ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក​ជម្រុញ​ការ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម លឹ​ម គាន​ហោ…

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​អ​ញ្ជើ្ជ​ញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។

កិច្ចប្រជុំ មានការ​អញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម លោក​ជំទាវ រដ្ឋលេខាធិការ អគ្គលេខាធិការ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ សមាជិក សមាជិកា​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា អម​ដោយ​មន្ត្រី​ជា​ជំនួយការ ព្រមទាំង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មួយ​ចំនួន​ទៀត​។

មាន​មតិ​បើក​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី លឹ​ម គាន​ហោ បាន​សំដែង​នូវ​ការ​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​​ឯកឧត្តម លោក​ជំទាវ រដ្ឋលេខាធិការ អគ្គលេខាធិការ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ សមាជិក សមាជិកា​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តាម​រយៈ​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/០៦១៩/៩២១ ចុះ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ស្តី​ពី​ការ​តែងតាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​អំពី​តួនាទី ភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា គណៈកម្មការ​ទន្លេមេគង្គ និង​ការងារ​ដែល​បាន​បំពេញ ក៏​ដូច​ជា​សមិទ្ធផល​សំខាន់​ៗ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ដែល​សម្រេច​បាន​រហូត​មក​ដល់​ពេល​នេះ​។

ទន្ទឹម​នឹង​នោះ ក៏​បាន​ជម្រាប​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​អាង​ទន្លេមេគង្គ ក៏​ដូច​ជា​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន និង​ចំពោះ​មុខ​ដែល​ត្រូវ​គិតគូរ និង​រួម​គ្នា​ដោះស្រាយ ដើម្បី​ជម្រុញ​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ស្រប​តាម​កិច្ចព្រមព្រៀង​មេគង្គ ដែល​ប្រទេស​ទាំង​បួន កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៥ ខែ មេ​សា ឆ្នាំ​១៩៩៥​។

លើស​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​អំពី​ជោគជ័យ​ដែល​កម្ពុជា បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ លើក​ទី​៣ កាលពី​ក្នុង​ខែមេសា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ក្រោម​អធិបតី​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ជា​លទ្ធផល កិច្ចប្រជុំ​កំពូល បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ ដែល​ប្រទេស​ជា​សមាជិក ត្រូវ​បន្ត​លើកកម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា និង​ភាព​ជា​ដៃគូ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​ម្ពុ​ជា ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​កន្លង​មក​បាន​ចូលរួម និង​ផ្តល់​នូវ​កិច្ចសហការ​ល្អ​ប្រសើរ​ក្នុង​ដំណើរការ​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក៏​ដូច​ជា​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​គណៈកម្មការ​ទន្លេមេគង្គ ដែល​បាន​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ចូលរួម​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​សមាជិក ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃ​អាង​ទន្លេមេគង្គ​។

កិច្ចប្រជុំ បាន​ដំណើរការ​ដោយ​បាន​ពិនិត្យ​លើ​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​ដែល​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​គណៈកម្មការ​ទន្លេមេគង្គ សម្រេច​បាន​រហូត​មក​ដល់​បច្ចុប្បន្ន និង​បន្ត​អនុវត្ត​នា​ពេល​ខាង​មុខ ។ អង្គប្រជុំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល​សម្រេច​បាន និង​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​ក្រប​ខណ្ឌ​ការងារ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិការ​តំបន់ សម្រាប់​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ក្នុង​អាង​ទន្លេមេគង្គ​។

នៅ​ក្នុង​មតិ​បូក​សរុប និង​បិទ​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី ជា​ថ្មី​ម្តងទៀត បាន​ថ្លែងអំណរគុណ ចំពោះ​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ក្នុង​ក្របខ័ណ្ឌ​ការងារ​មេគង្គ​នា​ពេល​កន្លង​មក និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្តេជ្ញា​បន្ត​ចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម និង​មាន​ប្រសិទ្ធភាព​ថែម​ទៀត ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា និង​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់ ដើម្បី​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​ភាព​ចម្រុងចម្រើន​ផ្នែក​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​និរន្តរភាព​បរិស្ថាន​ក្នុង​អាង​ទន្លេ​មេ​ង្គ ៕​ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ