើង​បាន​លឿន និង​ទៅ​ដល់​គោលដៅ​បាន​ឆាប់រហ័ស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ