លៀង ចាន់​ឡា រំភើប​រលីងរលោងទឹកភ្នែក​ចំពោះ​ក្ដី​អាណិត


រាជធានី​ភ្នំពេញ​៖ ដោយ​អាណិតអាសូរ​ចំពោះ​លៀង ចាន់​ឡា ដែល​ក្រលំបាក កញ្ញា​ម៉ូ​លី​កា អតីត​តារា​ចម្រៀង​ផលិតកម្ម Rock បាន​ជួយ​ឧបត្ថម្ភ​ដល់​នាង ។ លាង ចាន់​ឡា ជា​បេ​ក្ខ​នារី​ក្នុង​កម្មវិធី X Factor Cambodia រដូវ​កាល​ទី​១ ។

កញ្ញា​លៀង ចាន់​ឡា ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥០០​ដុល្លារ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែសីហា ២០១៩ នៅ​ហាង​រក្សា​សម្រស់​របស់​កញ្ញា​ម៉ូ​លី​កា ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ គ្រានោះ​កញ្ញា​ចាន់​ឡា រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក ។

កញ្ញា​ម៉ូ​លី​កា និយាយ​ថា «​ពី​ដំបូង​នាង​ខ្ញុំ​គ្រោង​ជូន​តែ​ប្រាក់​៥០០​ដុល្លារ​ប៉ុណ្ណោះ​ដល់​កញ្ញា​លៀង ចាន់​ឡា តែ​ដោយសារ​ឃើញ​សភាព​គួរ​ឲ្យ​អាណិត​ខ្លាំង​ពេក ទើប​ថែម​អង្ករ​២​ការុង មី​៥​កេស និង​ទឹក​ផ្លែ​ឈើ​៥​កេស​ទៀត ដើម្បី​ឲ្យ​គាត់​ទុក​ឲ្យ​ម្ដាយ​របស់​គាត់​ហូប ព្រោះថា​ពេល​នេះ​ឮ​ថា ម្ដាយ​របស់​ចាន់​ឡា ឈឺ​ដាក់​សេរ៉ូម​នៅផ្ទះ​»​។

តាម​រយៈ​វី​ដេ​អូ Live របស់​កញ្ញា​ម៉ូ​លី​កា ពេល​ប្រគល់​ប្រាក់ ព្រមទាំង​អង្ករ មី និង​ទឹក​ផ្លែ​ឈើ​នោះ កញ្ញា​លៀង ចាន់​ឡា មាន​អារម្មណ៍​រំភើប​រហូត​ចង់​រលីងរលោង​ទឹកភ្នែក​ព្រោះ​ការ​ឧបត្ថម្ភ​នេះ​ជា​ការ​លើកទឹកចិត្ត​ដល់​នាង​ឲ្យ​តស៊ូ​ក្នុង​ឆាកជីវិត​ថែម​ទៀត ។

ប្រិ​យ​មិត្ត​ជា​ច្រើន​បាន​សម្ដែង​ការ​គាំទ្រ​តារាចម្រៀង​ម៉ូ​លី​កា ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​នាង​ដែល​ជួយ​ដល់​កញ្ញា​លៀង ចាន់​ឡា នៅ​ពេល​ដែល​នាង​កំពុង​តែ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព ហើយ​ពេល​ឡើង​ប្រលង​ចម្រៀង​ស្លៀកពាក់​ហាក់​ពុំ​បាន​សមរម្យ ។

អតីត​តារាចម្រៀង​ផលិតកម្ម Rock កញ្ញា​ម៉ូ​លី​កា បាន​ប្រកាស ភ្លាម​ៗ​ថា នាង​នឹង​ផ្ដល់​ប្រាក់​ចំនួន​៥០០​ដុល្លារ​ដល់​កញ្ញា​លៀង ចាន់​ឡា នៅ​ពេល​ដែល​ផ្ទុះ​ឡើង​នូវ​ការ​អាណិតអាសូរ​ពី​មហាជន​តាម​ហ្វេ​ស​ប៊ុ​ក ព្រោះតែ​នាង​ក្រ និង​គ្មាន​សម្លៀក​បំពាក់​តុបតែង​ខ្លួន​សមរម្យ​ដូច​គេ ។

លាង ចាន់​ឡា ជា​ក្មេង​ស្រី​វ័យ​១៧​ឆ្នាំ​ជីវិត​ហែល​ឆ្លង​ដោយ​ការ​លំបាក ។ ដើម្បី​ជីវភាព​នាង​ត្រូវ​រ៉ាប់រង​ការ​ងារ​ច្រើន​តាំងពី​ស៊ីឈ្នួល​បោក​ខោអាវ​ឲ្យ​គេ លាងចាន​គុយទាវ ធ្វើស្រែ លក់​នំ ព្រមទាំង​ធ្លាប់​ទៅ​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី ទៀត​ផង ។ នាង​លំបាក តែ​មិន​ចុះចាញ់​ទេ គឺ​ខំ​ពុះពារ​ជាមួយ​ម្តាយ​មេម៉ាយ បន្ទាប់​ពី​ឳ​ពុក​ស្លាប់​ទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ